ដោយសារតែភាពស្លន់ស្លោខុសរឿង នឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានធ្វើឱ្យគណបក្សប្រឆាំងធ្លាក់មកដល់ចំណុចវឹកវរផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។ ចំណុចខុសឆ្គងម្តងហើយម្តងទៀតនេះ បង្ហាញថាធនធានមនុស្ស និងអ្នករៀបចំយុទ្ធសាស្ត្រនៅក្នុងគណបក្សប្រឆាំងអសមត្ថភាព និងមិនអាចប្រឈមផ្នែកនយោបាយជាមួយបក្សកាន់អំណាចបានយូរតទៅទៀតឡើយ។
តាមរយៈសមាជវិសាមញ្ញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ គឺបានបង្ហាញយ៉ាងច្បាស់ថា ពួកគេបានអនុវត្តខុស និងដើរលឿនមួយជំហ៊ានហួសនិងលក្ខន្តិកៈរបស់គណបក្សដែលបានយកទៅតម្កល់នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ ត្រង់ប្រការ ៤៧ ដែលធ្វើឱ្យក្បាលម៉ាស៊ីនដឹកនាំថ្មី ដែលទើបនឹងជ្រើសតាំងនេះគ្មានសុពលភាពខាងផ្លូវច្បាប់។ ភាពក្មេងខ្ចីខាងយុទ្ធសាស្ត្រនយោបាយ និងទន់ខ្សោយផ្នែកធនធានអ្នកច្បាប់នៅក្នុងគណបក្សនេះហើយ បានរុញច្រានគណបក្សប្រឆាំងមួយនេះឱ្យជួបនឹងវិបត្តិក្បាលម៉ាស៊ីនដឹកនាំនៅពេលដែលការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ កាន់តែខិតជិតមកដល់ ហើយក៏បានបញ្ជាក់ថាអ្វីដែល សម រង្ស៊ី បានប្រកាសដោយអំនួតថាខ្លួនសុខចិត្តលាលែងពីតំណែងជាប្រធានគណបក្ស ដើម្បីសង្គ្រោះបក្សនោះ បានក្លាយទៅជារឿងគ្មានន័យអ្វីទាំងអស់ ព្រោះតែការគិតគូរ និងដឹកនាំផ្ទៃក្នុងបក្សមិនបានវែងឆ្ងាយ ដើរវង្វេងទិសយុទ្ធសាស្ត្រនយោបាយ និងលក្ខន្តិកៈដែលខ្លួនបានតំកល់នៅក្រសួងមហាផ្ទៃ។
ខ្លឹមសារចំបងដែលបានចែងនៅក្នុងលក្ខន្តិកៈគណបក្ស ហើយតំកល់នៅក្រសួងមហាផ្ទៃនោះ គឺត្រូវកំណត់យកថ្ងៃទី១៧ ខែក្កដា ឆ្នាំ២០១២ ជាថ្ងៃបង្កើតគណបក្សសង្គ្រោះជាតិជាផ្លូវការ។ ដូចនេះនៅក្នុងអាណត្តិទី១ នៃការបង្កើតលក្ខន្តិកៈនេះ គឺមានរយៈពេល ៥ឆ្នាំ ហើយដែលត្រូវបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០១៧ ។ ក្នុងករណី ដែលប្រធានគណបក្សស្លាប់ ឬលាលែងមុនអាណត្តិ ការជ្រើសរើសប្រធានបន្តគឺត្រូវគោរពតាមលក្ខខណ្ឌពីរចំណុច ។ ត្រេទី១ នៃប្រការ៤៧ នៃលក្ខន្តិកៈ បើប្រធានគណបក្សស្លាប់ ឬលាលែង ហើយអាណត្តិដែលនៅសល់មានរយៈពេលតិចជាង១៨ខែ គឺលក្ខន្តិកៈគណបក្សតំរូវឱ្យរើសតែប្រធានស្តីទីម្នាក់ដែលមានបុព្វសិទ្ធិដូចប្រធានគណបក្សដែរ បន្ទាប់មកគណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មីមួយរូបប៉ុណ្ណោះ ពីក្នុងចំណោមសមាជិករបស់ខ្លួន ដើម្បីជួយកិច្ចការប្រធានស្តីទីគណបក្សរហូតដល់ចប់អាណត្តិ។ ចំណែក ត្រេទី២ នៃប្រការ៤៧ នៃលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ ចែងថា បើប្រធានគណបក្សស្លាប់ ឬលាលែង ដើម្បីធ្វើការជ្រើសតាំង ប្រធាន និងអនុប្រធានគណបក្សបាន គឺត្រូវមានរយៈពេលលើសពី១៨ខែ នៃអាណត្តិដែលមានរយៈពេល៥ឆ្នាំ។
ប៉ុន្តែ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ បានរៀបចំសមាជវិសាមញ្ញរបស់ខ្លួននៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដើម្បីជ្រើសតាំងប្រធានគណបក្សថ្មី និងអនុប្រធានគណបក្សរហូតដល់ទៅបីរូប ដែលផ្ទុយទាំងស្រុងទៅនឹងលក្ខន្តិកៈរបស់គណបក្ស ដែលបានយកទៅតំកល់នៅក្រសួងមហាផ្ទៃ។ ដូច្នេះហើយ ទើបក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តផ្ទុយពីលក្ខន្តិកៈត្រង់ប្រការ៤៧ ត្រេទី២ ដោយអាណត្តិនៅសល់មានរយៈពេលតិចជាង ១៨ ខែ គិតត្រឹមកាលបរិច្ឆេទ ដែលលោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ មានន័យថា ក្បាលម៉ាស៊ីនដែលបានជ្រើសរើសកន្លងមកនោះគឺគ្មានសុពលភាពស្របច្បាប់ ដើម្បីធ្វើការប្រកួតប្រជែងជាមួយគណបក្សនយោបាយផ្សេងៗទៀតនៅកម្ពុជាឡើយ។
តើលោក កឹម សុខា ត្រូវ « លាលែង ឬ លែងលា » ពីតំណែងប្រធានគណបក្សសេះហោះ នៅពេលនេះ?
ក្រុមអ្នកវិភាគបានលើកឡើងនូវជម្រើស ខ្លះៗ ដើម្បីជាការសម្រេចចិត្ត សម្រាប់ក្រុមក្បាលម៉ាស៊ីនដឹកនាំខុសលក្ខន្តិកៈ របស់គណបក្សសង្គ្រោះជាតិ ដែលមានដូចខាងក្រោម៖
ទី១ បើលោក កឹម សុខា ពិតជាមេដឹកនាំដែលគ្មានមហច្ឆិតាចង់លេបត្របាក់គណបក្សសង្គ្រោះជាតិ ទេនោះ គឺលោក និងអនុប្រធានថ្មី ទាំងបី ត្រូវធ្វើពាក្យលាលែងពីតួនាទីសេះហោះនោះសិន ហើយត្រូវធ្វើការកែតម្រូវនូវលក្ខន្តិកៈថ្មីឱ្យស្របនឹងតម្រូវការក្បាលម៉ាស៊ីនដឹកនាំជាក់ស្តែង និងត្រូវដាក់តំកល់លក្ខន្តិកៈថ្មីនោះទៅក្រសួងមហាផ្ទៃ ដើម្បីទទួលស្គាល់ជាផ្លូវការជាមុន។
ទី២ ត្រូវធ្វើការកោះប្រជុំសមាជវិសាមញ្ញជាថ្មី ដើម្បីធ្វើការជ្រើសរើស ប្រធាន និងអនុប្រធាន ឱ្យស្របតាមខ្លឹមសារនៃលក្ខន្តិកៈដែលយកទៅ តំកល់នៅក្រសួងមហាផ្ទៃ។
ប៉ុន្តែ ក្រុមអ្នកវិភាគ បានចាប់អារម្មណ៍ថា ការឡើងក្តោបក្តាប់អំណាចជាប្រធានគណបក្សរបស់លោក កឹម សុខា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នោះ គឺជាការឡើងកាន់អំណាចដោយតក់ក្រហល់ និងមានភាពចម្រូងចម្រាស់។ គេនៅចាំបានថា ក្រោយពេលដែលមានការបញ្ចុះបញ្ចូលឱ្យលោក សម រង្ស៊ី ធ្វើពាក្យលាលែងពីតំណែងប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ភ្លាម ស្រាប់តែស្អែកឡើងថ្ងៃទី១២ ខែ ឆ្នាំដដែល ក៏មានការកោះប្រជុំពីលោក កឹម សុខា ឱ្យមានការយល់ព្រមលាលែងតំណែងនោះភ្លាមៗដែរ ( អាចហៅបានថា ជាយុទ្ធសាស្ត្រ រុញស៊ីក្លូ បញ្ចូលឡាន ) ដើម្បីបានកាន់អំណាចកាន់តែឆាប់។ បន្ទាប់មក នៅក្នុងសាមាជវិសាមញ្ញនោះ គឺអវត្តមាននូវសមាជិកគណៈកម្មាធិការនាយក និងតំណាងរាស្ត្រ មួយចំនួនដែលជាកូតាមកពីគណបក្ស សម រង្ស៊ី ដូចជា លោក ជាប៉ូច លោក គង់ បូរ៉ា ជាដើម ដែលអ្នកទាំងនោះសុទ្ធតែមិនពេញចិត្ត និងបេក្ខភាពប្រធាន និងអនុប្រធានថ្មីនោះទេ។ ដូច្នេះ បើមានការលាលែងជាថ្មីរបស់លោក កឹម សុខា ដើម្បីបោះឆ្នោតជ្រើសតាំងសារជាថ្មីនោះ តើលោក កឹម សុខា អាចជាប់ជាប្រធានបក្សវិញដែរឬទេ? ពីព្រោះបើតាមកិច្ចព្រមព្រៀងគណបក្សដែលរួមគ្នា គឺតំណែងប្រធានគណបក្សសង្គ្រោះជាតិ គឺត្រូវបានទៅកូតាខាងគណបក្ស សម រង្ស៊ី មិនមែនខាងគណបក្ស សិទ្ធិមនុស្សទេ។ ត្រង់ចំណុចនេះហើយដែលធ្វើឱ្យលោក កឹម សុខា អាចនឹង មិនលាលែងពីតំណែង ហើយដែលពាក្យសាមញ្ញតែងនិយាយលេងថា « លែងលា » ពីតំណែង។ បើអញ្ចឹងមែននោះ គណបក្សសង្គ្រោះជាតិ មានរយៈពេលតែ៩០ថ្ងៃប៉ុណ្ណោះដើម្បីជ្រើសរើសប្រធានគណបក្សថ្មីដែលស្របច្បាប់ ហើយទទួលស្គាល់ដោយក្រសួងមហាផ្ទៃ នេះបើយោងតាមច្បាប់គណបក្សនយោបាយដែលទើបធ្វើវិសោធនៈកម្ម និងបានចូលជាធរមានរួចទៅហើយនោះ។ មានន័យថា គណបក្សសង្គ្រោះជាតិ អាចនឹងត្រូវច្បាប់គណបក្សនយោបាយរំលាយចោល ប្រសិនបើលោក កឹម សុខា នៅក្រាញអំណាចជាប្រធានគណបក្សសង្គ្រោះជាតិតទៅទៀត។ តើលោក កឹម សុខា អាចជាមនុស្សចង្រៃមែនឬទេ? ពីព្រោះបើតាមប្រវត្តិជីវិតនយោបាយរបស់លោក នៅពេលដែលលោកទៅធ្វើនយោបាយជាមួយគណបក្សណាមួយហើយ គឺគណបក្សនោះត្រូវរលំរលាយរហូត ដូចជាគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា របស់លោកតា សឺន សាន ក៏ដូចជាគណបក្ស ហ៊្វុនស៊ីនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាដើមនោះ។
ទោះបីជាយ៉ាងណា គេនៅរង់ចាំមើលថា តើលោក កឹម សុខា នឹងលាលែងពីតំណែងប្រធានគណបក្សនេះទាំងប្រថុយប្រថាន ឬនៅក្រាញននៀលខាំស្មៅ? តាមពិតលោក បានដឹងយ៉ាងច្បាស់ថា បើលាលែង លោកអាចនឹងមិនបានជាប់ជាប្រធានគណបក្សវិញនោះទេ ដោយសារកូតាប្រធានគណបក្សគឺត្រូវបានទៅមន្ត្រីកូតាគណបក្ស សម រង្ស៊ី ស្របតាមកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរមុនពេលរួមបញ្ចូលគ្នា។ ប៉ុន្តែ បើមិនលាលែង នោះគណបក្សអាចនឹងត្រូវរំលាយដោយការក្រាញអំណាចរបស់គាត់ជាមិនខាន៕


No comments:
Post a Comment