Wednesday, December 14, 2016

រាជរដ្ឋាភិបាលកម្ពុជាទទួលបានពានរង្វាន់ពីព្រះអង្គម្ចាស់ Michael of Kent ខិតខំសង្គ្រោះជីវិតប្រជាពលរដ្ឋ តាមរយៈការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃប្រទេសកម្ពុជាបានទទួលពានរង្វាន់ពីព្រះអង្គម្ចាស់ Michael of Kent នៅពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំសម្រាប់ការខិតខំរបស់ គណៈកម្មាធិការជាតិក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលក្នុងនោះក៏មានការកំណត់ឱ្យអ្នករួមដំណើរតាមទោចក្រយានយន្ត (ម៉ូតូ) ត្រូវតែពាក់មួកសុវត្ថិ ភាពដែលជាលទ្ធផលបានជួយសង្រ្គោះជីវិតមនុស្ស និងការពារការរងរបួសធ្ងន់ធ្ងរបានយ៉ាងច្រើន។
យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាកចរាចរណ៍ បានថយចុះប្រមាណ២៥៩នាក់ ហើយអ្នករងរបួសធ្ងន់ បានថយចុះប្រមាណ៥៩៦នាក់នៅក្នុងរយៈពេល១១ខែដំបូង ឆ្នាំ២០១៦ បើប្រៀបធៀបទៅនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០១៥។
ព្រះអង្គម្ចាស់ Michael of Kent បានមានព្រះបន្ទូលថា៖ «គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់ជីវិតមនុស្សប្រមាណ១,២៥លាននាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក ហើយបណ្តាប្រទេសដែលមានកម្រិតចំណូលទាបដូចជាប្រទេសកម្ពុជាទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង»។ ព្រះអង្គម្ចាស់បានមានព្រះបន្ទូលបន្ថែមទៀតថា៖ «ការងាររបស់គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក គឺជាឧទាហរណ៍ដ៏មានឥទ្ធិពលមួយនៃការផ្លាស់ប្តូរជាវិជ្ជមានដោយបានធ្វើឱ្យប្រសើរឡើងនូវច្បាប់ និង បទដ្ឋានពាក់ព័ន្ធ ពង្រឹងការអនុវត្តច្បាប់ និងកិច្ចសហការរវាងវិស័យសាធារណៈ និងសង្គមស៊ីវិល ដែលអាចបង្កើតជាគំនិតផ្តួចផ្តើមថ្មី។ កិច្ចសហប្រតិបត្តិការរបៀបនេះ គឺឆ្លុះបញ្ចាំងអំពីមូលហេតុដែលនាំឱ្យរូបខ្ញុំបង្កើតកម្មវិធីពានរង្វាន់នេះឡើងក្នុង រយៈពេលជិត៣០ឆ្នាំកន្លងមក»។
កាលពីឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានសម្លាប់ជីវិតមនុស្ស ៣០ដងច្រើនជាងចំនួនអ្នកស្លាប់ដោយសារជម្ងឺគ្រុនចាញ់ គ្រុនឈាម និងគ្រាប់មីន/អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបូកបញ្ចូលគ្នាទៅទៀត។ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីដែលក្នុងនោះ ក៏បានតម្រូវជាលើកដំបូងឱ្យអ្នករួមដំណើរ តាមម៉ូតូត្រូវតែពាក់មួកសុវត្ថិភាពបន្ថែមពីលើការកំណត់ការពាក់ មួកសុវត្ថិភាពចំពោះអ្នកបើកបរម៉ូតូ ត្រូវបានអនុម័តក្នុងឆ្នាំ២០១៥ និងបានចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៦មក។
ព្រះអង្គម្ចាស់ Michael of Kent ដែលជាអ្នកគាំទ្រដ៏មុតមាំម្នាក់លើវិស័យសុវត្ថិភាពចរាចរណ៍ នៅលើសកលពិភពលោកដ៏យូរមកហើយ បានប្រគល់ពានរង្វាន់ជូន លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ លោក (Lord) Robertson ដែលជាអតីតប្រធានគណៈកម្មការ សុវត្ថិភាពចរាចរណ៍សកល និងលោក Andrew Jones រដ្ឋមន្ត្រីទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ នៃចក្រភពអង់គ្លេស ក៏បាន ចូលរួមក្នុងពិធីនេះដែរ។ តំណាងជាន់ខ្ពស់អង្គការមូលនិធិបង្ការរបួសអាស៊ី ដែលបានបំពេញការងារយ៉ាងជិតស្និទ្ធជាមួយ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ក៏មានវត្តមានក្នុងចំណោមគណៈប្រតិភូកម្ពុជា ដែលអញ្ជើញទៅចូលរួមទទួលពានរង្វាន់នេះដែរ។ បន្ថែមពីលើនេះ មានអ្នកចូលរួម ជាង៣០០នាក់ផ្សេងទៀតដែលរួមមានអ្នកជាជ័យលាភីពានរង្វាន់ និងអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ជាច្រើនរូប មកពីបណ្តាប្រទេសនានាលើពិភពលោកបានចូលរួមក្នុងពិធីប្រចាំឆ្នាំមួយនេះ៕





No comments:

Post a Comment