Wednesday, December 14, 2016

ប្រធានាធិបតីហ្វីលីពីន ចូលគាល់ និងជួបសវនាការ ជាមួយព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង

(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអញ្ជើញចូលជួបបង្គំគាល់ និងសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងព្រះបរមរាជវាំង។ លុះដល់ពេលរសៀលថ្ងៃដដែលនេះ លោកប្រធានាធិបតី នឹងចូលជួបសំណេះសំណាលពិភាក្សាការងារ ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព។
លោកប្រធានាធិបតីហ្វីលីពីន ព្រមទាំងគណៈប្រតិភូ នឹងត្រឡប់ចាកចេញពីប្រទេសកម្ពុជាវិញ នៅវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសិង្ហបុរី។ ប៉ុន្តែមុនចាកចេញពីកម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងផងដែរ។
សូមជំរាបថា លោក រ៉ូឌ្រីកូ ឌូតឺតេ និងកំពូលអ្នកប្រដាល់ ប៉ាគីអាវ បានមកដល់កម្ពុជានៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងរស់នៅកម្ពុជាជាច្រើនរយនាក់ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ ជាទីដែលលោកប្រធានាធិបតីស្នាក់នៅ៕








No comments:

Post a Comment