Tuesday, October 25, 2016

លិខិតមិត្តអ្នកអាន៖ កឹម សុខា ដាក់នុយបញ្ឆោតទណ្ឌិត សម រង្ស៊ី

ជម្លោះផ្ទៃក្នុងរបស់គណបក្សប្រឆាំងនៅតែបន្តកើតមាន ទោះបីជាមើលពីសំបកក្រៅ អតីតគូ សត្រូវទាំងពីរ ដែលម្ខាងមកពីកូតាគណបក្សសមរង្ស៊ី និងម្ខាងទៀតមកពីកូតាបក្សសិទ្ធិមនុស្សហាក់បង្ហាញនូវភាពចុះសម្រុងគ្នាចំពោះសកម្មជន និងសាធារណៈជនក៏ដោយ។

ដោយសារតែបក្សប្រឆាំងមួយនេះត្រូវបានបង្កើតឡើង រួមបញ្ជូលគ្នារវាងគណបក្សនយោបាយពីរ (តាមការបញ្ជារបស់ជនបរទេសស្បែកស) ដែលធ្លាប់ជាសត្រូវនឹងគ្នា ធ្លាប់ឈ្លោះគ្នា និងធ្លាប់តែជេរហែកហួរគ្នាកន្លងមក ទើបមនុស្សក្នុងគណបក្សនេះ ដែលមកពីកូតាបក្សពីរផ្សេងគ្នា មិនសូវចុះសម្រុងគ្នា ហើយបើតាមប្រភពផ្ទៃក្នុងបក្ស ធ្លាប់បានទម្លាយប្រាប់ជាបន្តបន្ទាប់ឱ្យដឹងថា ពួកគេតែងតែមានការអាក់អន់ចិត្ត និងឈ្លោះប្រកែកគ្នា ជាញឹកញាប់ទាក់ទងនឹងបញ្ហាផលប្រយោជន៍ និងមុខតំណែងក្នុងបក្ស។ ជាមួយគ្នានេះ មេបក្សទាំងពីរដែលប្រៀបបាននឹងពស់ក្បាលពីរ តែងតែប្រើប្រាស់ល្បិចកល បែបឈាមត្រជាក់ដើម្បីផ្តួលគ្នាទៅវិញទៅមក ក្នុងបំណងដណ្តើមប្រជាប្រិយភាពក្នុងបក្ស និងដើម្បីគោលដៅក្តោបក្តាប់អំណាច ព្រោះទាំងប្រធានបក្ស និងប្រធានស្តីទីបក្សនេះ សុទ្ធតែមានមហិច្ឆតាស្រមើស្រមៃចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រីដូចគ្នា។

សាធារណៈជនប្រហែលជានៅចាំបានហើយថា កាលពីថ្មីៗកន្លងទៅនេះ លោក កឹម សុខា បាន ប្រកាសថា « គាត់ចង់ឱ្យលោក សម រង្ស៊ី ត្រឡប់មកស្រុកខ្មែរវិញ ដឹកនាំបក្សជាមួយគ្នា ដើម្បីឱ្យគាត់មានភាពកក់ក្តៅ ប៉ុន្តែបើលោក សម រង្ស៊ី មិនចង់មកវិញទេ ក៏គាត់អាចដឹកនាំគណបក្សតែម្នាក់បានដែរ ទោះគ្មានវត្តមានលោក សម រង្ស៊ី ក៏ដោយ »។ អ្នកតាមដាននយោបាយកម្ពុជាមួយចំនួនគិតថា លោក កឹម សុខា ពិតជាចង់បានកម្លាំងបន្ថែម ព្រោះដោយសារតែគាត់នៅម្នាក់ឯងយូរពេកដូចជារងារ និងចង់បានដៃគូជួយគាំទ្រ ទើបអំពាវនាវឱ្យទណ្ឌិត សម រង្ស៊ី វិលមកកម្ពុជាវិញ ប៉ុន្តែអ្នកវិភាគនយោបាយនៅកម្ពុជាមួយចំនួន ដែលតែងតែតាមដានពីសកម្មភាពមេដឹកនាំបក្សប្រឆាំងទាំងពីរនេះ បែរជាយល់ឃើញផ្ទុយពីនេះទៅវិញ។

តើលោក កឹម សុខា ពិតជាមានចេតនាល្អក្នុងការហៅទណ្ឌិត សម រង្ស៊ី ឱ្យវិលចូលស្រុកវិញឬយ៉ាងណា? ទាំងដឹងហើយថា បើលោក សម រង្ស៊ី ចូលមកវិញពេលនេះ នឹងត្រូវជាប់គុកជាក់ជាមិនខាន?

អ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជាមួយចំនួនយល់ឃើញថា ការដង្ហើយហៅលោក សម រង្ស៊ី ពីសំណាក់លោក កឹម សុខា នៅពេលនេះគឺគ្រាន់តែជានុយបញ្ឆោតប៉ុណ្ណោះ។ ការហៅដៃគូរបស់ខ្លួនឱ្យវិលចូលស្រុកវិញ ទាំងកំពុងមានទោសទណ្ឌបែបនេះ វាមិនមែនជាសញ្ញាណល្អ ក្នុងការបង្ហាញភាពស្មោះត្រង់ ក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរនោះទេ ពោលគឺគេមើលមិនឃើញ ពីសុច្ចរិតភាពក្នុងការហៅរបស់លោក កឹម សុខា ចំពោះទណ្ឌិត សម រង្ស៊ី ឡើយ ប៉ុន្តែវាគ្រាន់តែជាអន្ទាក់បញ្ឆោតលោក សម រង្ស៊ី ប៉ុណ្ណោះ។ ជាក់ស្តែងការបោះនុយតាមរបៀបដាក់ផ្កាកំផ្លោកពីលើផ្លែសន្ទូចរបស់លោក កឹម សុខា កំពុងត្រូវបានលោក សម រង្ស៊ី លោតមើលនិងបានស៊ីនុយបណ្តើរៗហើយ ជាពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះ ទណ្ឌិត សម រង្ស៊ី បានសម្ញែងថាគាត់នឹងវិលមកកម្ពុជាវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ លោក សម រង្ស៊ី ក៏មិនល្ងង់ពេកដែរ ព្រោះគាត់ស្គាល់ល្បិចពិសពុលរបស់ដៃគូខ្លួនច្បាស់។ ដូច្នេះហើយទើប សម រង្ស៊ី ធ្វើជាប្រកាសថាគាត់នឹងវិលចូលស្រុកវិញ ដែលនេះគ្មានអ្វីក្រៅពីធ្វើជាលេសសំរាប់បន្តបោកសកម្មជន និងអ្នកគាំទ្រខ្លួនប៉ុណ្ណោះ។ ជាក់ស្តែងបើលោក សម រង្ស៊ី ពិតជាក្លាហាននិងពិតជាមានឆន្ទៈចង់វិលមកវិញមែន គាត់ពិតជាត្រឡប់មកតាំងពីយូរណាស់មកហើយ ដោយមិនចាំបាច់ប្រកាសជាឳឡារិកជាមុនទេ។ ម៉្យាងវិញទៀត ការអំពាវនាវស្វែងរកការដោះដូរ និងជាប់គុកជំនួសសកម្មជន និងមន្ត្រីខ្លួននោះ គ្រាន់តែជាល្បិចនយោបាយ ក្នុងចេតនាទម្លាក់ការចោទប្រកាន់ទៅលើរដ្ឋាភិបាលតែប៉ុណ្ណោះព្រោះតាមការពិតទៅ គាត់ពិតជាដឹងច្បាស់រួចបាត់ទៅហើយថា មិនថាតែនៅកម្ពុជានោះទេទោះបីប្រទេសនៅក្នុងពិភពលោកក៍ដោយ គឺតាមផ្លូវច្បាប់គ្មានបុគ្គលណា អាចទទួលទោសជំនួសបុគ្គលដ៏ទៃបានទេ ទោះបីតែសាច់ញាតិបង្កើតក៏ដោយ ហើយការដោះដូរអ្នកទោសបែបនេះគឺមានតែពួកភេវរករទេ ដែលធ្លាប់ទាមទារធ្វើយ៉ាងដូច្នេះ។ មួយវិញទៀត បើសូម្បីតែទោសកំហុសរបស់ខ្លួនក៏លោក សម រង្ស៊ី ខ្លាចភ្នែកស រហូតរត់ចោលស្រុក៣ទៅ៤លើកហើយមិនដែលហ៊ានប្រឈមមុខផង រឿងអីដែលគាត់ហ៊ានទៅជាប់គុកជំនួសមន្ត្រី និងសកម្មជនរបស់ខ្លួននោះ។ នេះគេហៅថាល្បិចទល់នឹងល្បិច។

ដោយឡែកលោក កឹម សុខា វិញ គាត់បានគិតយ៉ាងច្បាស់ហើយថា តាមចរិតនិងអាយុជិត៧០ឆ្នាំហើយមានជំងឺផង លោក សម រង្ស៊ី នឹងមិនហ៊ានវិលចូលស្រុកទេ ហើយកាលណាគាត់ប្រកាសថា វិលមកវិញហើយបែរជាមិនហ៊ានមកវិញនោះ នឹងធ្វើឱ្យទណ្ឌិត សម រង្ស៊ី បាត់បង់តំលៃក្នុងនាមជាមេបក្ស។ ដូច្នេះនៅក្នុងគណបក្សគេនឹងមើលឃើញថាលោក កឹម សុខា នៅតែខ្លាំងជាងលោក សម រង្ស៊ី ព្រោះគាត់អាចនៅក្រាញននៀលក្នុងស្រុកខ្មែរ ទោះមានបញ្ហាអ្វីក៏ដោយ។ ទីបំផុតតំលៃរបស់ សម រង្ស៊ី នឹងកាន់តែធ្លាក់ចុះ ខណៈ កឹម សុខា នឹងលេចធ្លោ ដូចពាក្យដែលកឹម សុខា បាននិយាយទុកហើយថា ទោះបីជាគ្មានវត្តមានលោក សម រង្ស៊ី ក៏គាត់អាចដឹកនាំបក្សម្នាក់ឯងបានល្អដែរ។ នេះហើយជាល្បិចប្រជែងអំណាចនយោបាយ នៅពីក្រោយខ្នងការប្រកាសហៅដៃគូឱ្យវិលចូលស្រុកវិញរបស់ កឹម សុខា និងល្បិចសំដែងតួថាខ្លួនជាវីរៈបុរសហ៊ានជាប់គុកជំនួសកូនចៅរបស់ទណ្ឌិត សម រង្ស៊ី ដែលមនុស្សមួយចំនួនមើលមិនឃើញ គិតតែស្រែកជេរបក្សកាន់អំណាច ដោយសារតែល្បែងនយោបាយដែលបង្កប់ ដោយល្បិចកលពិសពុលរបស់មេបោកទាំងពីរនាក់នេះ៕

អត្តបទ៖ អ្នកវិភាគតុកាហ្វេ (ប្រភពពី GNN)

No comments:

Post a Comment