Tuesday, October 25, 2016

អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរដែនដី ចុះរុះរើបង្គោលរបងដាំលើផ្លូវបុរាណពីលលៃទៅអង្គរ

បង្គោលរបងឈើព័ទ្ធលួសបន្លាប្រវែងប្រហែល៣០០ម៉ែត្រ ដែលមិនស្គាល់ម្ចាស់បានដាំនៅចំកណ្តាលទ្រូងផ្លូវបុរាណពីលលៃទៅអង្គរ ត្រង់ទីតាំងចន្លោះភូមិព្រៃគុយនិងភូមិគោកចាន់ ត្រូវបានកម្លាំងចម្រុះរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យាន និងនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធដែនដី មានភូមិព្រៃគុយ ប៉ុស្តិ៍រដ្ឋបាលសង្កាត់អំពិល និងក្រុមប្រឹក្សាសង្កាត់អំពិល ធ្វើការចុះរុះរើចេញនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។

បើតាមការឱ្យដឹងពីលោក សំ សារ៉េត ប្រធានការិយាល័យនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឲ្យដឹងថា៖ នេះជាលើកទី២ហើយ ដែលទីតាំងនេះត្រូវបានដាំបង្គោលរបង គឺលើទី១ ម្ចាស់ដីនៅខាងកើតផ្លូវបុរាណបានដាំបង្គោលស៊ីម៉ង់ត៍ ហើយអាជ្ញាធរជាតិអប្សរានិងអាជ្ញាធរមូលដ្ឋានបានហាមឃាត់និងឲ្យរុះរើចេញដោយខ្លួនឯង។ ចំណែកលើកទី២នេះ បានដាំបង្គោលក្រាក់ហើយព័ទ្ធលួសបន្លាចំកណ្តាលទ្រូងផ្លូវតែម្តង ប៉ុន្តែមិនស្គាល់អត្តសញ្ញាណម្ចាស់ទេ។ ដូច្នេះ ដើម្បីទប់ស្កាត់ការរំលោភយកផ្លូវបុរាណដែលជាសម្បតិ្តបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបានធ្វើជាកម្មសិទ្ធិនោះ ក្រុមការងារចម្រុះបានសម្រេចរុះរើរបងលួសបន្លានេះចេញតែម្តង ដើម្បីឲ្យម្ចាស់ចេញមុខមកដោះស្រាយ។

លោក សន ចាន់ថន អ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានប្រាប់ថា៖ ផ្លូវបុរាណមួយខ្សែនេះ គឺជាផ្លូវធំនៅសម័យអង្គរ។ អាជ្ញាធរជាតិអប្សរា មានតួនាទីថែរក្សាផ្លូវនេះទុកជាបេតិកភណ្ឌ ដើម្បីជាប្រយោជន៍សម្រាប់សហគមន៍និងប្រទេសកម្ពុជាទាំងមូលទៅថ្ងៃអនាគតទៀត ពិសេសសម្រាប់អ្នកបុរាណវិទ្យាស្វែងរកភស្តុតាងផ្សេងៗ ដែលបញ្ជាក់អំពីការរស់នៅរបស់សហគមន៍នាសម័យមុនផងដែរ។ ដូច្នេះ ប្រសិនបើប្រជាពលរដ្ឋ ឬ ម្ចាស់កម្មសិទ្ធិបន្តរំលោភបំពាននៅលើទីតាំងប្រវត្តិសាស្ត្រឬបុរាណដ្ឋានណាមួយ វានឹងធ្វើឱ្យខូចខាតឬបាត់បង់ស្លាកស្នាមនានាដែលអាចបញ្ជាក់ពីអត្តសញ្ញាណជាតិយើងបាន។

ចំពោះបញ្ហាចុះរុះរើរបងនៅលើផ្លូវបុរាណនេះដែរ លោក ឆេង សី ជាសមាជិកក្រុមប្រឹក្សាសង្កាត់អំពិល មានមតិយោបល់ថា៖ ការចូលរួមនិងការពារបេតិកភណ្ឌជាតិ ជារឿងល្អមួយសម្រាប់ប្រជាជននៅក្នុងខេត្តសៀមរាប ព្រោះទីនេះសម្បូរទៅដោយកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រ មានប្រាសាទ ផ្លូវបុរាណយ៉ាងច្រើន ដែលជាវប្បធម៌អរិយធម៌ខ្មែរ ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារ។ កន្លងមកយើងខ្ញុំតែងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីអប់រំប្រជាពលរដ្ឋអំពីកិច្ចការពារបេតិកភណ្ឌ ពីព្រោះប្រជាពលរដ្ឋមួយចំនួនគាត់មិនយល់ថាអ្វីជារបស់បុរាណ ហើយត្រូវការពារដូចម្តេចឡើយ គាត់គ្រាន់តែដឹងថាគាត់ខ្វះខាត គាត់ត្រូវតែធ្វើនូវអ្វីដែលគាត់ចង់ធ្វើ ជាក់ស្តែងដូចជាការដាំរបងលួសបន្លានេះស្រាប់។ ដូច្នេះយើងត្រូវតែហាមឃាត់ និងពន្យល់ឲ្យគាត់យល់នូវអ្វីដែលជាបេតិកភណ្ឌជាតិត្រូវការពារ និងគោរពតាមអ្វីដែលបានកំណត់នៅលើតំបន់ការពារ៕





No comments:

Post a Comment