Thursday, October 13, 2016

លោក ហ៊ុន សែន៖ កម្ពុជារីករាយស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះលោកប្រធានាធិបតី ស៊ី ជិនពីង មកបំពេញទស្សនកិច្ចកម្ពុជា

(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារមួយនៅលើ Facebook ដោយប្រកាសថា កម្ពុជា រីករាយស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជា នៅថ្ងៃនេះ។
នេះជាទស្សនកិច្ចលើកដំបូងរបស់ លោក ស៊ី ក្នុងនាមជាប្រធានាធិបតីចិន មកកាន់ប្រទេសកម្ពុជា។ ប្រធានាធិបតីមហាយក្សចិន ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជា នាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៦។ 

នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗយ៉ាងតិចចំនួន២៨។ ក្រៅពីនោះ ប្រធានាធិបតីចិន ស៊ី ជិនពីង នឹងអញ្ជើញចូលគាល់សម្តេចម៉ែ និងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង និងបន្តជួបពិភាក្សាការងារ សំខាន់ៗ ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាវិមានសន្តិភាព នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ព្រមទាំងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕





No comments:

Post a Comment