Wednesday, October 12, 2016

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មចិនបំពេញទស្សន​កិច្ចនៅភូមិធម្មជាតិរុនតាឯក ដើម្បីពង្រឹង​កិច្ចសហប្រតិ​បត្តិការលើវិស័យកសិកម្ម

នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ គណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១៤ រូប ដឹកនាំដោយឯកឧត្តម ឈូ ទុងយូ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបំពេញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិននៅពេលនេះ ត្រូវបានធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យកសិកម្មនៅក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលកំពុងអនុវត្តដោយកិច្ចសហការរវាងមជ្ឈមណ្ឌលលើកកម្ពស់កសិកម្មចិន-កម្ពុជា ហៅកាត់ថា CAPROC (China-Cambodia Agriculture Promotion Center)  និងអាជ្ញាធរជាតិអប្សរា។

មជ្ឈមណ្ឌល CAPROC ជាគម្រោងជំនួយរបស់រដ្ឋាភិបាលចិនមកកម្ពុជា ដែលផ្តោតសំខាន់ទៅលើវិស័យកសិកម្ម។ គម្រោងនេះមានគោលដៅសំខាន់៤ចំណុចគឺ ទី១ ការបង្ហាញអំពីបច្ចេកទេសនៃការដាំដុះ ដោយផ្តោតសំខាន់ទៅលើស្រូវ និងដំណាំបន្លែផ្សេងៗ ទី២ បង្ហាញអំពីគ្រឿងយន្តកសិកម្មសម័យទំនើប និងការប្រើប្រាស់ផ្ទះកញ្ចក់ ទី៣ បង្ហាញ និងផ្សព្វផ្សាយអំពីការកែច្នៃផលិតផលកសិកម្ម និងជាចុងក្រោយគឺ ការជំរុញកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិន លើវិស័យកសិកម្ម។

តាមរយៈគម្រោងនេះ ក្រុមហ៊ុនសហប្រតិបត្តិការអន្តរជាតិបច្ចេកទេសកសិកម្មហ្វវើដ (Forward) ដែលជាក្រុមហ៊ុនអនុវត្តគម្រោង CAPROC បានសហការជាមួយនឹងអាជ្ញាធរជាតិអប្សរា ដើម្បីជ្រើសរើសដីនៅភូមិធម្មជាតិរុនតាឯកអនុវត្តគម្រោងកសិកម្មនេះ។ កិច្ចសហការនេះគឺផ្តោតទៅលើការបង្កើតឧទ្យានគំរូវិទ្យាសាស្ត្រ និងបច្ចេកទេសកសិកម្ម ដែលគ្រោងនឹងប្រើប្រាស់ដីចំនួន២០ហិកតា ដោយចែកជាពីរដំណាក់កាលគឺ ៣ឆ្នាំដំបូងប្រើប្រាស់ជំនួយថវិការបស់រដ្ឋាភិបាលចិន ហើយ១៥ឆ្នាំបន្ទាប់នឹងប្រើប្រាស់ថវិកាផ្ទាល់របស់ក្រុមហ៊ុន។

លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ និងជាអនុប្រធានគម្រោងភូមិធម្មជាតិរុនតាឯក បានពន្យល់គណៈប្រតិភូអំពីដំណើរការអភិវឌ្ឍន៍នៃភូមិធម្មជាតិរុនតាឯក ដោយផ្តោតការយកចិត្តទុកដាក់លើការលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋតាមរយៈវិស័យកសិកម្ម និងទេសចរណ៍។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូចិន ក៏ដូចជារដ្ឋាភិបាលចិនដែលតែងតែយកចិត្តទុកដាក់ចំពោះការអភិរក្ស និងជួសជុលប្រាសាទក្នុងឧទ្យានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករយៈកាលកន្លងមក ជាពិសេស គឺការនាំគម្រោងឧទ្យានគំរូបច្ចេកវិទ្យាកសិកម្មចិន-កម្ពុជា មកអនុវត្តនៅក្នុងភូមិធម្មជាតិរុនតាឯកនេះតែម្តង៕





No comments:

Post a Comment