Thursday, June 30, 2016

ឯកឧត្តមទេសរដ្ឋមន្ត្រី​ ថោង ខុន ស្នើជំរុញប្រទេសចិន​បង្កើនកិច្ចសហប្រតិបត្តិការ​លើវិស័យទេសចរណ៍ឲ្យកាន់តែ​ទូលំទូលាយថែមទៀត

នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបប្រជុំជាមួយភាគីមកពីប្រទេសចិន និងបានស្នើជំរុញឱ្យប្រទេសមហាអំណាចមួយនេះ បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការដោះដូរនូវបទពិសោធន៍គ្នាទៅវិញទៅមក នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន លើវិស័យទេសចរណ៍ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត សំដៅបង្កើនចំនួនភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាឱ្យតែច្រើនឡើងៗ។
ឯកឧត្តមរដ្ឋមន្រ្តី    ថោង    ខុន    ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជាមួយលោកស្រី Yang Xiuping អគ្គលេខាធិការមជ្ឈមណ្ឌល អាស៊ាន-ចិន នាទីស្ដីការក្រសួងទេសចរណ៍ដោយបានលើកឡើងថា ក្រសួងទេសចរណ៍បានឯកភាពទៅលើការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌល អាស៊ាន-ចិន ទាំងក្នុងក្របខណ្ឌកម្ពុជា-អាស៊ាន និងក្របខណ្ឌកម្ពុជា-ចិន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមក ទស្សនាកម្ពុជា កាន់ច្រើនឡើងៗ។ ស្របទៅនឹងការឯកភាពនៃការទាក់ទាញភ្ញៀវទេសចរនេះ កាលពីពេលថ្មីៗកន្លងទៅ ក្រសួងទេសចរណ៍ បានរៀបចំដាក់ចេញនូវសៀវភៅសស្ដីពី China Ready សម្រាប់បណ្ដុះបណ្ដាលអ្នកទេសចរកម្ពុជា    ដែលស្របនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍អាស៊ាន     (ATSP) ឆ្នាំ២០១៦-២០២៥ ក៏ដូចជាផែនការយុទ្ធសាស្រ្តទីផ្សារទេសចរណ៍របស់អាស៊ាន (ATMS) សំដៅត្រៀមទទួលភ្ញៀវទេសចរចិន ប្រមាណ២លាននាក់ នៅឆ្នាំ២០២០។
លោកស្រី Yang Xiuping បានលើកឡើងថា នេះជាលើកទី១ហើយ ដែលប្រទេសនៅក្នុងអាស៊ានទាំង១០ មានកម្ពុជា ដែលមានការរៀបចំនូវគោលនយោបាយបែបនេះ និងបានរៀបចំជាឯកសារខាងលើនេះឡើង ដោយលោកស្រី បានសុំយកឯកសារទាំងនោះ ទៅប្រទេសចិនវិញ ដើម្បីផ្សព្វផ្សាយក្នុងមជ្ឈមណ្ឌលអាស៊ាន-ចិន របស់លោកស្រីផ្ទាល់ និងចែករំលែកបទពិសោធន៍ទាំងនេះទៅកាន់ប្រទេសដទៃក្នុងអាស៊ាន និងក្នុងពិភពលោកបន្តទៀតផងដែរ។ ជាការឆ្លើយតបនឹងការលើកឡើងខាងលើរបស់លោកស្រី Yang Xiuping ដោយលោកស្រីបានសម្ដែងនូវការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង។
ជាមួយនឹងការលើកសរសើរខាងលើ ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន ក៏បានស្នើឱ្យភាគីចិន     មានក្រុមការងាររបស់មជ្ឈមណ្ឌលនេះជាដើម        ដើម្បីជំរុញឱ្យមានការដោះដូរនូវបទពិសោធន៍     នៃការរៀបចំជាសិក្ខាសាលារួមគ្នារវាងកម្ពុជា-ចិន     ​  និងជំរុញឱ្យមានអ្នកវិនិយោគទុន និងក្រុម Farm Trip ព្រមទាំងជួយជំរុញនូវការដោះដូរអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សាព្វផ្សាយ Media សំដៅបង្កើនការផ្សព្វផ្សាយលើវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយបថែមទៀត។

សូមបញ្ជាក់ផងដែរថា ក្រសួងទេសចរណ៍កម្ពុជាកាលពីពេលកន្លងទៅនេះ បានរៀបចំសហការទទួលអ្នកសារព័ត៌មានចិន និងក្រុម Farm Trip ក៏ដូច ជាក្រុមថតខ្សែភាពយន្ត ដែលបានមកថតនៅកម្ពុជា ហើយក្នុងឆ្នាំ២០១៦នេះ ផលិតកម្មភាពយន្តចិន នឹងបញ្ជូនក្រុមអ្នកថតកុនឱ្យមកថត ខ្សែភាពយន្តចិន នៅប្រទេសកម្ពុជាមួយទៀត ដែលត្រៀមនឹងចាក់បញ្ចាំងនៅប្រទេសចិនផ្ទាល់ ដែលនេះ ជាការចូលរួមផ្សព្វផ្សាយ វិស័យទេសចររបស់កម្ពុជា ទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ថែមទៀត តាមរយៈការទស្សនាខ្សែភាពយន្តនេះ៕



No comments:

Post a Comment