Thursday, June 30, 2016

ឯកឧត្តម អ៊ិត សំហេង៖ កម្ពុជាបានឈានដល់ដំណាក់កាល ប្រែក្លាយពីប្រទេសកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើឧស្សាហកម្ម

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលការពង្រឹងគុណភាព និងផលិតភាពការងារនាទីស្ដីការក្រសួងការងារ ថា កម្ពុជាបានឈានដល់ដំណាក់កាល នៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចហើយ ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្មកម្រិតមធ្យម និងជាប្រទេសមានចំណូលកម្រិតមធ្យម នាពេលដ៏ខ្លីខាងមុខ។
ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកែទម្រង់កំណើនការងារ សមធម៌និងប្រសិទ្ធភាពនៅកម្ពុជា សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ ពង្រឹងសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជា     ជីវៈ ឱ្យស្របតាមទីផ្សារការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ិត សំហេង បានបន្តថា ស្របនឹងគោលនយោបាយខាងលើ កាលពីពេលប្រារព្ធទិវាពលកម្មអន្តរជាតិ នាថ្ងៃទី០១ឧសភា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ដាក់ចេញនូវទិសស្លោក «លើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ស្ថិរភាពផលិតកម្ម ផលិតភាពការងារ» ដើម្បីផ្សាភ្ជាប់ទៅនឹងកំណែទម្រង់ស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ សំដៅផ្លាស់ប្ដូរពីឧស្សាហកម្មដែល មានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃ      ខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមទៀតថា  អ៊ិត សំហេង «ដោយសារកិច្ចខិតខំប្រឹងប្រែងទាំងរាជរដ្ឋាភិបាល និងក្រសួងការងារផ្ទាល់ ទើបធ្វើឱ្យប្រទេសកម្ពុជា បានឈានដល់ដំណាក់កាលនៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្ម កម្រិតមធ្យម ក្នុងពេលឆាប់ៗខាងមុខ»
សូមជម្រាបថា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម រដ្ឋមន្រ្តី អ៊ិត សំហេង ក៏បានបង្ហាញពី ផែនការយុទ្ធសាស្រ្តទាំង១១ចំណុច ដែលបាននិងកំពុងអនុវត្តលើវិស័យការងាររយៈពេល៤ឆ្នាំ (២០១៤-២០១៨) និងដាក់ឱ្យមានការបណ្ដុះបណ្ដាលបន្ថែមដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមជាច្រើននាក់៕




ប្រភព៖ GNN

No comments:

Post a Comment