នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ សមាគមរោងចក្រកាត់ដេរកម្ពុជា
GMAC បានចេញសេចក្តីថ្លែងការណ៍ ដើម្បីបញ្ជាក់ពីជំហររឹងមាំរបស់និយោជក
ធ្វើការថ្កោលទោសកូដកម្មហិង្សា និងអំពាវនាវ ឱ្យរដ្ឋាភិបាល លើកកម្ពស់គោលការណ៍នីតិរដ្ឋដោយអនុវត្តឱ្យបានតឹងរ៉ឹងដោយគ្មានការរើសអើង
និងលម្អៀង។
យោងតាមសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា យោងតាមមាត្រា
៣៣២នៃច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិយ៉ាងច្បាស់ថា
កិច្ចសន្យាការងារត្រូវព្យួរនៅពេលធ្វើកូដកម្ម ហើយក្នុងអំឡុង ពេលនៃការធ្វើកូដកម្ម
តាវកាលិកនៃការងារមិនត្រូវបានផ្តល់ឱ្យទេ ហើយប្រាក់ឈ្នួលក៏មិនត្រូវបើកឱ្យដែរ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានបញ្ជាក់ពីជំហររឹងមាំរបស់និយោជកក្នុងការអនុវត្តមាត្រាខាង
លើចំពោះស្ថានភាពកូដកម្មហិង្សា ដែលកើតឡើងនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន
និងតាយ សេង ក្នុងក្រុងបាវិត ខេត្តស្វាយរៀងនាពេលថ្មីៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះក៏បានបញ្ជាក់ថា
គោលការណ៍មិនធ្វើការ មិនមានប្រាក់ឈ្នួល នេះមានន័យសាមញ្ញ និងសមហេតុផល ហើយវាផ្តល់នូវភាព
យុត្តិធម៌ចំពោះភាគីទាំងពីរ គឺភាគីនិយោជក និងភាគីកម្មការនិយោជិតផងដែរ។
នៅពេលនោះផងដែរ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏ធ្វើការថ្កោលទោសចំពោះក្រុមណាមួយ
ដែលប៉ុនប៉ងក្នុងការដាក់សម្ពាធទៅលើរដ្ឋាភិបាលឱ្យដោះលែងជនត្រូវចោទទាំង៤នាក់
ដែលស្ថិតក្រោម បទចោទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ
ដោយសាលាដំបូង ខេត្តស្វាយរៀង ហើយក៏គ្មាននរណាម្នាក់គួរត្រូវបានអនុញ្ញាតិឱ្យធ្វើកិច្ចអន្តរាគមន៍ក្នុងប្រព័ន្ធច្បាប់
និង យុត្តិធម៌កម្ពុជាឡើយ ហើយគេត្រូវទុកឱ្យតុលាការ អនុវត្តនូវនីតិវិធីពេញលេញរបស់ខ្លួនក្នុងលក្ខណៈ ឯករាជ្យ។
នៅចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍នោះដែរ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា
និងនិយោជកក្នុងតំបន់ សេដ្ឋកិច្ចពិសេសទាំងពីរ ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលលើកកម្ពស់គោលការណ៍នីតិរដ្ឋ
ដោយអនុវត្តយន្តការច្បាប់ឱ្យបានតឹងរ៉ឹងដោយគ្មានការរើសអើងនិងលម្អៀង៕
No comments:
Post a Comment