Tuesday, December 29, 2015

ក្រុមជំនួយការសម្តេចតេជោ ទទួលអំណោយបន្ថែមពីម្ចាស់ជំនួយដើម្បីចែកជូនគ្រួសារក្រីក្រ

បេសកកម្មរបស់ក្រុមជំនួយការសម្តេចតេជោ ក្នុងការយក "អំណោយស្បៀងសម្តេចតេជោសែន" ចែកជូនផ្ទាល់ដល់ដៃប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានចាប់ផ្តើមប្រតិបត្តិការ នៅខែសីហា ឆ្នាំ២០១៥។ មកទល់ពេលនេះ មានសប្បុរសជនបានចូលរួមគាំទ្រ និងផ្តល់ជាស្បៀងអាហារ ជាបន្តបន្ទាប់ មានជាអាទិ៍ ៖ មីយើង, អង្ករ, ទឹកស៊ីអ៊ីវ, ត្រីខកំប៉ុង និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត រួមនិងសម្ភារៈសិក្សាសម្រាប់ក្មួយៗកុមារាកុមារីនៃគ្រួសារទីទ័លក្រ។

ថ្មីៗនេះទៀតសោត គឺនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម យុន ហេង ជំនួយការសម្តេចនាយករដ្ឋមន្ត្រី បានចំណាយថវិកាផ្ទាល់ខ្លួន ផ្តល់ជាអង្ករចំនួន ២តោន ស្មើនឹង ១០០ការ៉ុង (២០គីឡូក្រាម១ការ៉ុង) ដល់ក្រុមជំនួយការសម្តេចតេជោ សម្រាប់បេសកកម្មរបស់ខ្លួន ក្នុងនាមជា "ក្រុមជំនួយការ ដើម្បីប្រជាជន"។ តបនឹងសន្តានចិត្តសប្បុរសធម៌របស់សប្បុរសជនដែលតែងតែ គាំទ្រជាថវិកា និងជាគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ ក្រុមជំនួយការសម្តេចតេជោ ក៏បានថ្លែងអំណរគុណ និងសូមស្វាគមន៍ចំពោះការបរិច្ចាគ ពីសំណាក់សប្បុរសជនគ្រប់ទិសទី ចំពោះការទ្រទ្រង់នូវនិរន្តរភាព និងចិរភាពនៃបេសកកម្ម "ក្រុមជំនួយការដើម្បីប្រជាជន"។

ក្រុមជំនួយការសម្តេចតេជោ បានសន្យាបញ្ជាក់ពីទំនុកចិត្ត និងភាពជឿជាក់ថា ក្រុមរបស់ខ្លួន នឹងយកអំណោយស្បៀងទាំងអស់នេះ បានទៅដល់ដៃគ្រួសារប្រជាពលរដ្ឋដោយផ្ទាល់ គ្រប់ចំនួន និងតម្លាភាពដោយគោរពអនុវត្តនូវឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះ "វប្បធម៌ចែករំលែក" គឺអ្នកមានស្ម័គ្រចិត្តដោយសប្បុរសចែករំលែកទៅអ្នកក្រ ហើយក្រុមការងារនេះ នឹងស្វែងរកអ្នកទីទ័លក្រដោយខ្លួនឯង ដើម្បីទទួលអំណោយ ដោយមិនរើសអើងពណ៌សម្បុរនយោបាយឡើយ៕




No comments:

Post a Comment