អគារពិនិត្យជម្ងឺទូទៅ
និងអគារសម្ភព មន្ទីរពេទ្យបង្អែកកោះអណ្ដែត នៃស្រុកប្រតិបត្តិកោះអណ្ដែតខេត្តតាកែវ
ដែលទើបនឹងសាងសង់រួច ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី
រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី
និងឯកឧត្តម គូម៉ាម៉ារូ យូជិ ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥នេះ ។
ឯកឧត្តម គូម៉ាម៉ារូ យូជិ បានមានប្រសាសន៍ថា៖
រដ្ឋាភិបាលជប៉ុន បាននិងកំពុងបន្ដ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា
ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ ដោយបានផ្ដោតសំខាន់ លើការកែលំអរនូវអគារថែទាំវេជ្ជសាស្រ្ដ
ហើយគម្រោងសាងសង់អគារពិនិត្យជម្ងឺទូទៅនេះ គឺអាស្រ័យដោយមានការកើនឡើងនៃអ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកកោះអណ្ដែតគួរឲ្យកត់សំគាល់
ហើយអគារថ្មីនេះត្រូវបានឧបត្ថម្ភគាំទ្រដោយ ជំនួយឥតសំណងទ្រង់ទ្រាយតូចគុសាណូណេរបស់
ជប៉ុន ដែលអាចជួយប្រជាពលរដ្ឋទទួលបានការជួយព្យាបាលប្រកបដោយសុវត្ថិភាព
និងក្នុងបរិស្ថានដោយការយកចិត្តទុកដាក់ខ្ពស់ជាងមុន។
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ក្នុងនាមរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល
និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយឧបត្ថម្ភជាថវិកានិងសម្ភារៈ សម្រាប់សាងសង់អគារជម្ងឺទូទៅ និងជម្ងឺកុមារ ព្រមទាំងបំពាក់សម្ភារៈបរិក្ខារពេទ្យនានា
ក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះអណ្តែត តាមរយៈគម្រោង គុសាណុណេ ដោយចំណាយថវិកាសរុប ប្រមាណជាង ១០ ម៉ឺនដុល្លារអាមេរិកដែលជាសក្ខីភាពថ្មីមួយទៀតឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងការកៀរគរការចូលរួមឧបត្ថម្ភគាំទ្រ ទាំងថវិកា និងសម្ភារៈ ពីសប្បុរសជនក្នុងនិងក្រៅប្រទេស
ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យសុខាភិបាលនៅកម្ពុជា សំដៅពង្រឹង និងពង្រីកសកម្មភាពផ្តល់សេវាសុខភាពសាធារណៈជូនប្រជាជនឱ្យកាន់តែប្រសើរថែមទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ទៀតថា៖ ទន្ទឹមនឹងនេះ
ការងារគ្រប់គ្រង និងការផ្តល់សេវាទ្រទ្រង់នៅគ្រប់ទីកន្លែង ដូចជា មន្ទីរពិសោធន៍វេជ្ជសាស្ត្រ
ការដឹកជញ្ជូនអ្នកជំងឺ ឱសថ សម្ភារៈវេជ្ជសាស្ត្រ ត្រូវបានពង្រឹងនៅទូទាំងប្រទេសដោយពង្រឹងកម្មវិធីបង្ការ
និងព្យាបាលជំងឺឆ្លង កម្មវិធីគាំពារមាតានិងទារក និងគោលការណ៍លើកលែងការបង់ថ្លៃក្នុងការពិនិត្យ
និងព្យាបាលជំងឺដល់ជនក្រីក្រ តាមរយៈការបង្កើនមូលនិធិសមធម៌
សំដៅជួយគាំពារជនក្រីក្រ ឱ្យទទួលបាននូវសេវាសុខភាពសាធារណៈកាន់តែប្រពៃ។
លើសពីនេះ រាជរដ្ឋាភិបាល បានបន្តជំរុញការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យសុខាភិបាលនៅគ្រប់កម្រិត
ជាពិសេសការបណ្តុះបណ្តាលឆ្មប គិលានុបដ្ឋាក
និងគិលានុបដ្ឋាយិកា ព្រមទាំងលើកកម្ពស់មនសិការវិជ្ជាជីវៈរបស់មន្ត្រីសុខាភិបាល
ក្នុងការបំរើប្រជាជនឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពផងដែរ៕
No comments:
Post a Comment