(ភ្នំពេញ)៖
ត្បិតតែរំលងហួសជិត ៣ទស្សវត្សហើយក៏ដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែចងចាំមិនភ្លេចនូវអនុស្សាវរីយ៍ដ៏សែនកំសត់
នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅពេលមានពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌម្តងៗ។
អត្ថបទខ្លីមួយ ដែលមានចំណងជើងថា «នៅសល់ការចងចាំ
ដែលមានន័យ» ដែលបង្ហោះនៅលើ Facebook នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥នេះ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកឡើងវិញនូវរឿងរ៉ាវ ដិតដាមជាប់ជាមួយឃុំវិហារសួគ៌
នាអតីតកាលដែលមានការខ្វះខាតខ្លាំង នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង
ក្រោយពេលឃុំមួយនេះត្រូវបំផ្លិចបំផ្លាញដោយខ្មែរក្រហម។
ខាងក្រោមនេះ ជាសាររបស់សម្តេចតេជោ ហ៊ុន
សែន៖
នៅពេលឃើញរូបថតមួយសន្លឹកនេះ គាប់ជួនពេលភ្ជុំបិណ្ឌ
ធ្វើឲ្យខ្ញុំព្រះករុណា ខ្ញុំនឹកឃើញដល់រឿងរ៉ាវ ដែលបានកើតឡើងកាលពី ២៦ឆ្នាំមុន គឺខែកញ្ញា
ឆ្នាំ១៩៨៩។ ពេលនេះអ្វីៗបានផ្លាស់ប្តូរអស់ហើយ ដោយសារតែវត្តមានស្ពានព្រែកតាមាក់
ផ្លូវជាតិលេខ៨ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតទាំងអាណាចក្រ ទាំងពុទ្ធចក្រ។ ខែសីហា
១៩៨៩ បន្ទាប់ពីវិលត្រឡប់ពីការចរចានៃសន្និសីទប៉ារីសលើកទី១ តែមិនបានសម្រេច។ ខ្ញុំព្រះករុណាខ្ញុំបានធ្វើដំណើរសួរសុខទុក្ខ
កងកម្លាំងប្រដាប់អាវុធ និងប្រជាជនស្ទើរពេញ១ខែ។
ក្នុងដំណើរចុះសុខទុក្ខប្រជាជន ក៏មានការធ្វើដំណើរទៅកាន់ស្រុកខ្សាច់កណ្តាលខេត្តកណ្តាលផងដែរ។
ដើម្បីធ្វើដំណើរបានទៅកាន់វត្តវិហារសួគ៌ យើងត្រូវដំណើរដោយកាណូតពីភ្នំពេញ ទៅកាន់ព្រែកតាមាក់
ហើយសម្រាកពេលយប់នៅលើកាណូតនោះ ១យប់ ព្រោះគ្មានផ្ទះសំណាក់នោះទេ។ ការសម្រាកនេះដោយសារមានការប្រជុំនៅទីនោះ
ដែលត្រូវប្រជុំថែមមួយព្រឹកទៀត។ ស្អែកឡើងបន្ទាប់ពីការប្រជុំនិងបាយថ្ងៃត្រង់ ប្រហែលម៉ោង
១រសៀល យើងត្រូវចេញដំណើរដើម្បីកុំឲ្យភ្លៀងទាន់។
នៅពេលនោះត្រើយខាងកើតទន្លេមេគង្គតំបន់មួយចំនួន
ទោះមានរថយន្តក៏មិនមានផ្លូវធ្វើដំណើរដែរ។ យើងធ្វើដំណើរដោយម៉ូតូ ហើយជាទម្លាប់ខ្ញុំព្រះករុណាខ្ញុំ
ជិះម៉ូតូដោយខ្លួនឯង។ យើងត្រូវធ្វើដំណើរទៅកាន់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមសិន
ទើបមានផ្លូវធ្វើដំណើរទៅកាន់ឃុំសន្លុងដែលនៅទីនោះ យើងសម្រាកនៅផ្ទះប្រជាជនដោយចងអង្រឹង។
ភ្លៀងរលឹមខាងក្រៅផ្ទះ យើងសំណេះសំណាលជាមួយប្រជាជននៅក្នុងផ្ទះ ដែលពេលនោះហើយ យើងប្រមូលបាននូវសំណូមពររបស់ប្រជាជនលើការកសាងផ្លូវ
ស្ពានសាលារៀន វត្តអារាម ។ល។ ជាពិសេសវិហារសួគ៌ដែល ប៉ុលពត វាយកំទេចចោល និងស្ពានព្រះគន្លង។
ដោយធនធានមានកម្រិត យើងខិតខំកសាងស្ពានព្រះគន្លងជាមុន ដើម្បីតភ្ជាប់ចរាចររវាងខាងវិហារសួគ៌ប៉ុន្មានឃុំ
និងមួយភាគ នៃខេត្តព្រៃវែង ជាមួយព្រែកតាមាក់មកទន្លេមេគង្គ (ពេលសម្ពោធស្ពានព្រះគន្លងមុន
ចូលឆ្នាំថ្មីថ្ងៃទី១០មេសា១៩៩០ ខ្ញុំព្រះករុណាខ្ញុំ បាននិពន្ធចម្រៀងមួយបទ មានចំណងជើងថា
«ចំណងដៃមាសស្ពានព្រះគន្លង»)។
ដោយឃើញនូវការលំបាកនេះ ហើយទើបខ្ញុំព្រះករុណាខ្ញុំ
ចិញ្ចឹមចិត្តកសាងស្ពានព្រែកតាមាក់ និងផ្លូវជាតិលេខ៨ ឲ្យខានតែបាន ដែលវាបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ
និងការលំបាករបស់ប្រជាជន និងជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធ។
សូមអគុណអ្នករួមដំណើរ អរព្រះគុណនិងអរគុណចំពោះព្រះសង្ឃ
ប្រជាពលរដ្ឋដែលផ្ដល់នូវការគាំទ្រ ទើបមានសមិទ្ធផលដូចថ្ងៃនេះ ទៅបុណ្យភ្ជុំបិណ្ឌ
ក៏ស្រួលជាងពេលមុន និងសុវត្ថិភាពជាងពេលមុន ដោយប្រទេសមានសន្តិភាព តែកុំភ្លេចគោរពច្បាប់ចរាចរណ៍
ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

No comments:
Post a Comment