នៅរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធខួបលើក ទី៧០ឆ្នាំ ថ្ងៃបង្កើតអង្គការសហប្រជាជាតិក្រោមប្រធានបទ ប្រែក្លាយពិភពលោកឲ្យក្លាយទៅជាពណ៌ខៀវ របស់អង្គការសហប្រជាជាតិ (Turn the World UN Blue) ហើយក៏មានការដាក់បញ្ចាំងភ្លើង ពណ៌ខៀវនៅវិមានសន្តិភាព និងវិមានរដ្ឋសភាផងដែរ។
យោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែតុលាថា តបតាមសេចក្តីស្នើសុំគាំទ្រគំនិតផ្តួចផ្តើម កម្មវិធី «ប្រែក្លាយពិភពលោកឲ្យក្លាយទៅជាពណ៌ខៀវរបស់អង្គការសហប្រជាជាតិ» ដែលបានស្នើឲ្យគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ដាក់បញ្ចាំងភ្លើង ពណ៌ខៀវ នៅតាមស្ថាប័ន-ក្រសួងនានា។ ដូច្នេះនៅថ្ងៃ២៤ ខែតុលា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា ដោយមានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឱ្យប្រារព្ធពិធីនេះ។
ឯកឧត្តម ផៃ ស៊ីផាន ក៏បានបញ្ជាក់បន្ថែមទៀតថា ការសម្រេចឲ្យដាក់បញ្ចាំងនៅតែវិមានសន្តិភាព និងវិមានរដ្ឋសភានោះ គឺអាស្រ័យដោយកិច្ចសន្សំសំចៃលើការចំណាយថវិកាជាតិ។
សូមបញ្ជាក់ដែរថាគោលបំណងនៃការប្រារព្ធពិធីដាក់បញ្ចាំងភ្លើងពណ៌ខៀវនេះគឺដើម្បីអបអរសាទរ និងរំលឹកដល់ថ្ងៃបង្កើតអង្គការសហប្រជាជាតិ ហើយក៏ដូចជាផ្តល់ឱកាស សាមគ្គីភាពសម្រាប់ប្រជាជាតិនានាលើពិភពលោក គាំទ្រដល់ការការពារសន្តិភាព ការអភិវឌ្ឍន៍ សិទ្ធិមនុស្ស និងបង្ហាញការប្តេជ្ញាចិត្តចំពោះគោលការណ៍នៃសេចក្តីថ្លៃថ្នូរ និងសុខមាលភាពរបស់ប្រជាជាតិទាំងអស់នៅលើពិភពលោក។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht_tN1I9QuG93VZxx_EA-4qu_QFqtebfmCpuMg-5TPCzeZw15WEcZX8lr73A3yYRcnW7np-myi_wifSFpaijbQLs04GNRs1I06WQVun7eb-XUfT9Rd5N28pQQ2C0u_kyFuqclOHP0vPghY/s1600/20151022_World_UN_Blue_01.gif)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGIsYU6W4TetuBM_4wMT-m0g-51qSTZymYjEqXVuo9Tnh7ABNIx5RV6xGACvdip2qavtuBchbXWBTGCW34OvZ_wRSreqvhLYDpSFaYzqX86ddvjG7lUEaouX3tU466SsqvsLDtoMhvwYBZ/s1600/20151022_World_UN_Blue_02.gif)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbu5g-eQpqByLa5lISla1zQ0XiSWWn7OQPyEx3iDFZjAD3ImJD1DjZjPk8mrS_HCw8xP_Ru8x41pWUQvsdlqeCO-FbW3FignLVLh4-lc-ZX6jXOQ9cRL8ib-9bEBObQy9dBjDRoelsDDEz/s1600/20151022_World_UN_Blue_03.gif)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfuFZJ0qtQeiK3ucOMyCxrBz5jr6ntSAj_3_P-OuGA33uvkqYETvvnfr8MJvBtIkZsKHIYuOjbyCWB2-FEpVf68oXSrtGozkd0h-pqBmXr83e6inXBhb5qNG4g_trKf05t_9Az11GC5WGk/s1600/20151022_World_UN_Blue_04.gif)
No comments:
Post a Comment