សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) សួនច្បាររង្វង់មូលស្តាតចាស់ និងសួនច្បាររង្វង់មូលជ្រោយចង្វារត្រើយខាងកើត នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ ថាចាប់ពីឆ្នាំ២០១៦ទៅ រាជរដ្ឋាភិបាល បានសម្រេចលុបចោលបា្រក់ពន្ធ ការយកពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះមួយចំនួន (ពន្ធផ្លូវ) ដូចជាទោចក្រយានយន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត (ម៉ូតូកង់៣) ដើម្បីកាត់បន្ថយបន្ទុកចំណាយ របស់ប្រជាពលរដ្ឋ ដែលមានបា្រក់ចំណូលទាប។
ទោះបីជាយ៉ាងណា សម្តេចតេជោ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបង់ពន្ធផ្លូវជាលើកចុងក្រោយ ពីព្រោះនៅសល់តែប៉ុន្មានខែទៀត នឹងចូលឆ្នាំ២០១៦ហើយ, ប្រជាពលរដ្ឋលែងត្រូវការបង់ពន្ធផ្លូវទៀតហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥កន្លងទៅ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ បានសម្រេចលុបចោលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូនមួយចំនួន ដូចជាការប្រមូលពន្ធលើទោចក្រយានយន្ត (ម៉ូតូ) ដើម្បីបង្កើនល្បឿនក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕
No comments:
Post a Comment