ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ
ជូននិស្សិតសាកលវិទ្យាល័យ វេស្ទើន នាវិទ្យាស្ថានជាតិអប់រំនៅថ្ងៃទី១៩ ខែតុលា
ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា
តាមការរាយការណ៍ជូនពីសំណាក់ ឯកឧត្តម ប៉ា សុជាតិវង្ស
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅពេលដែលសម្តេចនៅក្រៅប្រទេស
ខណៈពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅថា ភ្ជុំឆ្នាំនេះ នៅភ្នំពេញគឺស្ងាត់ណាស់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការស្ងាត់នៃរាជធានីភ្នំពេញក្នុងឱកាសបុណ្យភ្ជុំនេះ
ដោយសារកក្តា៣៖ កក្តាទី១ គឺសុខសន្តិភាពដែលប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់ទីកន្លែង
ដោយមិនព្រួយបារម្ភដូចសម័យមានសង្គ្រាមដែលហ៊ុំព័ទ្ធទៅដោយគ្រាប់មីន
និងកំលាំងប្រដាប់អាវុធត្រួតត្រាទឹកដីជា៤ផ្នែក
គឺមានតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលភ្នំពេញ តំបន់គ្រប់គ្រងដោយខ្មែរក្រហម
តំបន់គ្រប់គ្រងដោយធីវគី និងតំបន់គ្រប់គ្រងដោយហ្វ៊ុនស៊ិនប៉ិច
ប៉ុន្តែបច្ចុប្បន្នគឺសុខសន្តិភាពពេញទី
ដូច្នេះប្រជាពលរដ្ឋចង់ទៅលេងឯណាស្រេចតែចិត្តគាត់ចង់
អត់មានត្រូវការសុំច្បាប់អ្នកណា។ សម្តេចតេជោ
សង្កត់ធ្ងន់ថាកក្តាសន្តិភាពនេះសំខាន់ណាស់ ដូច្នេះយើងត្រូវការពារឲ្យបាន។
កក្តាទី២
គឺហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅគ្រប់ទីកន្លែង។
សម្តេចតេជោ រំលឹកថាពីដើមតាមមាត់ទន្លេ ព្រែក
ដែលលំបាកសំរាប់ការធ្វើដំណើរឆ្លងកាត់ រឺការតភ្ជាប់
ដោយត្រូវធ្វើស្ពានជាច្រើនកន្លែង។ ឥឡូវនេះមានផ្លូវថ្នល់ ស្ពាន គឺបានតភ្ជាប់ស្ទើរតែជុំវិញប្រទេស
ដែលទោះបីកន្លែងខ្លះមិនទាន់បានធ្វើហើយទាំងស្រុង
ហើយផ្លូវខ្លះខូចខាចកំពុងជួសជុលក្តី
តែយ៉ាងណាក៏មានផ្លូវសំរាប់ធ្វើដំណើរទៅកាន់កន្លែងដែលចង់ទៅដូចជាស្រុកកំណើត
រមណីយដ្ឋានទេសចរណ៍ រឺទៅធ្វើបុណ្យនៅវត្តអារាមនានា។ កក្តាហេដ្ឋារចនាសម្ព័ន្ធនេះ
វាសំខាន់ណាស់ មិនគ្រាន់តែបញ្ហាសេដ្ឋកិច្ចសង្គមប្រចាំថ្ងៃទេ
បុណ្យទានម្តងៗក៏បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែរ។
អ្វីដែលទើបតែទទួលបានថ្មីៗនេះគឺស្ពានស្យឹបាសា
ដែលដោះស្រាយបានទាំងស្រុងនូវការកកស្ទះចរាចរ នៅសាឡាងអ្នកលឿងជារៀងរាល់ឆ្នាំនោះ។
កក្តាទី៣ គឺប្រជាជនមានប្រាក់ចំណូលដែលអាចធ្វើដំណើរបាន។
សម្តេចលើកជាឧទាហរណ៍ថា បើមានផ្លូវមានយាន្តជំនិះប៉ុន្តែគ្មានលុយ
ក៏មិនអាចធ្វើដំណើរទៅណាបានដែរព្រោះត្រូវការចាក់សាំង។
ប៉ុន្តែប្រជាជនមានប្រាក់ចំណូលអាចធ្វើដំណើរបាន។ សម្តេចតេជោ ក៏បានលើកឡើងថា
បញ្ហាគឺថាឲ្យតែពេលបុណ្យទានម្តងៗគឺរថយន្តឡើងថ្លៃ គឺដូចសណ្ឋាគារនៅញ៉ូវយ៉ក
ដែលឲ្យតែជិតដល់ពេលប្រជុំអង្គការសហប្រជាជាតិម្តងៗ គឺឡើងថ្លៃកប់ពពក
ដូចដែលឡានក្រុងនៅស្រុកខ្មែរដែលឡើងថ្លៃពេលបុណ្យទានចឹងដែរ។
ទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា សម្តេចពិតជាមានមោទនភាពចំពោះការរីកចំរើនរបស់កម្ពុជា
ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ៕
No comments:
Post a Comment