សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះចំនួនពីរ
នៅក្នុងកិច្ចប្រជុំកំពូល របស់ អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈ នៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥។
ជាមួយគ្នានេះ ក្នុងឱកាសស្នាក់នៅបូរីញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងទទួលជួបសម្ភាសន៍ជាមួយ ផលិតករ
ខ្សែភាពយន្ត នៃក្រុមហ៊ុន Ithaca
Filmworks ហើយនិងជួបសំណេះសំណាល ជាមួយតំណាងបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក
ជាង២០០នាក់ ។
តាមប្រភពព័ត៌មានដែលបានផ្ដល់ពីអ្នកយកពត៌មានពិសេស របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ កម្ពុជា
បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា
និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាស យានដ្ឋាន អន្តរជាតិ
John F. Kennedy បូរីញូវយ៉ក
សហរដ្ឋអាមេរិក ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង ២០និង៥៥នាទី ម៉ោងនៅទីក្រុងញូយ៉ក ថ្ងៃទី២៣កញ្ញា
ត្រូវនឹង ម៉ោង ៧និង៥៥នាទី ព្រឹកថ្ងៃទី២៤កញ្ញា ម៉ោងនៅប្រទេសកម្ពុជា ។
សូមរម្លឹកថា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា
អញ្ជើញទៅកាន់ បូរីញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍ
ក្រោយឆ្នាំ២០១៥ នៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិ បូរីញូយ៉ក សហរដ្ឋអាមេរិក ដែលនឹងប្រារព្ធធ្វើឡើងនៅពីថ្ងៃទី២៥
ដល់ថ្ងៃទី២៧កញ្ញា។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានគារវកិច្ចស្វាគមន៍
ពីសំណាក់ ឥស្សរជនជាន់ខ្ពស់ តំណាងឯកឧត្តមអគ្គលេខាធិការអង្គការ សហប្រជាជាតិ, ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត តំណាងអចិន្រៃ្តយ៍ប្រចាំអង្គការសហប្រជាជាតិ
ព្រមទាំង ឥស្សរជនអ្នកការទូត របស់ព្រះរាជាណាចក្រម្ពុជាជាច្រើនរូប ។ ដោយឡែក វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដល់សណ្ឋាគារ
ស្នាក់អាស្រ័យរបស់សម្តេច ក៏ត្រូវបាន គារវកិច្ចស្វាគមន៍យ៉ាង ស្និទ្ធស្នាល រាក់ទាក់ ពីសំណាក់
ថ្នាក់ដឹកនាំ និងមន្រ្តីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងវ៉ាស៊ីនតោន ព្រមទាំងពីសំណាក់
ជនរួមជាតិកម្ពុជា ដែលរស់នៅតាមបណ្តារដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក ។
នៅក្នុងឱកាស នៃការស្នាក់អាស្រ័យនៅបូរីញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្រ្តី
នឹងថ្លែង សុន្ទរកថាគន្លឹះចំនួនពីរ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈ
នៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបសម្ភាសន៍
ជាមួយនឹងអ្នកផលិតខ្សែភាពយន្ត នៃក្រុមហ៊ុន Ithaca
Film Works រួមទាំងការជួបសំណេះ សំណាលជាមួយតំណាងបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក
ជាង២០០នាក់ ផងដែរ ៕





No comments:
Post a Comment