នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ដែលជា ថ្ងៃទី២ នៃការស្នាក់អាស្រ័យ នៅបូរីញូវយ៉ក សហរដ្ឋ អាមេរិក ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំ កំពូល របស់អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈ នៃការអភិវឌ្ឍ ក្រោយឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួប សំណេះសំណាលដោយផ្ទាល់ជាមួយ បងប្អូនជន រួមជាតិខ្មែរ ចំនួនប្រមាណជាង ២០០នាក់ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ប្រទេសកាណាដា បារាំង និងសហព័ន្ធអាល្លឺម៉ង់។
ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត និងជាតំណាង អចិន្រៃ្តយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅបូរីញូវយ៉ក សហរដ្ឋ អាមេរិក មានប្រសាសន៍ជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តីថា បើទោះបីជាឃ្លាតឆ្ងាយពីស្រុក កំណើត មានរយៈពេលដ៏យូរក៏ពិតមែន ប៉ុន្តែបងប្អូនជនរួមជាតិទាំងអស់ នៅតែរក្សាការពារបាន នូវទំនៀមទម្លាប់ប្រពៃណីជាតិយ៉ាងល្អផូរផង់។ ឯកឧត្តមបន្តថា វត្តមានរបស់ សម្តេចតេជោនាយក រដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់មកកាន់ សហរដ្ឋអាមេរិកនៅពេលនេះ គឺបាន បង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចតេជោ ចំពោះសុខទុក្ខនិងជីវភាពរស់នៅ របស់ បងប្អូនជនរួមជាតិទាំងអស់ ដែលរស់នៅឃ្លាតចាកឆ្ងាយ ពីស្រុកកំណើតជាទីស្រឡាញ់របស់ខ្លួន។
មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនជនរួមជាតិខ្មែរ រស់នៅសហរដ្ឋអាមេរិក កាណាដា បារាំង និងសហព័ន្ធអាល្លឺម៉ង់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដោយបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយ បងប្អូនជនរួមជាតិទាំងអស់ ដែលមានវត្តមានក្នុងពិធីដ៏កម្រនៅថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា កម្ពុជាបានឆ្លងកាត់នូវសង្រ្គាម និងរបបប្រល័យពូជសាសន៍ដ៏ល្វីងជូរចត់បំផុត បើប្រៀបធៀបទៅនិងបណ្តាប្រទេសនានាលើសកលលោក ដែលធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត ព្រាត់ប្រាស់គ្នា ចាកចោលស្រុកកំណើតរបស់ខ្លួន មករួចរស់ពីសេចក្តីស្លាប់ និងសង្រ្គាមនៅបរទេស។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍នៅ ចំពោះមុខបងប្អូនជនរួមជាតិទាំងអស់នោះដែរថា ដោយសារតែប្រវត្តិសាស្រ្តដ៏ជូរចត់នោះហើយ គឺយើងពិតជាមិនចង់បាននូវ ប្រវត្តិសាស្រ្តច្រំដែល បែបនោះ កើតឡើងសារជាថ្មីនៅលើទឹកដី ដ៏កំសត់របស់យើងតទៅមុខទៀតនោះទេ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា សម្តេចបានសិក្សាពីប្រវត្តិនៃសង្រ្គាមដែលបានកើតនៅ លើបណ្តាប្រទេសមួយចំនួនលើពិភពលោក ពោលគឺយើងមិនអាចប្រើប្រាស់សង្រ្គាមដើម្បី បញ្ចប់សង្រ្គាម បាននោះទេ តាមរយៈនេះហើយបានជារូបសម្តេចផ្ទាល់បានចំណាយពេលវេលាដ៏ច្រើនបំផុត ក្នុងការ ស្វែងរកការចរចាបញ្ចប់សង្រ្គាមបង្ហូរឈាម រវាងខ្មែរនិងខ្មែរគ្នាឯង បើទោះបីជាដល់ទីកន្លែងណាក៏ដោយ ក្នុងពិភពលោកយើងនេះ។ នៅចំពោះមុនបងប្អូនជនរួមជាតិខ្មែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបាន ធ្វើការក្រើនរំលឹកដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ បញ្ឈប់ការលាបពណ៌ដាក់គ្នាពោលគឺយើង កុំខ្វល់ពីអតីតកាលថាជាអ្វីនោះទេ ផ្ទុយទៅវិញគឺយើងទាំងអស់គ្នាជាជាតិសាសន៍ខ្មែរតែមួយ ហើយកាល ដែលយើងមករស់នៅបែកឃ្លាតពីប្រទេស កំណើតគឺកើតឡើងដោយសារតែអ្នកនយោបាយមួយចំនួន ដែលបង្ខំឲ្យយើងទៅនៅទីនេះទៅនៅទីនោះបែបនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ បន្តថា បច្ចុប្បន្ននេះស្ថានភាពរបស់ប្រទេសកម្ពុជា មិនដូចពីពេលមុនតទៅទៀតទេ គឺកម្ពុជាកំពុង ធ្វើការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែងទាំងអស់ ចាប់តាំងពីទីក្រុងរហូតដល់តំបន់ចុងកាត់មាត់ញក។ សម្តេច តេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា សម្តេចមានប្រសាសន៍នៅពេលនេះ គឺមិនមែននិយាយក្នុងនាមជាមេដឹកនាំគណបក្សនយោបាយនោះទេ ផ្ទុយទៅវិញគឺរូបសម្តេចនិយាយក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសមួយកំពុងដើរលើផ្លូវត្រូវ និងកំពុងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់នៅចំពោះមុខបងប្អូនទាំងនោះថា អ្វីដែល បងប្អូនបានឮនិងបានឃើញនៅតាមបណ្តាញសារព័ត៌មាន ពីប្រទេសកំណើតរបស់ខ្លួន គឺវាមិនទាន់ គ្រប់គ្រាន់នោះទេ ផ្ទុយទៅវិញគឺមានតែបងប្អូនជនរួមជាតិទាំងអស់ ធ្វើដំណើរទៅលេងស្រុកកំណើតដោយផ្ទាល់ទេទើបអាចដឹងថា តើកម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពបែបណានោះ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រទេសកម្ពុជាមិនមែនជាប្រទេសរបស់អ្នកកាន់អំណាច មួយក្រុមណាមួយនោះទេ ផ្ទុយទៅវិញប្រទេសកម្ពុជា គឺជាប្រទេសរបស់ប្រជាជនកម្ពុជាទាំងអស់ រាប់ទាំងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលកំពុងមានវត្តមានរស់នៅក្រៅប្រទេសទាំងអស់ផងដែរ។
សម្តេចតេជោមានប្រសាសន៍បន្តថា វប្បធម៌សន្ទនាដែលបង្កើតឡើងដោយរូបសម្តេច និងឯកឧត្តម សម រង្សី ហាក់មិនមានភាពល្អប្រសើរទាល់តែសោះ ដោយសារតែភាគីម្ខាងកេងចំណេញខាងនយោបាយ បំរើផលប្រយោជន៍គណបក្សជាជាងបំរើឲ្យផលប្រយោជន៍ប្រទេស និងប្រជាជនកម្ពុជា។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា វប្បធម៌សន្ទនា មិនមែនទើបតែកើតឡើងនៅពេលនេះនោះទេ គឺវាបានកើតឡើងស្ទើរតែពាក់កណ្តាលជីវិតរបស់សម្តេចទៅ ទៀត។ សម្តេចមានប្រសាសន៍បន្តថា សម្តេចបានលើកឯកឧត្តម សម រង្សី ធ្វើជាដៃគូសន្ទនា ប៉ុន្តែនេះមិនមែនជាលើកដំបូងរបស់ សម្តេចនោះទេ ដៃគូសន្ទនារបស់សម្តេចគឺព្រះករុណាព្រះបរមរតនកោដ្ឋ ដែលការចរចាចាប់ផ្តើមនៅ ហ្វែរអង់តែឌឺន័រ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ហើយមុនពេលមកដល់នៃដំណាក់កាល នៃការចរចាកំរិតកំពូលនោះ សម្តេចបានប្រើប្រាស់ពេលវេលាជាច្រើនណាស់ ក្នុងការសន្ទនាគ្នាដើម្បី បញ្ចប់បញ្ហា។ សម្តេចតេជោបន្តថា សម្តេចមិនជឿថាការប្រើប្រាស់សង្រ្គាមដើម្បីបញ្ចប់សង្រ្គាម គឺមិនអាចទៅរួចនោះទេ ផ្ទុយទៅវិញមានតែការសន្ទនាគ្នា ចរចាគ្នានោះទើបអាចបញ្ចប់សង្រ្គាម និងជម្លោះខាងនយោបាយបាន។ តាមរយៈពិធីសំណេះសំណាលក្នុងលក្ខណៈជាមហាគ្រួសារនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថ្លែងនូវអំណរគុណជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ននេះជា សក្ខីភាពស្រាប់៕
No comments:
Post a Comment