យោងតាមសារលិខិតរបស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៥
ផ្ញើជូនឯកឧត្តម បាន គីមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការដែលអង្គការសហប្រជាជាតិ
បានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចីផែនទីដើម
ដែលតម្កល់ទុក នៅបណ្ណាល័យ ដាក់ ហាំម៉ាស្ក៍ហ្សូល មកប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់
បញ្ជាក់អំពីភាពត្រឹមត្រូវពិតប្រាកដ
ជាមួយនឹងផែនទីផ្លូវការ នាថ្ងៃទី ២០ ខែសីហា កន្លងទៅ ពិតជាបានចូលរួមវិភាគទាន ដ៏មានតំលៃបំផុត ដល់កិច្ចប្រឹងប្រែង
របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅបញ្ចៀស និងបញ្ចប់នូវការញុះញង់ ដោយគ្មានការទទួលខុសត្រូវ
និងមិនក្រែងរអែងលើការបំពានច្បាប់
ក្នុងបំណងបង្កើតស្មារតីជាតិនិយមជ្រុល ហើយធ្វើឲ្យមានការបាក់បែកជាតិ។
សម្តេចតេជោ ហ៊ុន សែន
បានគូសបញ្ជាក់ថា ការបំផុសនិងចោទប្រកាន់រាជរដ្ឋាភិបាលថាបានប្រើប្រាស់ផែនទីក្លែងក្លាយ
គឺបានធ្វើឲ្យមានការភាន់ច្រឡំនៅក្នុងចំណោមសាធារណៈមតិជាតិ និងអន្តរជាតិ
ដើម្បីកេងចំណេញខាងនយោបាយ ដោយមជ្ឈដ្ឋានមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលជាប្រការអាចបង្កើតគ្រោះមហន្តរាយដ៏ធំធេង
សម្រាប់ជាតិកម្ពុជាទាំងមូល ក៏ដូចជាសម្រាប់សុខសន្តិភាពរវាងកម្ពុជា ជាមួយប្រទេសជិតខាងក្នុងតំបន់
និងម៉្យាងវិញទៀត បានប៉ះពាល់ដល់ការប្តេជ្ញាចិត្តដ៏មោះមុតឥតងាករេ
របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយរបស់កម្ពុជា
សំដៅកសាងខ្សែបន្ទាត់ព្រំដែនមួយ ច្បាស់លាស់ មិត្តភាព សន្តិភាព សហប្រតិបត្តិការ
និងអភិវឌ្ឍន៍។
សម្តេចតេជោ បានបញ្ជាក់ថា
ការសរសេរលិខិតជូនឯកឧត្តម បាន គីមូន នៅពេលនេះក្នុងបំណងថ្លែងអំណរគុណ ចំពោះកាយវិការដ៏ថ្លៃថ្លារបស់
ឯកឧត្តម បាន គីមូន ដែលបានផ្តល់កិច្ចសហការ និងការយោគយល់ដល់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងដំណើរការខ្ចីផែនទីដើម ដើម្បីផ្ទៀងផ្ទាត់នេះ។ ផែនទីដើមដែលអង្គការសហប្រជាជាតិ
បានផ្តល់ឲ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចី គឺពិតជាមានសារៈប្រយោជន៍ជាអនេកកប្បការ
ពីព្រោះវាជាផែនទីដើម ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទីមួយជំនាន់នោះ
នៅក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ បានប្រើប្រាស់ជាផែនទីផ្លូវការ
សម្រាប់ប្តឹងទៅអង្គការសហប្រជាជាតិ អំពីការឈ្លានពានរបស់បរទេសលើទឹកដីកម្ពុជា។
ក្នុងលិខិតរបស់សម្តេចតេជោ
ហ៊ុន សែន ផ្ញើជូនឯកឧត្តម បាន គីមូន ក៏បានជម្រាបផងដែរថា ស្របតាមខ្លឹមសារនៃលិខិតប្តូរគ្នា
រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល ពិធីប្រគល់ ឲ្យខ្ចី និងទទួលផែនទីដើមទាំងនេះ
ត្រូវបានធ្វើឡើងជាផ្លូវការនៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី
២០ ខែសីហា ឆ្នាំ២០១៥ រវាងឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការចំពោះកិច្ច សម្រាប់សម្របសម្រួលការងារទទួល
ប្រគល់ និងផ្ទៀងផ្ទាត់ផែនទីជាមួយនឹងលោកស្រី
មេរាននី កេឡេទី វ៉ាកាស៊ីស៊ីកាកាឡា នាយកស្តីទីនៃបណ្ណាល័យ ដាក់ ហាំម៉ាស្ក៍ហ្សូល របស់អង្គការសហប្រជាជាតិ។
ក្រោយពីពិធីនេះចប់ភ្លាម គណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារទទួល
ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី របស់រាជរដ្ឋាភិបាលបានរៀបចំបន្តធ្វើការផ្ទៀងផ្ទាត់ផែនទីដើម
ដែលអង្គការសហប្រជាជាតិបានឲ្យខ្ចីនេះ ជាមួយនឹងផែនទីផ្លូវការ តាមការកំណត់នៃច្បាប់
ដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងប្រើប្រាស់ សម្រាប់កំណត់ព្រំដែនជាមួយប្រទេសជិតខាង
ក្នុងលក្ខណៈបើកចំហរ ប្រកប ដោយតម្លាភាព ដោយមានការចូលរួមត្រួតពិនិត្យ និងសង្កេតការណ៍យ៉ាងទូលំទូលាយពីសំណាក់គ្រប់តួអង្គពាក់ព័ន្ធ។
លទ្ធផលនៃការផ្ទៀងផ្ទាត់ ដោយបើកចំហរ និងប្រកបដោយតម្លាភាពនេះ បានបង្ហាញឲ្យឃើញអំពីភាពត្រឹមត្រូវ
ដូចគ្នាបេះបិទ រវាងខ្សែបន្ទាត់ព្រំដែននៃផែនទីដើម
ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទីមួយ បានប្រើប្រាស់ជាផ្លូវការ
ហើយដែលត្រូវបានអង្គការសហប្រជាជាតិ អនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចីនាពេលនេះ
ជាមួយនឹងខ្សែបន្ទាត់ព្រំដែននៃផែនទីផ្លូវការ តាមការកំណត់នៃច្បាប់ ដែលរាជរដ្ឋាភិបាលកម្ពុជាបាន
និងកំពុងប្រើប្រាស់សម្រាប់កំណត់ព្រំដែនរវាងព្រះរាជណាចក្រកម្ពុជា ជាមួយនឹងប្រទេសជិតខាងនាពេលបច្ចុប្បន្ន៕
No comments:
Post a Comment