តាងនាមឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ ឯកឧត្តម ស្វាយ ស៊ីថា
រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ឃុំកុមាររាជា
បានដឹកនាំប្រជុំត្រួតពិនិត្យការងារដែលបានអនុវត្តកន្លងមកបន្ទាប់ពីបើកកិច្ចប្រជុំកាលពីខែឧសភា
ដោយបានវាយតម្លៃខ្ពស់អំពី ជោគជ័យដែលថ្នាក់មូលដ្ឋានអនុវត្តមានប្រសិទ្ធភាពនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព
និងការផ្តល់សេវាសាធារណៈបានល្អប្រសើរជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅក្នុងស្រុកបាទី កាលពីចុងសប្តាហ៍កន្លងទៅ
ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ ស្នងការររងនគរបាលខេត្ត អធិការស្រុក
ក្រុមប្រឹក្សា នាយប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានភូមិ និងតំណាងយុវជននៃសម្ព័ន្ធយុវជនកម្ពុជាទាំង១៣ភូមិ
ក្នុងឃុំកុមាររាជា សរុបប្រមាណជាង១០០នាក់។
លោក លឹម លី តំណាងក្រុមប្រឹក្សាឃុំ បានឡើងមានប្រសាសន៍អំពីស្ថានភាពទូទៅរបស់ប្រជាពលរដ្ឋ ដោយបានបញ្ជាក់ថា
ប្រជាពលរដ្ឋក្នុងឃុំទាំងមូលបានទទួលនូវភាពកកក់ក្តៅ និងសប្បាយរីករាយ
ជាមួយនឹងសកម្មភាពចុះធ្វើការយ៉ាងសស្រាក់សស្រាំជាប្រចាំរបស់ក្រុមការងារថ្នាក់ជាតិ
នៅតាមគ្រប់ភូមិទាំង១៣ ដូចជា ការចុះសំណេះសំណាលសួរសុខទុក្ខ
ស្វែងយល់ពីតម្រូវការជាក់ស្តែង ការផ្តល់ថវិការដើម្បីជួសជុលទ្វាទឹក
រិះរកវិធីស្តាអណ្តូង ស្រះ ជូនប្រជាពលរដ្ឋប្រើប្រាស់ ចុះជួបផ្ទាល់សម្រួលការលំបាកដល់ប្រជាពលរដ្ឋជួបនូវខ្យល់កន្ត្រាក់ដួលរលំផ្ទះ
ឧបត្ថម្ភមនុស្សចាស់ជរាក្នុងភូមិ ការចូលរួមនៃសកម្មភាពមនុស្សធម៌តាមរយៈការចុះចែកឃីតជាសម្ភារៈដល់ស្ត្រីជាម្តាយ និងទារកដែលទើបនឹងសម្រាលកូនកាលពីខែមិថុនាប្រមាណ២៨គ្រួសារ
ឧបត្ថម្ភថវិកាក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្នុងភូមិជាបន្តបន្ទាប់
និងការទទួលយកសំណើរមួយចំនួនទៀត ដើម្បីស្វែករកវិធីដោះស្រាយ ជាដើម។
បន្ទាប់មកឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ
អនុប្រធានក្រុមការងារថ្នាក់ជាតិចុះឃុំកុមាររាជា
បានឡើងបូកសរុបពីសកម្មភាពការងារមួយចំនួនដែលអាជ្ញាធរក្នុងមូលដ្ឋាន
ចាំបាច់ត្រូវរួមគ្នាពង្រឹងបន្ថែម ដើម្បីធានាសេចក្តីសុខ សុវត្ថិភាព
និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ ក្នុងនោះដូចជាការបន្តពង្រឹងការផ្តល់សេវាសាធារណៈ
និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺជាការងារអាទិភាព។
លោក ង៉ាន់ សារិ អធិការនគរបាលស្រុកបាទី
និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កុមាររាជា បានជម្រាបអំពីការយកចិត្តទុកដាក់ខ្ពស់របស់សមត្ថកិច្ចក្នុងការធ្វើអត្តសញ្ញាបណ្ណ
បានជាង៥ពាន់នាក់ក្នុងឃុំ
និងបានប្តេជ្ញាបន្តកាត់បន្ថយ នឹងទប់ស្កាត់បទល្មើសនានា ជាពិសេស
ទប់ស្កាត់ការចែកចាយគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ។
ឯកឧត្តម ស្វាយ ស៊ីថា
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកុមាររាជា បានមានប្រសាសន៍ដោយកោតសរសើរដល់សមត្ថកិច្ច
និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តតាមការណែនាំកាលពីកិច្ចប្រជុំកន្លងមក
និងបានជម្រុញឲ្យក្រុមការងារទាំងអស់ត្រូវបន្តធ្វើអំពើល្អជានិច្ចជាមួយប្រជាពលរដ្ឋ
និងត្រូវយកចិត្តទុក្ខដាក់ស្វែងយល់ និងដោះស្រាយទុក្ខលំបាកជាក់ស្តែងជូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការ
និងត្រូវខិតខំលុបបំបាត់នូវចំណុចអសកម្មនានារបស់ខ្លួនយើងជាមន្ត្រី
និងសមត្ថកិច្ច បង្កើនប្រសិទ្ធភាពការផ្តល់សេវាសាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ អស់ពីចិត្ត និងសំនូមពរដាច់ខាតមិនឲ្យអាជ្ញាធរទារប្រាក់បន្ថែមពីប្រជាពលរដ្ឋលើសេវានានា ដូចជាការធ្វើអត្តៈសញ្ញាបណ្ណ សំបុត្រកំណើត សំបុត្រមរណៈភាព
សៀវភៅគ្រួសារ ។ល។ និង។ល។
ឯកឧត្តម ស្វាយ ស៊ីថា បានជម្រុញឲ្យបន្តលុបបំបាត់ឲ្យអស់កំរិតអប្បបរមា ក្នុងមូលដ្ឋាននូវការចែកចាយគ្រឿងញៀន និងការលួចឆក់ ប៉ុន្តែការងារនេះទទួលបានជោគជ័យ ឯកឧត្តម មានប្រសាសន៍ថាមិនអាចកាត់ផ្តាច់បានទេពីការចូលរួមរបស់ប្រជាពលរដ្ឋ
។ ឯកឧត្តម ស្វាយ ស៊ីថា
បានចាត់ទុកទុក្ខកង្វល់ធំរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈម ដែលចាំបាច់ត្រូវរកវិធីដោះស្រាយ
ខានមិនបាននោះ គឺទឹកស្អាតប្រើប្រាស់ ទឹកស្រោចដំណាំ និងបង្កបង្កើនផល។
ដោយសារពិនិត្យឃើញថា
នៅក្នុងឃុំកុមាររាជាមានកំណើនសិស្សជាបន្តបន្ទាប់ ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ ស៊ីថា
ក៏បានទទួលយកផងដែរនូវសំណើររបស់តំណាងគ្រូបង្រៀន បុគ្គលិកសិក្សា ឃុំកុមាររាជា
ដើម្បីគោរពស្នើសុំដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី សាងសង់សាលារៀនអនុវិទ្យាល័យ១ខ្នង ពីរជាន់ ១២បន្ទប់
និងអគារទីចាត់ការ១ ដែលសព្វថ្ងៃ មិនទាន់មានសាលាអនុវិទ្យាល័យនៅឡើយ
ហើយបាននិងកំពុងខ្ចីអគារសិក្សា សាលាបឋមសិក្សាដែលចាស់ទ្រុឌទ្រោមបង្រៀនសិស្ស
។ បន្ទាប់មក នៅពេលបិទបញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់បានចូលរួមពិសារអាហាររួមគ្នា
ក្នុងបរិយាកាសរីករាយស្និទ្ធស្នាលដ៏ក្រៃលែង៕
អត្ថបទ៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំ
កុមាររាជា ស្រុកបាទី ខេត្តតាកែវ










No comments:
Post a Comment