នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី
០២ ខែ កក្កដា ឆ្នាំ២០១៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន
និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានធ្វើការបង្ហាញដល់អ្នកសារព័ត៌មានជាតិ
និងអន្តរជាតិ នូវផែនទី ចំនួន២៦ផ្ទាំង ដែលបានយកមកពីអង្គការសហប្រជាតិ។
ឯកឧត្តម វ៉ា គឹមហុង បានមានប្រសាសន៍ថា
មូលហេតុដែលគណៈកម្មាការព្រំដែន ធ្វើសន្និសីទបង្ហាញផែនទី ជាសាធារណៈ គឺព្រោះតែកន្លងមក
មានការលើកឡើងជាច្រើនជុំវិញបញ្ហាផែនទីនេះ ហើយដែលទោះជាគណៈកម្មាការព្រំដែនខិតខំពន្យល់ជាច្រើនដង
និងសូម្បីតែ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន និង
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានពន្យល់ច្រើនលើកច្រើនសារក៏ដោយ ក៏គេនៅតែមិនព្រមទទួលយកការពន្យល់ទាំងនោះ
ហើយនៅតែចោទដដែល ដូច្នេះហើយយើងមិនមានជម្រើសណាក្រៅពីការបង្ហាញផែនទីជាសាធារណៈ។
ឯកឧត្តម វ៉ា គឹមហុង លើកឡើងទៀតថា បើសិនណាជាមិនមានការបង្ហាញផែនទីនេះ
គឺគេនៅតែមានការសង្ស័យ ហើយការចោទរបស់មជ្ឈដ្ឋានខ្លះមកលើរាជរដ្ឋាភិបាលថា បានយកផែនទីខុស
រឺផែនទីក្លែងក្លាយ គឺជាការចោទប្រកាន់ធ្ងន់ធ្ងរណាស់ ការចោទនេះគឺជាអំពើក្បត់ជាតិមួយ
ព្រោះបើយកផែនទីក្លែងក្លាយយកមកធ្វើព្រំដែនជាមួយប្រទេសជិតខាងបានន័យថា យើងធ្វើឲ្យបាត់បង់ទឹកដី
នេះជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា ដើម្បីចៀសវាងការទិតៀនបន្តទៀត
សូមជម្រាបថាបើសិនជាការបង្ហាញនេះមានការខ្វះខាត រាជរដ្ឋាភិបាលគឺនៅតែបើកទ្វារចំហរឥតលាក់លៀម
យើងនឹងបន្តពន្យល់ទៀត តែសូមសុំកុំយកបញ្ហាព្រំដែនទៅធ្វើជាយុទ្ធនាការដើម្បីរកប្រជាប្រិយភាពអីព្រោះវាគ្រោះថ្នាក់ដល់ជាតិទាំងមូល។
ឯកឧត្តមក៏សូមសំណូមពរដល់ប្រជាជនខ្មែរទាំងអស់ មិនថាជាអ្នកគាំទ្របក្សនយោយណានោះទេ
ក្នុងនាមជាខ្មែរដូចគ្នាយើងត្រូវហ៊ានទទួលយកការពិត។
គួរបញ្ជាក់ថានៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកមិញនេះ
ឯកឧត្តម វ៉ា គឹមហុង បានបង្ហាញផែនទី SCE
របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន ដែលមាន២៦ផ្ទាំង ដែលរក្សាទុកនៅនាយកដ្ឋានភូមិសាស្ត្រកម្ពុជា
បន្ទាប់ពីកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ នៅឆ្នាំ១៩៧៩។ ផែនទីមួយផ្នែកទៀត
បានមកពីវិទ្យាស្ថានភូមិសាស្ត្រជាតិបារាំង IGN នៅទីក្រុងបារីស ប្រទេសបារាំង។ ឯកឧត្តមបញ្ជាក់ថា ផែនទីដែលបានបង្ហាញនៅពេលនេះ
ជាផែនទីចាស់ មិនមានបោះពុម្ពថ្មីទេ ហើយខ្លះត្រូវបានបោះពុម្ពតាំងពីឆ្នាំ ១៩៤១, ១៩៦១ និងខ្លះបោះពុម្ពនៅឆ្នាំ ១៩៥៤ ដែលកាលនោះនាយកដ្ឋានបារាំង
មិនបានធ្វើតែមួយឆ្នាំទេ គឺធ្វើច្រើនឆ្នាំទើបចប់។
ឯកឧត្តម ក៏បានបង្ហាញនូវផែនទី Dak To ជាផែនទីមូលដ្ឋាន ដែលត្រូវបានយកមកប្រើក្នុងការធ្វើព្រំដែនជាមួយប្រទេសជិតខាង។
ឯកឧត្តមបញ្ជាក់ថា ជាធម្មតាគឺយើងយកផែនទីមកសំអាងប៉ុន្តែនៅមានបញ្ហាបច្ចេកទេស
គឺយើងឃើញថាផែនទីនេះមានខ្នាតតូច ដូច្នេះយើងត្រូវធ្វើការចម្លងពីផែនទីហ្នឹង ទៅលើផែនទីខ្នាត
១/១០០.០០០ ប៉ុន្តែផែនទី ខ្នាត ១/១០០.០០០ គឺអត់មាន Katiya UTM ទេ ដែលមិនអាចអនុញ្ញាតឲ្យយើងប្រើជាមួយឧបករណ៍ថ្មី
GPS ក្នុងការបោះបង្គោលព្រំដែននៅលើដីបាន។
ឯកឧត្តមសង្កត់ធ្ងន់ថា ផែនទីដែលមានក្រឡាសំរាប់ប្រើជាមួយឧបករណ៍ GPS គឺផែនទី SCE ដែលមាននៅក្រុមភូមិសាស្ត្រឥណ្ឌូចិន។
ប៉ុន្តែទោះយ៉ាងណាផែនទីទាំងអស់ គឺសុទ្ធតែចម្លងពីផែនទីដើម ដែលបារាំងបានគូស និងដែលកម្ពុជាបានយកទៅកម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ១៩៦៤
ដែលកាលនោះ ព្រះករុណាសម្តេចព្រះនរោត្តមសីហនុ ជាព្រះប្រមុខរដ្ឋ ហើយនៅឆ្នាំនោះ យើងក៏បានបញ្ជូនផែនទីនេះ
ទៅកាន់ប្រទេសពាក់ព័ន្ធផ្សេងៗដូចជា ប្រទេសអាមេរិក ថៃ ឡាវ និងវៀតណាម។ល។
នៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាន នៅព្រឹកមិញនេះ
ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានលើកឡើងថា អ្វីដែលយើងបានធ្វើការបង្ហញនូវថ្ងៃនេះ
គឺច្បាស់លាស់អស់ហើយ ដូច្នេះយើងស្នើថាកុំឲ្យមានការលើកឡើងថា រាជរដ្ឋាភិបាលយកផែនទីក្លែងក្លាយ
រឺផែនទីខុសទៀតអីមកប្រើទៀតអី ព្រោះផែនទីដែលបង្ហាញនៅពេលនេះ គឺយើងបានប្រើសំរាប់ដំណើរការបោះបង្គោលព្រំដែន
ដែលជាផែនទីយកមកពីអង្គការសហប្រជាជាតិ ដែលកម្ពុជាបានយកទៅកម្កល់ទុកកាលពីឆ្នាំ១៩៦៤
ដែលត្រូវបានបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន សម័យអាណានិគមបារាំង៕




No comments:
Post a Comment