សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរសៀលថ្ងៃទី២៦ ខែមិថុនា
ឆ្នាំ២០១៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីទទួលទានអាហារស្រាយបួស
ជាមួយប្រជាពលរដ្ឋខ្មែរឥស្លាម នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ
ដោយមានអ្នកចូលរួម ចំនួន ៤១០០នាក់។
ពិធីទទួលទានស្រាយបួស ជាប្រពៃណីរបស់សាសនិកឥស្លាម
នៅក្នុងអំឡុងបុណ្យរ៉ាម៉ាដាន់ ដែលមានរយៈពេល៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥មក
ដែលសាសនិកអ៊ិស្លាម ត្រូវតមមិនទទួលទានអាហារ និងទឹក តាំងពីព្រឹកព្រលឹម រហូតដល់ពេលថ្ងៃលិច
ទើបអាចទទួលទានបាន។
អូស្មាន់ ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការរៀបចំកម្មវិធី
បានមានប្រសាសន៍ថា ពិធីស្រាយបួសនេះ គឺជាការបួសសម្រាប់កាតព្វកិច្ចទី៤ ដោយខាងសាសនាឥស្លាម
គឺមានកាតព្វកិច្ចដល់ទៅ៥ ហើយការបួសនៅក្នុងមួយខែ ខែរ៉ាម៉ាដាន់ គឺជាកាតព្វកិច្ចទី៤
ដែលអ្នកកាន់សាសនាឥស្លាមទាំងអស់ តបអាហារតាំងពីព្រលឹម រហូតទៅដល់ម៉ោង ៦និង២៩នាទី
(មានការប្រែប្រួលខ្លះទៅតាមតំបន់មួយចំនួន) បើគិតទៅជាង១៤ម៉ោង ដែលអត់អាហារ។ ហើយការតបអាហារនេះ
មិនមែនតបតែអាហារទេ គឺដើម្បីឲ្យការបួសកាន់តែល្អ គឺមិនត្រូវធ្វើអំពើណាដែលប៉ះពាល់ទៅដល់អ្នកដទៃ
កុំនិយាយអាក្រក់ កុំប្រព្រឹត្តអំពើអាក្រក់ ...និងខិតខំធ្វើយ៉ាងណាដើម្បីឲ្យបានល្អ
នៅក្នុងខែបួស។ ហើយធ្វើម៉េចឲ្យបានជិតស្និទ្ធជាមួយអ្នកក្រីក្រ អ្នកដែលខ្សត់ខ្សោយ
ខ្វះខាត។ នៅក្នុងរយៈពេលដែលបួស យើងអាចគិតឃើញទៅដល់អ្នកក្រីក្រដែលមានការលំបាក ខ្វះខាត
ឬក៏អ្នកដែលងាយរងគ្រោះ។
ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំពិធីទទួលទានអាហារស្រាយបួសនេះ
គឺជាឆ្នាំទី២ហើយ ដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានឲ្យរៀបចំកម្មវិធីនោះឡើង
ដោយមានអ្នកចូលរួមជាង ៤.០០០នាក់ ដោយក្នុងនោះមានបងប្អូនដែលជាសានិកឥស្លាមដែលជាមេដឹកនាំខេត្ត
ស្រុក ភូមិ មកពីគ្រប់ខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា យុវជនមកពី៣៤សាលា វិទ្យាស្ថាន
សកលវិទ្យាល័យ មានចំនួនជាង ១.០០០នាក់ និងមហាជននៅជុំវិញរាជធានីភ្នំពេញ និងខេត្តនៅជិតៗ
ជាង ១.០០០នាក់។ ហើយក្រៅពីនេះ មានអង្គការ សមាគមក្រុមហ៊ុន ភ្ញៀវជាតិ អន្តរជាតិ
ដែលមកពីបណ្តាប្រទេសមួយចំនួន ក៏មកចូលរួមដែរ។ ហើយក្រៅពីនេះ ប្រមុខដដឹកនាំរាជរដ្ឋាភិបាល
ថ្នាក់ដឹកនាំជាន់ខ្ពស់ សមាជិក ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី
មានអភិបាលខេត្ត អភិបាលខេត្តរង...គឺបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរ។ ហើយក្រៅពីនេះ
ក៏មានអង្គទូតចូលរួមប្រមាណជា២៣ អង្គទូត ដែលប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅភ្នំពេញ
ក៏ដូចជានៅក្រៅប្រទេស។
ឯកឧត្តម អូស្មាន់ ហាស្សាន់ បានបញ្ជាក់ថា
“នេះមិនមែនតែសម្តេចតេជោ
ទើបតែយកចិត្តទុកដាក់នៅពេលនេះទេ និយាយជារួមដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានផ្តល់ទៅលើប្រជាពលរដ្ឋគ្រប់រូប
ផ្តល់ទៅលើបងប្អូនសហគមន៍ឥស្លាមនេះ គឺមានយូរណាស់មកហើយ គ្រាន់តែកម្មវិធីរៀបចំអាហារស្រាយបួសនេះ
ដែលយើងទើបតែរៀបចំធំពីរឆ្នាំ ដែលកន្លងទៅយើងរៀបចំនៅតាមវិហារ រៀបចំនៅតាមកន្លែងផ្សេងៗជាច្រើន
ជាបន្តបន្ទាប់មកហើយ ប៉ុន្តែឆ្នាំនេះ បងប្អូនខ្មែរឥស្លាមយើង រួមទាំងខ្ញុំ គឺមានមោទនភាពណាស់
ដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញទៅផ្តល់កិត្តិយសជូនដល់បងប្អូនសហគមន៍ឥស្លាម
ក៏ដូចនៅកម្ពុជា ក៏ដូចជាសហគមន៍ឥស្លាមនៅក្នុងពិភពលោកផងដែរ”៕
No comments:
Post a Comment