នៅក្នុងជំនួបពិភាក្សាការងារ នៅរសៀលថ្ងៃទី
២៥ ខែមិថុនា ខែ ២០១៥ នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអនុញ្ញាត្តិឲ្យ ឯកឧត្តម Han Qide អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន
និងជាប្រធានសមាគមប្រជាជនចិនដើម្បីសន្តិភាព និងការកាត់បន្ថយសព្វាវុធ បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ
លើវិស័យពាណិជ្ជកម្ម និងការទូត។
នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម Han Qide អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន
បានមានប្រសាសន៍ថា ប្រទេសចិនតែងតែមើលឃើញប្រទេសកម្ពុជា ជាប្រទេសជិតខាងគ្នាល្អ
និងជាបងប្អូន ដោយឯកឧត្តមបានសំដែងការដឹងគុណចំពោះ អតីតព្រះមហាវីរក្សត្រកម្ពុជា
គឺសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ កាលពីព្រះអង្គនៅមានព្រះជន្ម គឺទ្រង់បានកសាងនូវទំនាក់ទំនងការទូតដ៏ល្អជាមួយប្រទេសចិន។
ឯកឧត្តម Han
Qide បានបន្តថា ទំនាក់ទំនងទ្វេភាគីរវាង
ប្រទេសចិន និងកម្ពុជាបានឈានឡើង ពីមួយកំរិតដល់មួយកំរិត ហើយឯកឧត្តមក៏បានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជា
ដែលបានគាំទ្រដល់ប្រទេសចិន នៅក្នុងតំបន់ក៏ដូចជានៅក្នុងឆាកអន្តរជាតិ ហើយប្រទេសចិន
ក៏បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបន្តការគាំទ្រ ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។
សំរាប់កិច្ចការវិនិយោគ ប្រទេសចិនបានបង្កើតនូវធនាគារ
ហេដ្ឋារចនាសម្ព័ន្ធវិនិយោគរបស់អាស៊ាន (Asian
Investment Infrastructure Bank) ដែលបានចូលរួមចំណែកដ៏សំខាន់
ក្នុងកាត់បន្ថយភាពក្រីក្រក្នុងបណ្តាលប្រទេសអាស៊ានមួយចំនួន ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ានផងដែរ។
ជាការឆ្លើយតបនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងប្រទេសចិនបើនិយាយពីប្រវត្តិសាស្ត្រ
ទំនាក់ទំនងវប្បធម៌គឺ មានរយៈពេល ប្រមាណជាង២០០០ឆ្នាំមកហើយ ក៏ប៉ុន្តែបើនិយាយអំពីទំនាក់ទំនងការទូត
រវាងប្រទេសទាំងពីរគឺមានអាយុកាលជាង ៥០ឆ្នាំ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបន្តថា
ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានការរីកចំរើនពីមួយពេលទៅមួយពេល ហើយបានរួមចំណែកដល់ការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច
និងការទូតដើម្បីផលប្រយោជន៍ប្រជាជននិងប្រទេសទាំងពីរ គឺកម្ពុជា និងចិន។ ឯកឧត្តមបណ្ឌិតសភាចារ្យ
បានសង្កេតឃើញថាសព្វថ្ងៃនេះ ទំនាក់ទំនងការទូតដែលមានរយៈពេលជាង៥០ឆ្នាំកន្លងមកនេះ
គឺបានឈានតាំងពីតំណាក់កាល ទំនាក់ទំនងការទូតធម្មតា រហូតដល់ដំណាក់កាលគ្រប់ជ្រុងជ្រោយ
ហើយដំណាក់កាលមួយទៀតដែលយើងបានឈានមកដល់ គឺយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន។
ឯកឧត្តមបន្តថាការ វិនិយោគរបស់ចិនបានដើរតួនាទីដ៏សំខាន់
នៅប្រទេសកម្ពុជា សព្វថ្ងៃនេះគឺ ចំណាត់ថ្នាក់លេខ១ហើយមាន ទឹកប្រាក់វិនិយោគប្រមាណជាជាង១០ពាន់លានដុល្លា
ហើយយើងដឹងថានៅឆ្នាំ ២០១៣កន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជានិងចិនមានប្រមាណជាង
៣៣០០លានដុល្លារ ហើយរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ បានកំណត់ហើយថា យើងនឹងឈានទៅដល់ពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ
២០១៧ ប្រមាណជាទឹកប្រាក់៥០០០លានដុល្លាអាមេរិក។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថាទំនាក់ទំនង
រវាងប្រទេសទាំងពីរគឺមានភាពល្អប្រសើរទៅវិញទៅមក ហើយទំនាក់ទំនងរវាងថ្នាក់ដឹកនាំកំពូលៗរវាងប្រទេសទាំងពីរក៏កាន់តែល្អប្រសើរ
ដោយសារតែទំនាក់ទំនងល្អនេះហើយ ធ្វើឲ្យកម្ពុជា-ចិនទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក
និងទទួលបានជោគជ័យ រវាងបក្ស និង បក្ស ហើយក៏បានចូលរួមចំណែកក្នុងការកសាងធនធានមនុស្សនៅកម្ពុជា
ដើម្បីការអភិវឌ្ឍន៍ប្រទេសកម្ពុជា ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា
នៅចុងឆ្នាំ២០១៥នេះ សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងកើតមានឡើង ហើយដែលគេនិយាយថាសហគមន៍មួយជោគវាសនាតែមួយ
ដូច្នេះទោះបីជាមានគម្លាតខ្លះនៅក្នុង សមាជិកអាស៊ាន ប្រៀបធៀបជាមួយនឹងសមាជិកអាស៊ានថ្មី
និងចាស់ក៏ដោយ ក៏ប៉ុន្តែប្រទេសកម្ពុជា ក៏ដូចជាប្រទេសចិនគឺខិតខំធ្វើយ៉ាងណាដើម្បីជួយឲ្យ
គម្លាតរវាងសមាជិកអាស៊ានចាស់និងថ្មី ត្រូវបានកាត់បន្ថយ៕
អត្ថបទ៖ ច័ន្ទ ទេវី



No comments:
Post a Comment