ក្រោយពីសេចក្តីព្រាងច្បាប់ស្តីពីសមាគម
អង្គការក្រៅរដ្ឋាភិបាល បានបញ្ជូនទៅដល់រដ្ឋសភារួចមក នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥
លោក សម រង្ស៊ី បានប្រកាសគាំទ្រឲ្យផ្អាកការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគម
អង្គការក្រៅរដ្ឋាភិបាល។ ការប្រកាសគាំទ្ររបស់មេបក្សប្រឆាំងឲ្យផ្អាកការពិភាក្សា
និងអនុម័ត សេចក្ដីព្រាងច្បាប់នេះ គឺធ្វើឡើងក្រោយជំនួបរវាង លោក សម រង្ស៊ី និងតំណាងអង្គការសង្គមស៊ីវិលជាតិ
និងអន្តរជាតិចំនួនតែជាង ១០ស្ថាប័នប៉ុណ្ណោះ នារដ្ឋសភា នៅរសៀលថ្ងៃទី២២ មិថុនា។
ក្រោយពីការប្រកាសគាំទ្ររបស់មេបក្សសង្គ្រោះជាតិ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានឲ្យដឹងថាគណបក្សសង្រ្គោះជាតិនឹងស្នើដល់សភាឲ្យផ្អាកការពិភាក្សា
និងពន្យារពេលអនុម័តសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែតាមប្រសាសន៍របស់ ឯកឧត្តម ឈាង
វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រាប់បណ្តាញ ព័ត៌មានរាជរដ្ឋាភិបាល(GNN)
ថាឯកឧត្តម មិនទាន់បានឃើញសំណើរណាមួយនោះទេពីបក្សប្រឆាំង។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ លោក
ថៅ វាសនា ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ដែលមានអង្គការសមាគមជាង៣០កំពុងធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា
បានឲ្យដឹងថា បច្ចុប្បន្ននៅកម្ពុជាមានអង្គការក្រៅរដ្ឋាភិបាលរហូតទៅដល់ជាង ៤០០០
ហើយមានតែ ១០ ទៅ ២០ អង្គការក្រៅរដ្ឋាភិបាលប៉ុណ្ណោះដែលមិនពេញចិត្តទៅនឹងសេចក្តីព្រាងច្បាប់នេះ
ក្រៅពីនេះអង្គការក្រៅរដ្ឋាភិបាលភាគច្រើនបានទទួលស្គាល់ និងស្វាគមន៍ទៅលើសេចក្តីព្រាងច្បាប់នេះ
និងជម្រុញឲ្យសភាអនុម័តឲ្យបានឆាប់។
លោក ថៅ វាសនា បានបន្តទៀតថា នៅក្នុងខ្លឹមសារសេចក្តីព្រាងច្បាប់ទាំងអស់
គឺគ្មានមាត្រាមួយណាដែលធ្វើឲ្យប៉ះពាល់ ឬ ក៏បន្ទុចបង្អាក់ដល់សេរីភាព និងការបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជាទេ
ដោយឡែកផ្ទុយទៅវិញគឺសេចក្តីព្រាងច្បាប់នេះបានគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាល ធ្វើសកម្មភាពស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ធានានូវតម្លាភាព ទប់ស្កាត់នូវការលាងលុយកខ្វក់ តាមរយៈអង្គការក្រៅរាជរដ្ឋាភិបាល។
លោកបន្តទៀតថាច្បាប់នេះពេលដែលអនុម័ត នឹងមានការស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា
ចំពោះអង្គការក្រៅរដ្ឋាភិបាលដែលធ្វើសកម្មភាពត្រឹមត្រូវ បំរើផលប្រយោជន៍សាធារណៈជន
គឺគេមិនខ្លាចច្បាប់នេះទេផ្ទុយទៅវិញ គឺគេស្វាគមន៍ច្បាប់នេះ ព្រោះពេលច្បាប់នេះចេញទៅវាធានាសិទ្ធិស្របច្បាប់
សិទ្ធិក្នុងការធ្វើសកម្មភាពស្របច្បាប់របស់អង្គការក្រៅរាជរដ្ឋាភិបាល។
លោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃនេះដែរដោយប្រកាសគាំទ្រឲ្យមានការអនុម័តច្បាប់ស្តីពីអង្គការ
សមាគមនេះ ព្រោះដោយមើលឃើញថា មានមនុស្សខិលខូចមួយចំនួន បានប្រមូលគ្នាជាក្រុមបង្កើតជា
សមាគម រឺ អង្គការមិនមែនរដ្ឋាភិបាល ដោយឆ្លៀតឱកាសដែលប្រទេសកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងសមាគម
រឺ អង្គការមិនមែនរដ្ឋាភិបាល ពួកគេបានធ្វើសកម្មភាពភាព
មួយចំនួនដូចជា បង្កចលាចលក្នុងសង្គមខ្មែរ បោកប្រាស់ប្រាក់ជំនួយបរទេសក្នុងនាមប្រទេសកម្ពុជាក្រោមហេតុផលអភិវឌ្ឍ
និងធ្វើសកម្មភាពលាងលុយដែលបានមកពីប្រភពមិនស្របច្បាប់នានា ដែលសកម្មភាពទាំងអស់នេះបានធ្វើឲ្យប៉ះពាល់ដល់ភាពត្រឹមត្រូវរបស់សមាគម
រឺ អង្គការមិនមែនរដ្ឋាភិបាលដែលមានសកម្មភាពស្របច្បាប់និងបានធ្វើឲ្យកិត្តិយស កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិធ្លាក់ចុះជាលំដាប់។
គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម
អង្គការក្រៅរដ្ឋាភិបាល ត្រូវបានក្រសួងមហាផ្ទៃ រៀបចំតាក់តែងចំនួន ៤ លើក ចាប់តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ
ដោយបានសហការជាមួយអ្នកជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងអង្គទូតជាច្រើន ដោយមានទាំងការពិគ្រោះយោបល់យ៉ាងទូលំទូលាយផងដែរ។
នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមានសមាសភាព ១៣ រូបបានប្រជុំសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់
ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះទៅកាន់គណៈកម្មាធិការជំនាញទាំង ៣
នៃរដ្ឋសភាដើម្បីពិនិត្យ និងសិក្សាមុននឹងបញ្ជូនទៅកាន់កិច្ចប្រជុំពេញអង្គរដ្ឋសភាដើម្បីប្រជុំអនុម័ត៕

No comments:
Post a Comment