យោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពីការតែងតាំងចៅក្រមថ្មី
នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥
បានឲ្យដឹងថា ដោយមានការចាត់តាំងពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម បាន
គីមូន និង ការអនុម័ត យល់ព្រមពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានតែងតាំងចៅក្រមឈ្មោះ BAIK
Kang Jin (ជនជាតិកូរ៉េខាងត្បូង) ជាចៅក្រមអន្ដរជាតិថ្មីនៅអង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញ
ក្នុងតុលាការកម្ពុជា អ.វ.ត.ក។ ការតែងតាំងចៅក្រមថ្មីនេះ គឺជំនួសចៅក្រម រូវ៉ាន់
ដោននីង (ជនជាតិអូស្រ្តាលី) ដែលបានលាលែងពីតំណែងកាលពីដើមឆ្នាំ២០១៥ នេះ។
កន្លងមកនេះ ចៅក្រម BAIK Kang Jin បានបំពេញការងារជាចៅក្រមនៅតុលាការកំពូលក្រុងសេអ៊ូល
ចាប់តាំងពីឆ្នាំ២០១៣មក ហើយលោកបានបំពេញការងារជាតំណាងពិសេស នៃក្រុមប្រឹក្សាទទួលខុសត្រូវផ្នែកកម្មសិទ្ធបញ្ញា
និងជាសមាជិកមិនអចិន្រៃ្តយ៍ នៃគណៈកម្មការ ការពារព័ត៌មានផ្ទៃក្នុងរដ្ឋាភិបាលកូរ៉េ។
ចៅក្រម BAIK Kang Jin ត្រូវបានតែងតាំងតំណែងជាចៅក្រមលើកដំបូងនៅឆ្នាំ១៩៩៤ ហើយលោកបានចូលរួមក្នុងការជំនុំជម្រះក្ដីលើសំណុំរឿងឧក្រិដ្ឋកម្មមួយចំនួន
នៅក្នុងតុលាការថ្នាក់ក្រោមបីផ្សេងគ្នា ក្នុងប្រទេសកំណើតរបស់លោក។ នៅក្នុងឆ្នាំ១៩៩២
លោក BAIK
Kang Jin បានទទួលបរិញ្ញាបត្រផ្នែកច្បាប់ពីសាកល
វិទ្យាល័យជាតិសេអ៊ូល និងបានបំពេញកម្មវិធី SJD ជាមួយនឹងសាកលវិទ្យាល័យច្បាប់ជាតិសេអ៊ូល
ក្នុង ឆ្នាំ២០១០។
ដោយឡែក នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា លោកសាស្រ្តាចារ្យ
Michael
Bohlander (ជនជាតិអាលឺ្លម៉ង់) ត្រូវបានតែងតាំងជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុងថ្មី
ជំនួសចៅក្រម Olivier
Beauvallet
(ជនជាតិបារាំង) ដែលត្រូវតែងតាំងជាចៅក្រមអន្តរជាតិនៃអង្គបុរេជំនុំជម្រះកាលពីពេលកន្លងមក
ក្នុងឆ្នាំនេះ។

No comments:
Post a Comment