យោងតាមលិខិតមួយរបស់ក្រសួងការបរទេស
និង សហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា
ប្រជាពលរដ្ឋខ្មែរ ៨នាក់ទៀតហើយ ដែលត្រូវបានជួយសង្រ្គោះចេញពីទូកនេសាទថៃ នៅក្នុងកោះអំបន់
ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពី រងគ្រោះ ដោយការជួញដូរកម្លាំងពលកម្ម។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ឲ្យដឹងក្នុងលិខិតដដែលថាពលករខ្មែរទាំង៨នាក់ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីវេលាម៉ោង
៣ និង៥៥នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥នេះ បន្ទាប់ពី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី
សហការជាមួយក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី រំដោះពួកគេចេញពីទូក នេសាទ។
ឯកឧត្តម ជុំ សុន្ទរី បានឲ្យដឹងទៀតថា
តាមការណែនាំរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ស្ថានទូតកម្ពុជាប្រចាំប្រទេស ឥណ្ឌូណេស៊ី បានជួបធ្វើការជាមួយក្រុមហ៊ុនឥណ្ឌូណេស៊ី
PT.S &
T Mitra
Mina Industri ដែលជាក្រុមហ៊ុន
តំណាងភាគីម្ចាស់ទូកនេសាទថៃ បានរៀបចំឲ្យពលករខ្មែរ ៨នាក់ ពីកោះអំបន់ បានវិលត្រឡប់មកកម្ពុជាវិញ។
ជាមួយគ្នានេះផងដែរ តាមការទាមទាររបស់ស្ថានទូត
ក្រុមហ៊ុន បានបើកប្រាក់បៀវត្សរ៍ជូនពលករខ្មែរទាំង ០៨នាក់នេះរួចរាល់ហើយ។
គួរបញ្ជាក់ថាកន្លងមក ស្ថានទូតកម្ពុជា
ក៏បានធ្វើការជាមួយក្រុមហ៊ុន PT. Maribu
Industries Group ដោះស្រាយប្រាក់បៀវត្សរ៍
និងបញ្ជូនពលករខ្មែរចំនួន ២៣០នាក់ មកដល់កម្ពុជាផងដែរកាលពីថ្ងៃទី១៨ មិថុនា ២០១៥កន្លងទៅ៕

No comments:
Post a Comment