Tuesday, June 09, 2015

សមាគមយុវជនកំណែទម្រង់រដ្ឋ ចេញសេចក្តីអំពាវនាវ ជុំវិញទង្វើរអសីលធម៌មួយចំនួនដែលកើតឡើងនៅលើបណ្តាញផ្សព្វផ្សាយសង្គមថ្មី

នៅក្នុងសេចក្តីអំពាវនាវ ​របស់ លោក ប៉ុល សីហា​ ប្រធានសមាគមយុវជន​កំណែទម្រង់រដ្ឋ ​ដែលចេញផ្សាយនៅថ្ងៃទី ​០៩ ខែមិថុនា ឆ្នាំ ២០១៥ ​បានលើកឡើងថា ​ដោយមើលឃើញថា ​យុវជនមួយចំនួន​ នាពេលសព្វថ្ងៃនេះ ​បាននិងកំពុងប្រើប្រាស់​បណ្តាញសង្គមដូចជា​ website youtube, twitter, google plus, blog ​ជាពិសេស ​facebook ​ដើម្បីបញ្ចេញ​ និង​ផ្សព្វផ្សាយទស្សនៈ ​គំនិតយោបល់ផ្ទាល់ខ្លួន ​កាត់តរូបភាព ​បង្ហោះផ្សាយ រិះគន់ ​ជេរ​ប្រមាថអ្នកដទៃ​បែបអនាធិបតេយ្យ ​ដោយគ្មានសីលធម៌ ​នាំឲ្យបាត់បង់អស់​នូវតម្លៃ សេចក្តី​ថ្លៃថ្នូររបស់យុវជនយើង ​និងម្យ៉ាងទៀតវាបានធ្វើឲ្យប៉ះ​ពាល់ដល់ប្រពៃណី ​វប្បធម៌​ និង​អរិយធម៌​ដ៏ល្អផូរផង់របស់ខ្មែរ ​ដែលជាជាតិសាសន៍​ដ៏ចំណាស់ជាងគេ​នៅក្នុងតំបន់អាស៊ី​ បែកអាគ្នេយ៍​យើងនេះ​។
         
​សេចក្តីអំពាវនាវ​ដដែលបានសង្កត់ធ្ងន់ថា​ ជាក់ស្តែង​ ក្រោយពីមរណភាព​របស់លោក ​ជា ស៊ីម​  ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា ​និងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា​ កាលពីថ្ងៃទី០៨ ​ខែមិថុនា ឆ្នាំ២០១៥ ​កន្លងមកនេះ  ​យើងសង្កេតឃើញថា ​មានយុវជនមួយចំនួន​ មិនត្រឹមតែមិនចូលរួម​រំលែកទុក្ខដ៏ក្រៀមក្រំ​ នៃការបាត់បង់ឥស្សរជន​ ថ្នាក់ដឹកនាំប្រកប​ ដោយវីរភាព ​ដែលធ្លាប់ចូលរួមដឹកនាំ​រំដោះប្រទេសជាតិ ​ពីរបបប្រល័យពូជសាសន៍​ រំលត់​សង្រ្គាមស៊ីវិលដ៏ប្រល័យ​ ការផ្សះផ្សារបង្រួបបង្រួមជាតិ​ និងការស្វែងរកសន្តិភាពជូន​ប្រទេសជាតិកម្ពុជា​ប៉ុណ្ណោះទេ ​ក៏ប៉ុន្តែយុវជនមួយចំនួន​ បានជេរប្រមាថ​ ប្រទេចផ្តាសារ​យ៉ាងធ្ងន់ធ្ងរ​បំផុតទៅលើអ្នកស្លាប់ ​និងថ្នាក់ដឹកនាំដែលនៅរស់។​

​លោក ប៉ុល សីហា ​ប្រធានសមាគម​កំណែទម្រង់រដ្ឋ​ បានបញ្ជាក់​ក្នុងសេចក្តីអំពាវនាវ​នេះ​ថា ​ក្នុងស្មារតីលើកស្ទួយ​សិទ្ធិសេរីភាព​ក្នុងការបញ្ចេញមតិ ​ការគោរពសិទ្ធិមនុស្ស ​និងការ​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា ​សមាគមយុវជនកំណែ​ទម្រង់រដ្ឋ​ គាំទ្រឲ្យមានការិះគន់​ ការបញ្ចេញមតិស្រប​ ឬប្រឆាំង ​ប្រកបដោយសេចក្តីថ្លៃថ្នូរ​ មានគុណធម៌​ មានសីលធម៌​ សុជីវធម៌ ​ដោយរក្សាបាននូវតម្លៃ​របស់យុវជន​ ជាបញ្ញាវន្ត ​និងជាអ្នកបន្តវេនរបស់ប្រទេស​ជាតិនៅថ្ងៃក្រោយ។ ​ដើម្បីរក្សាបាននូវតម្លៃ ​សេចក្តីថ្លៃថ្នូររបស់យុវជន​ សមាគមយុវជន​កំណែទម្រង់រដ្ឋ ​សូមអំពាវនាវយ៉ាងទទូច​ដល់យុវជនខ្មែរ​ យុវនារី និងបងប្អូនជន​រួមជាតិខ្មែរ​ទាំងអស់ ​មេត្តាបញ្ចេញ​មតិរិះគន់​ដើម្បីស្ថាបនា ​មានហេតុផល ​មានសីលធម៌ ​គោរពគ្នាទៅ​វិញទៅមក ​បញ្ចៀសបាន​នូវការបង្កកំហឹង​ ជំលោះ ​ឬការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ​អ្នកដទៃ​ ជាពិសេស ​សូមបញ្ឈប់​រាល់អំពើទាំងឡាយ​ដែលកំពុងធ្វើឲ្យសង្គម​ខ្មែរអាប់ឱន​ នាំឲ្យសាធារណៈ​មតិជាតិ ​និងអន្តរជាតិ ​គេវាយតម្លៃមក​សលើយុវជនខ្មែរ៕

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment