Monday, May 18, 2015

សម្តេច​ហ៊ុន​សែន ផ្តល់ការ​លើកទឹក​ចិត្តដល់​ប្រតិភូ​កីឡា SEA Games កម្ពុជា មុន​ចេញ​ទៅ​ប្រកួត​​នៅសឹង្ហ​បូរី

ប្រតិភូកីឡា SEA  Games កម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលអនុញ្ញាត្តិឲ្យចូល​ជួបសំណេះសំណាល​ផ្តល់​ការ​លើកទឹកចិត្ត ដើម្បីឈានទៅដណ្តើម​យក​មេដាយជូនជាតិ​មាតុភូមិឲ្យបានពីការប្រកួតSEA  Games លើក​ទី២៨  ដែលនឹងប្រព្រឹត្តទៅនៅ​ប្រទេស​សឹង្ហ​បូរី នាដើមខែមិថុនា ក្រោយនេះ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា បានជួបសំណេះ​សំណាល​និង​ផ្តល់អនុសាសន៏​មួយចំនួនជា​ការជួយលើក​កម្លាំង​ចិត្ត​ដល់​ប្រតិភូកកីឡា SEA  Games កម្ពុជា នៅវិមាន​សន្តិ​ភា​​​ព​​​នាព្រឹកថ្ងៃទី១៨ ​ឧសភានេះ  មុន នឹងចេញដំណើរ​ទៅចូលរួម ប្រកួតកីឡាSEA  Games លើកទី២៨   នៅ​ប្រទេស​សឹង្ហបូរី​។

​គួររំលឹកថា បច្ចុប្បន្ននេះ ដោយការ​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាល​កម្ពុជា ពិសេសការយក​​ចិត្តទុក​ដាក់​គិត​គូរ​លើក​ទឹកចិត្ត​ដោយ​ផ្ទាល់ពី ប្រមុខរាជ​រដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន បានធ្វើឲ្យវិស័យ​កីឡា​នៅ​​កម្ពុជា មានសកម្មភាព​ផុលផុះ អភិវឌ្ឃន៏បាន​យ៉ាងលឿន រហូតបាន​ធ្វើឲ្យមុខមាត់​ប្រទេស​កម្ពុជា​យើង​បានខ្ពស់​ត្រដែត និង​ល្បីរន្ទឺរ​ជាបន្ត​បន្ទាប់នៅលើឆាកអន្តរជាតិ ដោយសារកម្ពុជាមានវីរៈនារីយ៉ាងឆ្នើម គឺ ​កីឡាការីនី ស៊ន សៀវម៉ី ​ កាលពីថ្មីៗកន្លងមក បាននាំមកនូវ​មេដាយមាស​ពីការប្រកកួត​តេក្វាន់ដូរ​ជូនជាតិ  និងកីឡាការីនីជ​ម្រើស​ជាតិកែ ឡេង ដែលទទួលបានមេដាយមាស ក្នុងការប្រកួត​ប្រភេទ​កី​ឡា​ប៉េតង់​ពិភព​​លោកលើក​ទី១៤​នៅម៉ុងតូបង់ សាធា​រណ​រដ្ឋបារាំង ក៏ជាការនាំម​កនូវកិត្តិយស​ដ៏ឧត្តុង្គឧត្តម​ជូនជាតិ​មាតុភូមិ ​ផង​ដែរ។​

នៅក្នុងពិធីជួបសំណេះសំណាល់​ជាមួយ​ក្រុមកីឡាករ កីឡាការីនី សម្តេចតេ​ជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​​ចក្រកម្ពុជា​បាន​បង្ហាញពីមោទ​នភាព​​ថាពេល​នេះវិស័យ​កីឡា​របស់​កម្ពុជាយើង​កំពុង​បោះ​ជំហ៊ាន​រីកចំរើន​ហើយ។​ បើ​​ទោះបីវិស័យ​កីឡាកម្ពុជា​ពិតមែន​តែមាន​សន្ទុះរីក​ចំរើន​ប៉ុន្តែ​​សម្តេចនៅ​បាន​ជំរុញ​ឲ្យយកចិត្ត​ទុកដាក់​ហ្វឹកហ្វឹន​បង្កើន​សមត្ថភាពបន្ថែម​ទៀត​ដើម្បី​ដណ្តើម​យក​មេដាយ​ពីការ​ប្រកួត​នានា​ទៀត ដោយ​សម្តេច​​បានអះ​អាង​ថា បើ​កម្ពុជា​យើងដណ្តើមបាន​មេដាយមាសពីការ​ប្រកួតកីឡា​ក្នុងកំរិត​ស៊ីហ្គែមឬ​ពិភព​លោក​​​​សម្តេច​នឹង​នៅ​រង​ចាំទទួល​​ស្វាគមន៏​លើក​ទឹកចិត្តដោយ​ផ្ទាល់នូវដំណើរ​វិល​ត្រឡប់​មកកាន់​​មាតុប្រទេស​វិញ​របស់​​​ប្រតិភូ​កីឡា​​នៅវិមានសន្តិភាព​។

ឯកឧត្តមថោង ខុន ប្រធាន គណៈ​កម្មាធិការជាតិ​អូឡាំពិកកម្ពុជា បានឲ្យដឹងថា   កម្មវិធីប្រកួតកីឡា​ប្រ​ចាំតំ បន់ អាស៊ីអាគ្នេយ៍ SEA Games ឆ្នាំ២០១៥ លើកទី២៨នេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០៥ដល់ថ្ងៃទី១៦ ខែមិថុនា ប្រទេ​ស​សិង្ហបូរីធ្វើជាម្ចាស់ផ្ទះ ដោយបានរៀបចំការប្រកួត​លើ៣៩​ប្រ​ភេទ​​​កីឡា​​ និង​ជាង៤រយវិញ្ញាសារ  ក្នុងនោះ​កម្ពុ​ជា​បាន​បញ្ជូន​ប្រតិភូ កីឡាទៅចូលរួម​សរុប២៥៦រូប លើ២២​ប្រភេទ​កីឡា ត្រូវនិង ៣១៦វិញ្ញាសារ។

គួរបញ្ជាក់ថា ការប្រកួតកីឡា SEA Games លើកទី២៧នៅប្រទេស​មីយ៉ាន់ម៉ា​ក្នុងពេលកន្លង​មកកម្ពុជាទទួលបាន មេដាយមាស៨ ត្រូវ១៤គ្រឿងលើ៤ប្រភេទកីឡា ៨វិញ្​ញាសារ  មេដាយប្រាក់​១១ត្រូវនិង២៩​គ្រឿងលើ​៥​ប្រភេទ​​កីឡា១១​វិញ្ញាសារ  និង​មេដាយ សំរិទ្ធ២៩ ត្រូវនិង៩​៩គ្រឿង លើ៨ប្រភេទកីឡា ២៩វិញ្ញាសារ សរុបមេដាយដែល  កម្ពុជា​ទទួលបាននៅឆ្នាំ២០១៣ មានចំនួន១៣៥គ្រឿង លើ១៧ប្រភេទកីឡា៤៨វិញ្ញាសារ ហើយកម្ពុជា​ទទួល​បានចំណាត់ថ្នាក់ទី៩ ក្នុងចំណោម​ប្រទេសចំនួន១១គឺកម្ពុជា លើប្រុយណេ និងទីម័រ។ ឯកឧត្តម ថោង ខុន បង្ហាញ​នូវការប្តេជ្ញាចិត្តថា ការទៅចូលរួមប្រកួត SEA Gamesលើកទី២៨ នេះ​  កម្ពុជានិងខិតខំប្រឹងប្រែង​ដណ្តើ​ម​យក​មេដាយឲ្យបាន ​ ជូនជាតិមាតុភូមិរបស់យើង ។

ចំពោះប្រាក់រង្វាន់លើកទឹកចិត្ត​រាជរដ្ឋាភិបាល​ បានផ្តល់​ជូន តាមអនុក្រិត មេដាយ​មាស១គ្រឿង  ទទួលបាន​៤០​លានរៀល។  មេដាយប្រាក់១គ្រឿង ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត៣០លានរៀល និងមេ​ដាយសំរិទ្ធ១​គ្រឿង​ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន១៦លានរៀល ក្រៅពីនេះសម្តេចតេជោ ក៏និងផ្តល់ប្រាក់រង្វាន់​ផ្ទាល់​របស់​សម្តេច ដើម្បីជាការជួយលើកទឹកចិត្តបន្ថែមផងដែរ៕










  

No comments:

Post a Comment