Monday, May 18, 2015

ទស្សនៈវិភាគដោយ៖ ទេព អម្រឹត, អង្គការសង្គមស៊ីវិល ត្រូវធ្វើការរិះគន់ដោយមានសច្ចភាព ដើម្បីរក្សាស្ថិរភាពជាតិ និងជៀសវាងការភាន់ច្រឡំ

បន្ទាប់ពីលេចលឺថា ​រាជរដ្ឋាភិបាលមាន​គម្រោង​រៀបចំឲ្យមានច្បាប់មួយ ​ដែលគ្រប់គ្រងលើ​ការប្រើប្រាស់ ​និងការផ្សព្វផ្សាយព័ត៌មាន​ តាមប្រព័ន្ធអ៊ីនធឺណេត​ អង្គការសង្គមស៊ីវិលមួយ​ចំនួន​បានធ្វើការរិះគន់ធ្ងន់ៗ​មកលើរាជរដ្ឋាភិបាល​ ដែលបង្ហាញថា ​អង្គការសង្គមស៊ីវិល​ទាំងនោះ​ មិនអើពើយកចិត្តទុកដាក់​អំពីការលើកកម្ពស់​ការគោរពច្បាប់​ និងការអនុវត្តច្បាប់​នោះទេ។​
​ជាការពិតណាស់ ​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ សកម្មភាពប្រើប្រាស់​អ៊ីនធឺណេតរបស់ប្រជាជន​ខ្មែរ ​គឺមានភាពរីក​ចំរើនហួសពីការស្មាន​ ហើយចំនួនអ្នក​ប្រើប្រាស់​អ៊ីនធឺណេត ​និងបណ្តាញ​សង្គមនានា​ ក៏កើនឡើងយ៉ាងគំហុក​ ដែលបណ្តាល​ឲ្យជះឥទ្ធិពលយ៉ាង​ធ្ងន់ធ្ងរដល់​ ស្ថិរភាពជាតិ ​និងសណ្តាប់ធ្នាប់​សាធារណៈសង្គម ​តាមរយៈការផ្សព្វផ្សាយ​ខុសពីការពិត​ និងធ្វើឡើង​​ដោយចេតនាខ្មៅកខ្វក់។​
កន្លងមកការប្រើប្រាស់​ប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា​ ជាពិសេសយុវជន​ អ្នកលេង Facebook ​ដែលមាននិន្នាការ​គាំទ្រគណបក្សប្រឆាំង​ បានប្រព្រឹត្តនូវទង្វើ​ជ្រុសហួសហេតុ​ និងបានធ្វើ​ឲ្យប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរលើប្រពៃណីខ្មែរ។​ យុវជនមួយចំនួនធំ​ បានធ្វើការបង្ហោះវីដេអូ ​ច្រៀងរាំរែក ​បែបកន្ត្រាក់​ រំជើបរំជួលស្រើបស្រាល​ ការជេរប្រមាថ​អ្នកដឹកនាំប្រទេស ​ការ​ប្រើពាក្យសំដៅ​បញ្ឆេះហិង្សា​ ពាក្យសំដីអសីល​ធម៌ អសុរោះ។ ​សកម្មភាពរបស់ពួកគេ ​ហាក់​បង្ហាញថាពួកគេ​ទាំងនោះ​ សុទ្ធតែជា​គតិបណ្ឌិត​ ដែលចេះគ្រប់​រឿងគ្រប់ជំនាញ​ និងបានធ្វើ​ការបង្គាប់បញ្ជា​ថ្នាក់ដឹកនាំ​ឲ្យធ្វើបែបនេះ​ ធ្វើបែបនោះ។ ​ទោះជាមានភាព​មិនប្រក្រតី​ និង​អំពើអសីលធម៌​ជាច្រើនរាប់មិនអស់​កើតចេញពីការ​ប្រើប្រាស់ប្រព័ន្ធ​អ៊ីនធឺណេត​ និងបណ្តាញ​សង្គមនេះដ៏ដោយ ​ក៏គេមិនដែលឃើញ​អង្គការសង្គមស៊ីវិល​ណាមួយចេញ​មុខមករិះគន់ឡើយ​។
យុវជន ​និងអ្នកប្រើប្រាស់​ប្រព័ន្ធអ៊ីនធឺណេត​ ដែលគាំទ្របក្ស​ប្រឆាំង ​ជាញឹកញយ​បានកាត់ ​និងបង្ហោះ ​រូបភាព ​និងវីដេអូ​ ថ្នាក់ដឹកនាំ ​ទៅជាសត្វធាតុ​ និងប្រមាថកិត្តិយស​យ៉ាងធ្ងន់ធ្ងរ ​ដល់ថ្នាក់​ដឹកនាំប្រទេស​ រួមទាំងក្រុមគ្រួសារ​យ៉ាងអាក្រក់បំផុត​ដែលមិនគួរនឹងអាចធ្វើទៅបាន ​ក្នុងនាមជាកូន​ខ្មែរឡើយ។ ​ផ្ទុយទៅវិញ​ ប៉ុន្តែគេមិនដែលបានឃើញ​ការរិះគន់ណាមួយ​ចំពោះសកម្មភាព​ខុសឆ្គងធ្ងន់ធ្ងរ​ទាំងនោះឡើយ​ នេះជាការមើលរំលង​មួយយ៉ាងធ្ងន់ធ្ងរមិន​អាចទទួលយកបាន។​
ការរិះគន់ ​ដែលខុសពីការពិត​ រួមទាំងការជេរប្រមាថធ្ងន់ៗ​មកលើរាជរដ្ឋាភិបាល ​វាជាការ​រំលោភលើ ​លទ្ធិប្រជាធិបតេយ្យ ​ដោយរាជរដ្ឋាភិបាល​ខ្មែរដឹកនាំប្រទេស​ សព្វថ្ងៃគឺស្រប​តាមច្បាប់រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា​ ដែលការដឹកនាំប្រទេសនេះ​កើតចេញពី​ការគាំទ្រ​របស់ប្រជាពលរដ្ឋ​ខ្មែរភាគច្រើន​ ដែលបានបោះឆ្នោតជូន ​មិនមែនឡើងកាន់​អំណាចដោយផ្តាច់ការ ​រឺអត្តនោម័តនោះទេ។​ ការបង្ហោះសកម្មភាព​លើបណ្តាញសង្គមមួយ​ចំនួន ​ខុសពីការពិតគឺជា​ការជាន់ពន្លិចសីលធម៌ខ្មែរ ​និងតំលៃយុវជន​យ៉ាងធំដែលមិនអាច​មើលរំលង​បានឡើយ​។
ប៉ុន្តែគួរឲ្យ​សោកស្តាយណាស់​ ដែលលេចលឺថា​រាជរដ្ឋាភិបាល​គ្រោងរៀបចំឲ្យបានច្បាប់​គ្រប់គ្រងអ៊ីនធឺណេត ​ដើម្បីបញ្ចៀសសកម្មភាព​ខុសសីលធម៌ ​និងការប្រព្រឹត្ត​ផ្ទុយពីសីលធម៌​ធ្ងន់ធ្ងរពេក ​ចំពោះអ្នកប្រើប្រាស់​អ៊ីនធឺណេត ​ដែលខុសពីច្បាប់នោះ​ បែរជារងការរិះគន់ពី​សំណាក់អង្គការ​សង្គមស៊ីវិលទៅវិញ។​ ការជម្រុញឲ្យប្រទេស​មួយមានច្បាប់គឺ​ ក្នុងគោល​បំណងឲ្យសង្គម​ខ្មែរមានរបៀបរៀបរយ​ ស្ថិតក្នុងភាពជា​អ្នកគោរពគ្នា​ទៅវិញទៅមក​ និង​ដើម្បីថែរក្សា​ប្រយោជន៍ជាតិ ​សន្តិសុខ​ ស្ថិរភាព ​និងរបៀបរៀបរយ​សារធារណៈ​ក្នុងសង្គម​ខ្មែរ​។​ នេះមានន័យថា​ ពេលសង្គមខ្មែរ​ វឹកវរ ​ពួកគេមិនដែល​អើពើទេ​ ដល់ពេលដែលរាជរ​ដ្ឋាភិបាល​គេរៀបចំឲ្យមាន​ច្បាប់ទម្លាប់បែរ​ជារិះគន់ទៅវិញ​។
ដូច្នេះការរិះគន់​របស់អង្គការ​សង្គមស៊ីវិលនេះ​ គឺឆ្លុះបញ្ចាំងថា​ធ្វើឡើងដោយ​មិនបានបំរើ​ផលប្រយោជន៍​ដល់ប្រជាជន​ទូទៅនោះទេ​ ការរិះគន់នេះ​ ហាក់បីបង្ហាញ​នូវគោលបំណង​យ៉ាងជាក់លាក់​ក្នុងយុទ្ធនាការ ​ប្រឆាំងច្បាប់​ និងប្រឆាំងរាល់​កិច្ចការងារទាំងអស់​របស់រាជរដ្ឋា​ភិបាល។ ​ការសំដែងមតិមួយ ​គួរបង្ហាញតថភាព​សង្គម។​ ដូច្នេះតើ​អង្គការសង្គម​ស៊ីវិល ​ចង់​ឃើញប្រទេស​មួយធ្លាក់​ទៅក្នុងអំពើហិង្សា​ រឺចង់ឲ្យឃើញ​ប្រទេសមាន​របៀបរៀបរយ?​
ធាតុពិតរាជ​រដ្ឋាភិបាលមិន​ដែលបានត្រួតពិនិត្យ​ ការចេញផ្សាយព័ត៌មាន​របស់ស្ថាប័ន​ព័ត​មានណា​មួយមុន​ពេលផ្សាយ​ឡើយ ​ហើយបើរាជរដ្ឋា​ភិបាល​ពិតជាមិន​បានគោរព​សេរីភាព​ព័ត៌មាន​ និង​មានការបំបិទ​សិទ្ធិមែន ​មិនមែន​វិទ្យុផ្សាយសំលេង​អន្តរជាតិមួយ​ចំនួន​ ដែល​តែងតែ​ធ្វើការផ្សព្វផ្សាយ​ដោយរិះគន់មកលើ​រាជរដ្ឋាភិបាល​ធ្ងន់ធ្ងរ ​នៅតែអាច​ដំណើរការ​ការផ្សាយ​របស់ខ្លួន​ដោយសេរី ​គ្មានការត្រួត​ពិនិត្យ ​និងសូម្បីតែគណបក្ស​ប្រឆាំង ​និង​គណបក្សនយោបាយ​ផ្សេងៗទៀត​ ក៏មាន​កម្មវិធីផ្សាយសំលេង​របស់ខ្លូននៅតាម​វិទ្យុមួយចំនួន​ ដែល​តែងធ្វើការ​ជេរប្រមាថ ​វាយប្រហារ​ និងរិះគន់អត់សំចៃ​មាត់​ដោយសេរី​បាននោះទេ។​

​បច្ចុប្បន្ននេះ ​ស្ថានភាព​ប្រើប្រាស់អ៊ីន​ធឺណេត ​និង​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ ហាក់មាន​សភាព​ហួស​ហេតុធ្ងន់ធ្ងរ​ ដែលបង្កើត​បានជា​វប្បធម៌ពាលាអាវាសែ​ដល់យុវជន​ វប្បធម៌​ហិង្សានិយម ​វប្បធម៌​អាសអាភាស ​វប្បធម៌ ​ពូនផ្តុំផ្តួល​រំលំ​រដ្ឋឯករាជ្យ​តាមរយៈសង្គ្រាម​អ៊ីនធឺណេត​ និងគ្រោះថ្នាក់​ដ៏ធ្ងន់ធ្ងរ​បំផុតនោះ ​គឺការ​ធ្លាក់ចូលទៅ​ក្នុងសង្គ្រាម​រឺភាពវឹកវរ​ណាមួយ​ដោយ​ សារការ​ប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​សង្គមនេះ ​ដោយសេរី​ហួសហេតុ​ពេក​៕

No comments:

Post a Comment