Wednesday, May 27, 2015

អាជ្ញាធរជាតិអប្សរា នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៤ របស់ខ្លួននៅថ្ងៃទី ៤-៥ខែមិថុនា ឆ្នាំ២០១៥ខាងមុខ


យោង​តាមសេចក្តីប្រកាស​ព័ត៌មាន ​របស់​អាជ្ញាធរជាតិ​អប្សរា ចុះថ្ងៃទី ២៦ ខែ​ឧសភា ​ឆ្នាំ២០១៥ ស្តីពីកិច្ច​ប្រជុំបច្ចេកទេស​លើកទី ២៤ របស់គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និងអភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសា​ស្ត្រអង្គរហៅកាត់​ថា អាយ​ស៊ី​ស៊ី-អង្គរ បាន​ឲ្យដឹង​ថា គណៈ​កម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីដ្ឋាន​ប្រវត្តិសា​ស្ត្រអង្គរហៅ​កាត់​ថា អាយស៊ីស៊ី-​អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹង​បើកកិច្ចប្រជុំបច្ចេកទេស​លើក​ទី ២៤ របស់​ខ្លួន នៅថ្ងៃទី ៤-៥ខែមិថុនា ឆ្នាំ២០១៥ នាសាលសន្និសីទ​អង្គរ នៅមជ្ឈមណ្ឌល​អាជ្ញាធរជាតិ​អប្សរា។

កិច្ចប្រជុំអាយ​ស៊ីស៊ី-អង្គរ នឹងប្រារព្ធ​ឡើង​ក្រោម​អធិបតី​ភាព ឯក​ឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីទទួល​បន្ទុក​ទីស្តី​ការគណៈរដ្ឋមន្ត្រី និង​ជាប្រធានអាជ្ញាធរ​ជាតិអប្សរា រួម​នឹង​សហប្រធានគណៈកម្មាធិ​ការអន្តរ​ជាតិ អាយ​ស៊ីស៊ី-អង្គរ លោក តាកាហ៊ីសា ហ្សូហ្គាវា (Takahisa TSUGAWA) អនុប្រធាន​បេសកម្ម​នៃស្ថានទូត​ជប៉ុន និង​លោក រ៉ូម៉ាំង​លូវ៉េ (Romain LOUVET) ទីប្រឹក្សាផ្នែក​សហប្រតិ​បត្តិការ និងកិច្ចការវប្បធម៌​នៃស្ថានទូត​បារាំង។

របៀបវារៈ​នៃកិច្ចប្រជុំបច្ចេក​ទេស​លើក​ទី ២៤នេះ នឹង​ផ្តោត​ទៅលើ ចំណុច​៣សំខាន់​ៗ រួម​មាន ១-ការតាម​ដាន​អនុវត្តអនុសាសន៍កិច្ច​ប្រជុំប​ច្ចេកទេសលើក​ទី ២៣ និង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើកទី២១ គណៈកម្មាធិការអន្តរ​ជាតិអាយ​ស៊ីស៊ី-អង្គរ អំពីកិច្ចការ​អភិរក្ស ជួស​ជុល និង​ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព, ២-ការងារ​អភិរក្ស ស្រាវ​ជ្រាវ​បុរាណវិទ្យា និងបណ្តុះបណ្តាល​ និងទី ៣- គម្រោង​ថ្មីៗ​នៅរមណីយ​ដ្ឋាន​អង្គរ៕

អត្ថបទ៖ ច័ន្ទ ទេវី


No comments:

Post a Comment