Wednesday, May 27, 2015

អាជ្ញាធរជាតិអប្សរា រកឃើញរូបចម្លាក់ដ៏កម្រមួយចំនួន ក្នុងសកម្មភាពធ្វើកំណាយបុរាណវិទ្យានៅប្រាសាទនាគព័ន្ធ


យោងតាម​កំណត់​ហេតុរបស់​ក្រុម​ធ្វើកំណាយ​ របស់​អាជ្ញាធរ​ជាតិអប្សរា បាន​ឲ្យដឹង​ថា នៅ​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង​ប្រមាណ ៣រសៀល ក្រុម​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះមកទទួលយក​ព្រះកេស​បដិមាមួយ នៅការដ្ឋាន​កំណាយ​បុរាណ​វិទ្យា នៃ​នាយ​កដ្ឋានទឹក ក្នុងប្រាសាទ​នាគព័ន្ធ ស្ថិតក្នុង​រមណីដ្ឋាន​ ឧទ្យាន​អង្គរ ខេត្ត​សៀម​រាប។ ព្រះកេសបដិមានោះ​មានទំហំកំពស់ ២៤សង់ទីម៉ែត្រ និងកំរាស់ ១៦សង់ទីម៉ែត្រ។ សម្មកភាព​នោះមាន​ការចូល​រួម​ពី ប៉ូលីស នគរបាល​ការពារ​បេតិកភ័ណ្ឌ នាយក​ដ្ឋានទឹក នាយ​កដ្ឋានក្នុង​ឧទ្យាន និង​មជ្ឈមណ្ឌលក្នុង​ឯកសារ។
កំណាយ​ស្រាវជ្រាវ​បុរាណ​វិទ្យា របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះ​ឃើញ​ព្រះកេស បំណែកព្រះពុទ្ធ​រូប រូម​នឹង​បំណែក​បាក់​បែក​មួយ​ចំនួន​ទៀត នៅប្រាសាទ​នាគ​ព័ន្ធ ខណៈ​ដែល​ក្រុមកំណាយ​ស្រាវ​ជ្រាវ​បុរាណ​វិទ្យារបស់អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ធ្វើកំណាយ ក្នុង​គោល​បំណងពិនិត្យ​មើល ភាព​ទំនាក់​ទំនង​រវាងរ​ចនាសម្ព័ន្ធ នៃការកសាង​ស្រះ​ទឹក ក៏ដូច​ជា​ប្រាសាទ​តូចៗទាំងបួន​នៅប្រាសាទ​នាគ​ព័ន្ធ។
លោក ឡុង កុសល ប្រធាន​នាយក​ដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា ការធ្វើកំណាយ​បូរាណ​វិទ្យា​នៅប្រាសាទ​នាគព័ន្ធ​នេះ បាន​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។ តែ​ដោយ​ការកំណាយ​នេះ បាន​ប្រទះ​ឃើញ​រួប​ចម្លាក់ ដ៏​កម្រមាន ឬ ស្ទើរ​តែ​មិន​ដែល​មាន និងជួប​ប្រទះនោះ ក្រុម​កំណាយ​ស្រាវ​ជ្រាវ​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា នឹង​គ្រោង​ដាក់​ពាក្យ​ស្នើសុំធ្វើ​កំណាយ​ស្រាវជ្រាវ​បន្ដ​ទៀត ។
ព្រះកេសបដិមា​ទ្រង់​ម្កុដ ដែល​បានប្រះទះ​ឃើញ​នោះ មាន​ទទឹង ១៦សង់​ទីម៉ែត្រ និង កំពស់ ២៤សង់ទីម៉ែត្រ  និង ព្រះពុទ្ធបដិមាស្ថិត​ក្នុង​ឥរិយាបថ ព្រះហស្ថទ្រ​បាត្រ មាន​កំពស់ ៦០សង់​ទីម៉ែត្រ ទទឹង ២២សង់​ទី​ម៉ែត្រ ( បែកបាក់ ឥតមានព្រះ​កេស និងព្រះបាត​នោះទេ ) រួម​ជា​មួយនឹង​បំណែក​បូរាណ​វត្ថុ​ផ្សេងៗ មួយ​ចំនួន​ទៀត​ផង​ដែរ។ បូរាណ​វត្ថុ​ទាំង​អស់​នេះ ​កសាង​អំពី​ថ្មភក់។ ហើយ​ព្រះកេស​ព្រះពុទ្ធរូប​ ទំហំ​១៦សង់​ទីម៉ែត្រ​ កំពស់​២៤សង់​ទីម៉ែត្រ​ធ្វើ​ពី​ថ្ម​ភក់ ស្ថិតក្នុងរចនាបថ​បាយ័ន ។
លោក ឡុង កុសល បាន​បន្ថែម​ថា ព្រះ​កេសបដិមា​ទ្រង់ម្កុដ ដែល​បាន​ប្រទះ​ឃើញ​នោះ ត្រូវបានយក​ទៅរក្សា​ទុក ជា​បណ្តោះអាសន្ន នៅ​ទីស្នាក់​ការ​អាជ្ញាធរជាតិ​អប្សរាហើយ ដើម្បី​ធ្វើ​ការស្រាវ​ជ្រាវ​បន្ត និងចុះ​បញ្ជីបេតិកភណ្ឌ​ស្រប​តាម​គោលការណ៍​អភិរក្ស មុន​នឹង​យក​ទៅ​រក្សា​ទុកនៅសារ​មន្ទីរ៕

អត្ថបទ៖ ច័ន្ទ ទេវី






No comments:

Post a Comment