ក្រោយពីបាន ប្រកាសចូលរួមរំលែកទុកចំពោះគ្រួសារជនរងគ្រោះ
ដែលបានស្លាប់បាត់បង់ជីវិត និងរងបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅឯខេត្តស្វាយរៀង
កាលពីព្រឹកមិញនេះ សម្តេចតេជោ នាយករដ្ឋមន្ដ្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា
២លានរៀល សម្រាប់អ្នកស្លាប់ម្នាក់ៗ និង ១លានរៀល សម្រាប់អ្នករងរបួសម្នាក់។
សម្ដេចនាយករដ្ឋមន្ដ្រី
ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ចំនួន២លានរៀល ជូនគ្រួសារសពជនរងគ្រោះ
ដែលបានបាត់បង់ជីវិតចំនួន ១៨នាក់ (គិតត្រឹមម៉ោង៤រសៀល) និងឧបត្ថម្ភថវិកា ១លានរៀល
ជូនជនរងគ្រោះ ដែលរងរបួសនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នៅខេត្ដស្វាយរៀង កាលពីព្រឹកថ្ងៃទី
១៩ ខែឧសភា ឆ្នាំ២០១៥នេះ ។
ថវិកាឧបត្ថម្ភ របស់សម្ដេចតេជោ
ហ៊ុន សែន ខាងលើនេះ ធ្វើឡើងតាមរយៈលោកជំទាវឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ដែលបច្ចុប្បន្នកំពុងចុះជួយអន្ដរាគមន៍
និងសួរសុខទុក្ខអ្នកជំងឺ នៅឯខេត្ដស្វាយរៀង។
គួរបញ្ជាក់ថានៅក្នុងពិធីប្រគល់សញ្ញាប័ត្រ
ដល់និស្សិតនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអារម្មណ៍សោកស្តាយ និងចូលរួមរំលែកទុក្ខ
ជាមួយក្រុមគ្រួសារកម្មករទាំងអស់ ដែលបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់
នៅក្នុងខេត្តស្វាយរៀង និងបានជូនពរសំរាប់អ្នករងរបួស ដែលកំពុងសំរាកព្យាបាលឲ្យបានឆាប់ជាសះស្បើយ។
សម្តេចតេជោ ហ៊ុន សែន
ក៏បានគូសបញ្ជាក់ផងដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ កំពុងតែធ្ងន់ធ្ងរទៅៗ ដែលទាមទារ
ឲ្យការអនុវត្តន៍ច្បាប់ចរាចរណ៍ ឲ្យបានកាន់តែតឹងរឹងថែមទៀត។ ដើម្បីធ្វើឲ្យស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
បានធូរស្បើយ សម្តេចបានស្នើឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីកែស្ថានភាពគ្រោះថ្នាក់នេះ
ឲ្យបានល្អប្រសើរនោះដែរ៕
អត្ថបទ៖
ច័ន្ទ ទេវី


No comments:
Post a Comment