ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន បានចែករំលែកបទពិសោធន៏នៃភាពជោគជ័យទាំងឡាយដែលកម្ពុជាមាន ពាក់ពន្ធ័នឹងការងារអភិរក្ស
និងអភិវឌ្ឍន៏រមណីយដ្ឋានបេតិកភណ្ឌពិភពលោកតំបន់ប្រាសាទអង្គរឲ្យដល់មីយ៉ាន់ម៉ា។
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រីនៅក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម
ញ៉ាន ធុន (U NYAN TUN) អនុប្រធានាធិបតីសហភាពមីយ៉ាន់ម៉ា នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប
នាល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥នេះ បានធ្វើបទបង្ហាញនិងចែករំលែកបទពិសោធន៏ដែលកម្ពុជាមាន
ពាក់ពន្ធ័នឹងការងារអភិរក្ស និងអភិវឌ្ឍន៏រមនីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ រួមទាំងផែនការសកម្មភាពនានា ដើម្បីធ្វើឲ្យកិច្ចការនេះទទួលបានលទ្ធផលជោគជ័យ
ជូនដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីបានស្វែងយល់ និងនាំយកបទពិសោធន៍ពីកម្ពុជាទៅអនុវត្តតាម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ
អាន មានប្រសាសន៏ថា មានករណីជាច្រើនដែលនាំមកនូវជោគជ័យលើកិច្ចការអភិរក្ស
និងអភិវឌ្ឍន៏បេតិកភណ្ឌវប្បធម៌ពិភពលោកអង្គរនេះ ដោយឯកឧត្តមបានជំរាបជូនអំពីបទពិសោធន៏វិស័យការទូតខាងផ្នែកវប្បធម៌
ដែលឯកឧត្តម ធ្លាប់ធ្វើជាប្រធានគណៈកម្មាធិការបេតិកភណ្ឌកន្លងមក គឺបញ្ហាដែលឯកឧត្តម
យកចិត្តទុកដាក់មុនគេនោះ គឺការប្រមូលផ្តុំធនធានមនុស្ស និងធនធានហិរញ្ញវត្ថុពីសហគមន៏អន្តរជាតិ
តាមរយៈគណៈកម្មាធិការ ICC អង្គរ ។
គួរបញ្ជាក់ថា
ចាប់តាំងពីគណៈកម្មាធិការICCអង្គរ បានបង្កើតឡើងនៅឆ្នាំ១៩៩៣រហូតមក កម្ពុជា ទទួលបានជំនួយយកមកអនុវត្តគម្រោងអភិរក្ស
ជួសជុល និងការងារអភិវឌ្ឍន៏នៅក្នុងតំបន់អង្គរនេះមានទឹកប្រាក់ប្រមាណជាង៥រយលានដុល្លារសហរដ្ឋអាមេរិកមករួចមកហើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ក៏បានជំរាបជូនផងដែរអំពីផែនការគ្រប់គ្រងទេសចរណ៏ដែលស្ថិតក្នុងក្របខណ្ឌផែនការគ្រប់គ្រងបេតិកភណ្ឌ
ដោយសារតែពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាទទួលបានកំណើនទេសចរណ៏កាន់តែច្រើន ហើយការ កើនឡើងនៃភ្ញៀវទេសចរ វាក៏នឹងនាំបញ្ហាយ៉ាងច្រើនដែរ
ដែលចាំបាច់ទាមទាឲ្យយើងមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រង ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមានដែលបង្ករនូវផលប៉ះពាល់ទាំងផលប់ះពាល់ផ្នែកបេតិកភណ្ឌ
ផ្នែកសង្គម និងផ្នែកវប្បធម៌ គឺខិតខំធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ទាំងនោះឲ្យបានច្រើនបំផុត។
ឯកឧត្តម ក៏បានពន្យល់អំពីនិតិវិធីទាក់ទងនឹងការស្នើសុំដាក់បញ្ចូលប្រាសាទអង្គរជាសម្បត្តិបេតិក ភណ្ឌពិភពលោក
និងលក្ខខ័ណ្ឌក្នុងការចុះបញ្ជី
គម្រោងរៀបចំផែនការអភិរក្ស និងអភិវឌ្ឍន៏ត្រូវរៀបចំរបៀបណាខ្លះនោះ? កម្ពុជាក៏នឹងស្វាគមន៏ផងដែរចំពោះមន្ត្រីជំនាញខាងផ្នែកបេតិកភណ្ឌ
ក៏ដូចជាមន្ត្រីការទូតមីយ៉ាន់ម៉ា
ក្នុងការមកចូលរួមធ្វើជាអ្នកសង្កេតការណ៏ នៅក្នុងគណៈកម្មាធិការ ICCអង្គរនេះ ដើម្បីបានរៀនសូត្រពីការងារផង និងទទួលបានបទពិសោធន៏ផង។
ជាមួយគ្នានេះ ឯកឧត្តមក៏អញ្ជើញនិស្សិត ឬអ្នកជំនាញការរបស់មីយ៉ាន់ម៉ាមកកាន់កម្ពុជា
ដើម្បីជួយបណ្តុះបណ្តាលអំពីការងារពាក់ពន្ធ័នឹងការអភិរក្ស និងអភិវឌ្ឍសម្បត្តិបេតិកភណ្ឌពិភពលោកនេះ
ពីព្រោះអាជ្ញាធរជាតិអប្សរា មានការរៀបចំកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ស្តីពីបេតិក ភណ្ឌការគ្រប់គ្រង និងទេសចរណ៏។
បន្ទាប់ពីបានស្តាប់ការពន្យល់ និងទទួលបានការយល់ដឹងអំពីបទពិសោធន៏ដែលផ្តល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី
សុខ អាន រួចមកឯកឧត្តម ញ៉ាន ធុន អនុប្រធានាធិបតីសហភាពមីយ៉ាន់ម៉ា បានកោតសរសើរពីភាពប៉ិនប្រសព្វរបស់កម្ពុជា
លើការអភិរក្ស
និងអភិវឌ្ឍន៏សម្បត្តិវប្បធម៌ពិភពលោកនេះ
។
ឯកឧត្តម
បានមានប្រសាសន៍ថានឹងរៀនសូត្រពីកម្ពុជា ដើម្បីយកបទពិសោធន៏ទាំងនេះទៅអនុវត្តន៏នៅប្រទេសមីយ៉ានម៉ាឲ្យបានជោគជ័យតាមការរំពឹងទុក។
គួរបញ្ជាក់ថា
ប្រទេសមីយ៉ាន់ម៉ា ក៏គ្រោងនឹងស្នើដាក់បញ្ចូលរមណីយដ្ឋានសំខាន់ៗចំនួន២
ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៅក្នុងពេលឆាប់ៗនេះ
ទើបនៅក្នុងដំណើរមកបំពេញទស្សនកិច្ចសុឆន្ទៈរបស់គណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា
មកកាន់ព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃនេះ
គណៈប្រតិភូបានសុំស្វែងយល់ច្រើនពីកម្ពុជាទាំងលើការអភិវឌ្ឍប្រទេសជាតិ ក៏ដូចលើការងារវប្បធម៌៕




No comments:
Post a Comment