ព្រះរាជាណាចក្រកម្ពុជា និងសហភាពមីយ៉ាន់ម៉ា
បានសន្យារឹតបន្តឹងចំណង មិត្តភាពការ ទូតរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត
ខណៈដែលឆ្នាំនេះ ចំណងការទូតរវាងកម្ពុជា និងមីយ៉ាន់ម៉ា មានរយៈពេល៦០ឆ្នាំហើយនោះ។
ការសន្យានឹងរឹតបន្តឹងចំណងការទូតបន្ថែមទៀតនេះ
បានធ្វើឡើង នៅខណៈពេលដែល អនុប្រធានាធិបតី មីយ៉ាន់ម៉ា ឯកឧត្តម ញ៉ាន ធុន បានជួបសម្តែងការគួរសមជាមួយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្រ្តី
វិមានសន្តិភាព នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥នេះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានថ្លែង ប្រាប់ក្រុមអ្នកសារព័ត៌មានថា ទស្សនកិច្ចរបស់ ឯកឧត្តម
ញ៉ាន ធុន (U Nyan Tun ) បានធ្វើឡើង ដើម្បីពង្រឹងពង្រីកទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ
និងសហភាពមីយ៉ាន់ម៉ាសុំរៀនសូត្រពីកម្ពុជា ពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ។
ឯកឧត្តម អ៊ាង សុផល្លែត បនាបន្តថា ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានសន្យារឹតបន្តឹងចំណងការទូតរវាងប្រទេសទាំងពីរ
ឱ្យកាន់តែរឹងមាំថែមទៀត ។
តាមការជូនព័ត៌មាន នៅថ្ងៃទី២ ខែមេសា
ឆ្នាំ២០១៥នេះដែរ នៅទឹកដីអង្គរ ក្នុងខេត្តសៀមរាប ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន នឹងធ្វើបទបង្ហាញស្តីពីបទពិសោធន៍ក្នុងការគ្រប់គ្រង
និងអភិរក្សរមណីយដ្ឋានអង្គរ ជូនឯកឧត្តម Nyan Tun អនុប្រធានាធិបតីសហភាពមីយ៉ាន់ម៉ា
ខណៈដែលអនុប្រធានាធិបតីរូបនេះ មកបំពេញទស្សនកិច្ចសុឆន្ទៈ
នៅព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣
ខែមេសា ឆ្នាំ២០១៥ បន្ថែមលើការពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕



No comments:
Post a Comment