
ប្រជាពលរដ្ឋចំនួន៦០៥គ្រូសារ រស់នៅក្នុងភូមិត្រាំង ភូមិបឹងដូនប៉ា និងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ទទួលនូវអំណរសាទរយ៉ាងជ្រាលជ្រៅ ដោយបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការដោះស្រាយនូវដីទំនាស់របស់ពួកគាត់ជាមួយអាជ្ញាធរជាតិអប្សរា តាមអនុក្រិតដែលបានចេញកាលពីដើមទសវត្ស៩០ ជូនប្រជាពលរដ្ឋទាំង៣ភូមិនោះ ដោយជោគជ័យ បន្ទាប់ពីវិវាទដីធ្លីនេះ បានកើតមានអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។
សម្តេចតេជោ ដែលអមដំណើរដោយឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំណាងមកពីស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលមួយចំនួន បានអញ្ជើញធ្វើដំណើរដោយថ្មើរជើងចុះដោះស្រាយនូវដីទំនាស់ដ៏រ៉ាំរ៉ៃនោះ ជូនប្រជាពលរដ្ឋទាំងបីភូមិនោះ កាលពីវេលាម៉ោង១៧ល្ងាចរហូតបន្តដល់ម៉ោង១៩ព្រលប់ ថ្ងៃទី១៣មេសាឆ្នាំ២០១៥។
នៅចំពោះមុខប្រជាពលរដ្ឋដែលរស់នៅលើដី ទំនាស់នោះ សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សម្តេចមិនអាចមើលរំលង និងព្រងើយកន្តើយក្នុងការរកដំណោះស្រាយ ជូនប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងនូវការរំលោភបំពាន និងការកៀបសង្កត់ដោយរូបភាពណាទាំងអស់ ដែលបង្កឡើងដោយបញ្ហាទំនាស់ដីធ្លីនោះទេ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា តើឲ្យរូបសម្តេចដេញប្រជាពលរដ្ឋទាំង អស់នេះទៅរស់នៅឯណា បើពួកគាត់រស់នៅទីនេះរាប់សិបឆ្នាំមកហើយនោះ ពិសេសទៅទៀតនោះប្រសិន ជាដេញប្រជាពលរដ្ឋចេញពីតំបន់នេះ ថាតើដីដែលចេញប្រជាជនចេញពីតំបន់ទៅ នឹងយកទៅធ្វើការអភិវឌ្ឍអ្វី បើប្រជាពលរដ្ឋរងគ្រោះទាំងអស់នោះគ្មានផ្ទះសំដែងរស់នៅនោះ។ ការបង្ហើបនូវប្រសាសន៍បែបនេះ បាននាំឲ្យប្រជាពលរដ្ឋត្រេកអរសប្បាយជាពន់ពេក គឺក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋមានការលំបាក គឺតែងតែមានវត្តមានសម្តេចចូលរួមដោះស្រាយគ្រប់ពេលវេលាទាំងអស់។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋនៅក្នុងតំបន់នេះរស់នៅជាយូរណាស់មកហើយ មានទាំងការសាងសង់នូវសំណង់លំនៅដ្ឋានដ៏រឹងមាំ និងមានហេដ្ឋារចនាសម្ព័ន្ធទៅមកប្រកបដោយការទាក់ទាញ បើយើងដេញពួកគាត់ចេញពីតំបន់នេះ ថាតើឲ្យពួកគាត់ទៅរស់នៅឯណា និងថា តើដីដែលបានដេញចេញពីតំបន់នេះ យកទៅធ្វើការអភិវឌ្ឍន៍អ្វី បើឲ្យពួកគាត់អភិវឌ្ឍន៍នៅនឹងកន្លែង ថាតើប្រជាពលរដ្ឋទាំងនេះ នឹងទទួលបាននូវបំណឹងជីវិតដ៏ប្រសើរបែបណា និងមានអនាគតប្រសើរឡើងរុងរឿង នោះ ថាតើរាជរដ្ឋាភិបាលនិងប្រជាជាតិមានមោទនភាពបែបណា ក្នុងនាមជាប្រទេសដែលធ្លាប់តែរងគ្រោះ ជាយូរយាណាស់មកហើយនោះ។
សម្តេចតេជោ មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋទាំង នោះថា បន្ទាប់ពីការកាត់ដីទំនាស់ពីអាជ្ញាធរអប្សរា ជូនប្រជាពលរដ្ឋទាំងបីភូមិនេះហើយ សម្តេចនិងស្ថាបនាផ្លូវបេតុងមានទទឹងជាង១០ម៉ែត្រ បណ្តោយប្រវែង២ពាន់៥០០ម៉ែត្រ ជូនប្រជាពលរដ្ឋទាំងបីភូមិនោះ ដោយចាប់ផ្តើមពីចំណុចផ្លូវកៅស៊ូមាត់ស្ទឹងជាប់របងវត្តឥន្ទកោសី រហូតទៅភ្ជាប់នឹងផ្លូវ៦០។
ជាមួយនិងការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានប្រជាពលរដ្ឋអបអរសាទរនិងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត។ នៅចំពោះមុខប្រជាពលរដ្ឋដ៏ច្រើននោះដែរ សម្តេចតេជោ ក៏បានមានប្រសាសន៍ដែរថា នៅក្នុងវត្តមានរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅលើទឹកដីអង្គរដ៏បវរនៃខេត្តសៀមរាប ក្នុងការអញ្ជើញចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្តលើកទី៣ ឆ្នាំ២០១៥នេះ សម្តេចនឹងបន្តធ្វើការចុះពិនិត្យនៅតាមតំបន់មួយចំនួនក្នុងខេត្តសៀមរាប ដើម្បីធ្វើការស្វែងយល់ ពិសេសប្រសិនបើមានករណីរំលោភបំពាន ដោយករណីទំនាស់ដីធ្លីបែបនេះទៀតនោះ សម្តេចនឹងចុះទៅធ្វើការដោះស្រាយនិងកាត់ដីជូនប្រជាពលរដ្ឋបែបនេះជាបន្តទៀត។
សូមបញ្ជាក់ដែរថា ការអនុវត្តគោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដែលបានអនុវត្តយ៉ាងសកម្មកាលពីឆ្នាំ២០១៣ គឺជាផ្នែកមួយ នៃការអនុវត្តកម្មវិធី នយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពីការកែទំរង់ដ៏ស៊ីជំរៅនិងដាច់ខាតលើវិស័យជលផល កាលពីពេលថ្មីៗកន្លងទៅនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយរីករាយ ពេញចិត្តពេញថ្លើម និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយជាអាទិភាពនោះ និងថែមទាំងបានចាត់ទុកថា សម្តេច គឺជាមគ្គុទេសក៏ដ៏ឆ្នើមរបស់កម្ពុជា ដែលដឹងអំពីសុខទុក្ខ ការលំបាកសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋ។
នៅក្នុងកម្មវិធីអភិវឌ្ឍដ៏ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី នៅតែជាអាទិភាពខ្ពស់ និងជាអាយុជីវិតរបស់សម្តេច ក្នុងការខិតខំដោះស្រាយនូវការលំបាកដោយការរំលោភបំពានលើវិស័យដីធ្លីនេះ ជូនប្រជាពលរដ្ឋដោយមិនប្រកាន់បក្សពួក វណ្ណៈ ពណ៌សម្បុលអ្វីនោះឡើយ។
សូមបញ្ជាក់ដែថា ការចុះកាត់ដីទំនាស់នេះ គឺជាការបង្ហាញឲ្យឃើញចំពោះប្រជាពលរដ្ឋរស់នៅលើដីទំនាស់នេះ បានរស់នៅដោយភាពសុខដុមរមនានៅមុនពិធីមុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមែ ។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ សូមទទួលបាននូវពរជ័យបវរមហាប្រសើរ ពីទេវតាឆ្នាំថ្មី និង ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែរីកចំរើនទ្វេ ឡើងថែមទៀត និងបានចាត់ទុកសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាអ្នកដឹកនាំដ៏ឆ្នើមគ្មានពីរនៅកម្ពុជា ដែលបានរស់នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ពិសេសនៅពេលដែលប្រជាពលរដ្ឋរងគ្រោះដោយការរំលោភបំពានណាមួយ គឺតែងតែមានវត្តមានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមដោះស្រាយទាន់ពេលវេលា និងបានផ្តល់នូវទំនុកចិត្តខ្ពស់ថែមទៀត ក្នុងការរស់ នៅប្រកបមុខរបរចិញ្ចឹមជីវិត ពិសេសការកសាងសមិទ្ធផលសង្គមដែលបំរើឲ្យការអភិវឌ្ឍសមិទ្ធផល សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចាប់តាំងពីទីក្រុង រហូតដល់ជនបទ ពិសេសការ បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា៕


No comments:
Post a Comment