ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានជម្រុញឲ្យតំណាងសហគមន៍គ្រប់ស្រុកក្នុងខេត្តតាកែវត្រូវខិតខំដកពិសោធន៍ការងារលើដំណើរការសហគមន៍កសិកម្ម ធ្វើយ៉ាងណាឲ្យកិច្ចការងារនេះទទួលបានជោគជ័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរឡើង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសុខ អាន ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តតាកែវថ្លែងដូច្នេះទៅកាន់បងប្អូនប្រជាសហគមន៍ប្រមាណជាង៣០០នាក់ក្នុងជំនួបអំពីការផ្លាស់ប្តូយោបល់ ដកបទពិសោធន៍គ្នាទៅវិញទៅមក នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៥ នៅស្រុកគីរីវង់ ខេត្តតាកែវ។
ឯកឧត្តមបានឲ្យដឹងថា ដើម្បីដំណើរការសហគមន៍កសិកម្មបានទទួលជោគជ័យ គប្បីត្រូវយកចិត្តទុកដាក់លើការងារអាទិភាពចំនួន៣រួមមាន៖ ទី១- ខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជីដាក់ស្រែ ទី២- ត្រូវស្វែងរកអ្នកជំនាញមកជួយធ្វើការងារនេះដើម្បីកាត់បន្ថយចំណាយ និងជំនួសមកវិញបានទិន្នផលខ្ពស់ លក់ចេញបានថ្លៃ និងទី ៣-ត្រូវស្វែងរកទីផ្សារដើម្បីឆ្លើយតបទៅនឹងការខិតខំរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមច័ន្ទ តុងអ៊ីវ អ្នកជំនាញដែលធ្លាប់មានដកបទពិសោធន៍លើការងារកសិកម្មពីបណ្តាប្រទេសមួយចំនួនបានថ្លែងថា បច្ចុប្បន្ននៅលើពិភពលោកមានប្រជាពលរដ្ឋប្រមាណជាង១ពាន់លាននាក់ដែលបានចំណូលខ្ពស់ក្នុងការបង្កើតសហគមន៍កសិកម្ម គឺជាសហករ។ ឯកឧត្តមបន្តថា ដើម្បីការងារសហគមន៍កសិកម្មបានទទួលជោគជ័យ ប្រជាសហគមន៍គប្បីត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងកិច្ចសហការគ្នាជាមួយក្រុមការងារចុះជួយមូលដ្ឋាន ដោយជម្រុញឲ្យមានការរកទីតាំងបង្កើតសហគមន៍ឲ្យច្បាស់លាស់ ជម្រុញឲ្យមានការចូលរួមដោយស្ម័គ្រចិត្ត ការផ្សព្វផ្សាយគោលការណ៍សហគមន៍ ផ្សព្វផ្សាយច្បាប់ ការបណ្តុះបណ្តាលពីមន្រ្តីជំនាញរបស់ក្រសួង និងមន្ទីរកសិកម្ម ទំនាក់ទំនងជាមួយធនាគារលើការងារខ្ចីប្រាក់ក្នុងអត្រាទាប រៀបចំលក្ខន្តិកៈ ធ្វើមហាសន្និបាតជ្រើសរើស ក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមការងារ ការដំណើរការចុះបញ្ជី ការបង្រៀនបច្ចេកទេសកសិកម្ម ជាពិសេសគឺការរៀបចំគម្រោងផែនការអាជីវកម្ម។
ឯកឧត្តម សុខ ពុទ្ធិវុឌ្ឍ ប្រធានសហព័ន្ធ ផលិតស្រូវអង្ករកម្ពុជា និងការនាំចេញអង្ករទៅក្រៅប្រទេស បានលើកទឹកចិត្តដល់ប្រជាសហគមន៍ឲ្យខិតខំប្រឹងប្រែង អនុវត្តគម្រោងការនេះឲ្យបានល្អ និងជម្រាបអំពីពូជស្រូវដែលត្រូវស្តង់ដារ និងលក់ចេញបានតម្លៃខ្ពស់ និងចាត់ទុកថាការបង្កើតសហគមន៍កសិកម្មចាំបាច់ត្រូវតែមានផែនការច្បាស់លាស់ និងមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវផ្សារភ្ជាប់គ្នាជាមួយកសិករ។ ឯកឧត្តមបានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលបាន និងកំពុងលើកកម្ពស់ការបង្កើតសហគមន៍កសិកម្ម និងជម្រុញការប្រមូលទិញស្រូវឲ្យត្រូវតាមស្តង់ដារ ហើយបានអំពាវនាវឲ្យមានការចូលរួមលប់បំបាត់ការនាំអង្ករចូលប្រភេទខូចគុណភាពពីប្រទេសជិតខាង។
ជាមួយគ្នានេះឯកឧត្តម សន្យាថា នឹងខិតខំជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករក្នុងការទិញស្រូវអង្ករពីប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋទទួលបាននូវតម្លៃ តាមទីផ្សារប៉ុន្តែតម្លៃនោះគឺត្រូវតែខ្ពស់ជាងតម្លៃដែលប្រជាពលរដ្ឋធ្លាប់លក់ចេញ។ នេះក៍ជាការផ្តល់នូវសេចក្តីទុកចិត្តបន្ថែមទៀតផងដែរ ដល់ប្រជាសហគមន៍ដែលតែងតែសម្តែងនូវកង្វល់របស់ខ្លួនអំពីការប្រែប្រួលមិនច្បាស់លាស់នៃតម្លៃស្រូវធ្លាក់ចុះ នៅពេលពួកគាត់ប្រមូលផល និងត្រូវលក់ចេញ ខណៈដែលពួកគាត់ត្រូវចំណាយច្រើនលើជី និងពូជស្រូវសំរាប់ការផលិតនាំចេញមិនត្រូវបានផ្តល់ជូនឲ្យបានត្រឹមត្រូវពីអ្នកជំនាញ ទើបបណ្តាលឲ្យពួកគាត់ទទួលបានតម្លៃថោក ។
ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន បានមានប្រសាសន៍ថា ក្នុងដំណើរការសហគមន៍កសិកម្ម ប្រជាសហគមន៍អាចធ្វើឡើងតាមរបៀប «ការអនុវត្តផលិតកម្ម-កសិកម្ម តាមកិច្ចសន្យា»ក្នុងន័យថា សហករដែលទៅខ្ចីប្រាក់ និងការសន្យាលក់ស្រូវជាមួយក្រុមហ៊ុនទទួលទិញ ភាគីទាំងពីរត្រូវគោរពនិងអនុវត្តឲ្យតម្លាភាព។ ឯកឧត្តមបានបន្ថែមថា ដើម្បីការងារនេះទទួលបានជោគជ័យ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍នីមួយៗ ត្រូវមានការដឹកនាំច្បាស់លាស់រឹងមាំរួមទាំងអ្នកកាន់ការងារគណនេយ្យ ការធ្វើផែនការ រួមទាំងការគ្រប់គ្រងប្រាក់កម្ចីពីធនាគារ និងពីក្រុមហ៊ុន ប្រមូលទិញ ត្រូវតែប្រឹងប្រែងសហការឲ្យបានល្អជាមួយសមាជិក និងប្រជាពលរដ្ឋក្នុងសហគមន៍ ហើយត្រូវខិតខំផលិតស្រូវអង្ករ ឲ្យធានាបាននូវគុណភាពខ្ពស់។
ទោះយ៉ាងណាឯកឧត្តម ឧបនាយករដ្ឋមន្រ្តីសុខ អាន បានរំលឹកដក់បងប្អូនប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នកុំឲ្យបន្តចាញ់បោកការឃោសនា ភូតកុហក់ បំភ្លៃ បំភាន់ប្រជាពលរដ្ឋ ដែលថា មីក្រូហិញ្ញវត្ថុ ទាំងអស់នៅមូលដ្ឋាន គឺជារបស់រដ្ឋ និងបានឲ្យប្រជាពលរដ្ឋសម្រុកទៅខ្ចីលុយ នោះដោយពុំបានពិចារណា ដោយក្រុមប្រឆាំងសន្យាថា នៅពេលបក្សគេឈ្នះឆ្នោតគេនឹងលុបប្រាក់បំណុលទាំងអស់នោះចោល ដែលធ្វើឲ្យប្រជាពលរដ្ឋប្រឈមនឹងការលំបាកកាន់តែធ្ងន់ធ្ងរទៅ នឹងឈានដល់ការរឹបអូសដីធ្លីផ្ទះសម្បែង៕








No comments:
Post a Comment