នៅព្រឹកថ្ងៃទី២
ខែមីនា ឆ្នាំ២០១៥នេះ នៅមុខស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ
រាជធានីភ្នំពេញ បានផ្ទុះការតវ៉ា ពីសំណាក់សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ
ខេត្តសៀមរាប ប្រមាណជា ៥០នាក់ ដោយពួកគេបានស្រែកទាមទារថា ដូរ ដូរ ដូរ
ដូរលោកស្រី កែ សុវណ្ណរតន៍ ចេញពីតួនាទីជាប្រធានក្រុមការងារខេត្តសៀមរាប។
យោងតាមលិខិតស្នើសុំដោះដូរផ្ញើជូន លោក សម រង្ស៊ី ប្រធានគណបក្ស និងលោក
កឹម សុខា អនុប្រធាន ក្រុមអ្នកតវ៉ា
បានលើកឡើងថា ពួកគេចង់បានការផ្លាស់ប្តូរសង្គមមួយ ពីភាពអយុត្តិធម៌
ដើម្បីឲ្យសង្គមមួយប្រកបដោយភាពយុត្តិធម៌។ ក្រុមអ្នកតវ៉ា បានបន្តទៀតថា
មានសម្រែកដូរៗ នៃពលរដ្ឋខ្មែរ ជាពិសេសយុវជនស្រែកកងរំពងពេញ ទីក្រុងសៀមរាប
គឺចង់បានសង្គមមួយមានយុត្តិធម៌ មានភាពស្អាតស្អំ តាមរយៈគណបក្សសង្គ្រោះជាតិ
ដូចនេះគណបក្សសង្គ្រោះជាតិ ត្រូវតែកែទម្រង់ផ្ទៃក្នុងបក្សឲ្យមានយុត្តិធម៌
និងស្អាតស្អំជាមុនសិន មុននិងចង់ផ្លាស់ប្តូរសង្គម។
ក្រុមអ្នកតវ៉ាបានបង្ហាញជំហរយ៉ាងមុតមាំថា ប្រសិនបើគ្មានការផ្លាស់ប្តូរលោកស្រី
កែ សុវណ្ណរតន៍ ដែលជាភរិយារបស់លោក យឹម សុវណ្ណ មន្ត្រីមានឥទ្ធិពលក្នុងគណបក្សសង្គ្រោះជាតិចេញទេ
ពួកគេនឹងបន្តតវ៉ាប្រឆាំង នៅស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងខេត្តសៀមរាប
និងនៅភ្នំពេញជារៀងរហូត។
ជាមួយនឹងការស្រែកថា
ដូរៗ ក្រុមអ្នកតវ៉ា ក៏បានលើកបដាមួយចំនួនដោយសរសេរថា លោកស្រី កែ សុវណ្ណរតន៍
ត្រូវដូរចេញពីខេត្តសៀមរាប។
គួរបញ្ជាក់ថា
លោកស្រី កែ សុវណ្ណរតន៍ ជាតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារនៅខេត្តសៀមរាប
និងត្រូវជាប្រពន្ធដើមរបស់លោក យឹម សុណ្ណ តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអ្នកនាំពាក្យគណបក្សង្គ្រោះជាតិ
ដ៏មានឥទ្ធិពលម្នាក់ក្នុងបក្សនេះ៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment