សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ចំណតអាកាសយានដ្ឋានអន្តរជាតិZurich ទីក្រុងZurich ប្រទេសស្វីស ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង ៦និង៥៥នាទី ម៉ោងនៅទីក្រុង Zurich ប្រទេសស្វីស ត្រូវនឹងម៉ោង១២និង៥៥នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៥ នៅទីក្រុង Davos Kloster ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៥។ តាមកម្មវិធីដែលបានគ្រោងទុក កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី៤៥នេះ នឹងមានការចូលរួមពីមេដឹកនាំពិភពលោកប្រមាណ៤០ប្រទេស បណ្តាវិជ្ជាករ សង្គមស៊ីវិល និងធុរៈជនសំខាន់ៗសរុបប្រមាណជាង ២ពាន់៥០០នាក់ ក្នុងគោលបំណងចែករំលែកការយល់ដឹង គំនិតផ្តួចផ្តើម និងសកម្មភាពចាំបាច់មួយចំនួន ដើម្បីឆ្លើយតបទៅនិងបញ្ហាប្រឈម ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នដែលមានប្រធានបទសំខាន់គឺ សន្តិសុខស្បៀងសកលលោក (គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០១៥)។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមេដឹកនាំដទៃទៀតដែររបស់ពិភពលោក នឹងថ្លែងសុន្ទរកថាគន្លឹៈចំនួន៣ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៥នោះ សុន្ទរកថាគន្លឹៈទី១ ថ្លែងក្នុងពិធីបើកវេទិកាវិនិយោគ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ កម្ពុជា ៖ សករាជថ្មីនៃ កាលានុវត្តភាព កំណើន ការផ្លាស់ប្តូរ និងសមាហរណកម្មអាស៊ាន។ សុន្ទរកថាគន្លឹៈទី២ ថ្លែងនៅក្នុងពិធី បើកវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ សន្តិសុខស្បៀងសកលលោក (គោលដៅអភិវឌ្ឍន៍ប្រ កបដោយចីរភាពសម្រាប់ឆ្នាំ២០១៥) និងសុន្ទរកថាគន្លឹៈទី៣ ថ្លែងនៅក្នុងវរទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ តើសេដ្ឋកិច្ចអាស៊ានទទួលផលប្រយោជន៍ពីសមាហរណកម្មក្នុងតំបន់ ដ៏ទូលំទូលាយយ៉ាងដូចម្តេច ក្នុងបរិការណ៍សេដ្ឋកិច្ចសកលលោកថ្មី។
ជាមួយគ្នានេះក្រៅពីអញ្ជើញចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៥ ប្រចាំឆ្នាំ២០១៥ សម្តេចតេជោនាយករដ្ឋមន្រ្តី មានគំរោងជួបសន្ទនា និងពិភាក្សាការងារជាមួយនឹងបណ្តាមេដឹកនាំដទៃទៀតរបស់ពិភពលោក ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៥ នៅទីក្រុងដាវ៉ូស ក្លូស្ទឺរ ប្រទេសស្វីស៕




No comments:
Post a Comment