សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jean David Levitte .និងលោក Gilbert Guillaume .អតីតទីប្រឹក្សាប្រធានាធិបតីបារាំង ចូលជួបសំដែងការគួរសម។
ក្នុងជំនួបនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៣មករានេះ ក្រោយ ពីជំនួបបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់ អ្នកយកព័ត៌មានថា ៖ លោក Gilbert មានប្រសាសន៍ថា លោក បានធ្វើការជាច្រើនជុំវិញករណីប្រាសាទព្រះវិហារ ហើយនៅថ្ងៃទី១៤មករានេះ លោកនឹងទៅធ្វើទស្សនកិច្ចនៅប្រាសាទព្រះវិហារ ។ លោកបន្តថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ លោក អវត្តមានមិនបានមកកម្ពុជា ប៉ុន្តែនាពេលនេះ លោកបានឃើញកម្ពុជា មានការអភិវឌ្ឍជាច្រើន ។
ដោយឡែក លោក Jean David លោកបានគោរពជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរថា លោកធ្លាប់បានមកកាន់កម្ពុជា កាលពី២០ឆ្នាំមុន ប៉ុន្តែនៅពេលនេះ លោកបានឃើញកម្ពុជា មានការផ្លាស់ប្តូរមុខមាត់ថ្មី ហើយអ្វីដែលសំខាន់នោះ គឺ លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដើរលើផ្លូវដ៏វែងឆ្ងាយហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកទាំងពីរ ដែលបានរួមចំណែកជួយកម្ពុជា ជុំវិញសំណុំរឿងប្រាសាទព្រះវិហារ ដោយជួយកាត់ក្តីក្នុងឋានៈលោកជាចៅក្រម។ សម្តេចតេជោ បញ្ជាក់ថា ប្រទេសនានាពិតជាបានផ្តល់យុត្តិធម៌ដល់កម្ពុជា ជុំវិញករណីនេះ ដោយទទួលនូវការជុំរុញឲ្យមានការកោះប្រជុំពិភាក្សាជុំវិញ បញ្ហាប្រាសាទព្រះវិហារ ។
សម្តេចក៏បានថ្លែងអំណរគុណ ចំពោះលោក Jean David ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរចូលរួមចរចារស្វែងរកសន្តិភាពទីក្រុងប៉ារីស។ សម្តេចបន្ថែមថា កម្ពុជា បានចេញដំណើរពីការស្វែងរកសន្តិភាព រហូតមកដល់ពេលនេះ ទទួលបានជោគជ័យយ៉ាងច្រើន ហើយការចាប់ផ្តើមនោះជាមូលដ្ឋានគ្រឹះសំរាប់សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
គួរបញ្ជាក់ថា លោក Jean David Levitte ធ្លាប់មានប្រវត្តិធ្វើការនៅក្នុងវិមានរបស់ប្រធានាធិបតី ឌីស្កា ដេស្តាំង និងធ្លាប់ធ្វើជាទីប្រឹក្សា ប្រធានាធិបតី ហ្សាក់ហ្សេរ៉ាក់ និងជាទីប្រឹក្សាការទូត របស់ប្រធានាធិបតី នីកូឡា ហ្សាកូហ្ស៊ី និងធ្លាប់ជាឯកអគ្គរដ្ឋទូតបារាំងប្រចាំទីក្រុងញូយ៉ក និងធ្លាប់ជាឯកអគ្គរដ្ឋទូត បារាំងប្រចាំនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកផងដែរ។ លោក Jean David ធ្លាប់បានចូលរួមចំណែកក្នុងដំណើរការ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយសព្វថ្ងៃនេះ លោក Jean David ក៏ជាសមាជិកបណ្ឌិតសភា និងវិទ្យាសាស្ត្រនយោបាយ និងជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ទីក្រុងប៉ារីស ។
ដោយឡែក លោក Gilbert Guillaume អតីតជាប្រធានតុលាការយុត្តិធម៌អន្តរជាតិ និង ជាចៅក្រមសម្រាប់កិច្ចដំណើរការរឿងប្រាសាទព្រះវិហារ ដែលកម្ពុជាបានស្នើទៅតុលាការ យុត្តិធម៌អន្តរជាតិឱ្យបកស្រាយសាលដីការថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២។ លោក Gilbert Guillaume ធ្លាប់ធ្វើជាតុលាការរដ្ឋបាលកំពូលរបស់បារាំង ដែលពេលនោះគេហៅថា ក្រុម ប្រឹក្សារដ្ឋ និងធ្លាប់ធ្វើជាទីប្រឹក្សាផ្នែកច្បាប់ នៃអគ្គលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបារាំង ជាចៅក្រមតុលាការអន្តរជាតិ និងធ្លាប់ធ្វើជាប្រធានតុលាការអាជ្ញាកណ្តាល ផងដែរ៕



No comments:
Post a Comment