ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំឲ្យយកចិត្តទុកដាក់ លើបញ្ហាសន្តិសុខ សុវត្ថិភាព ជាពិសេសបញ្ហាពិធីការឲ្យបានល្អចំពោះប្រតិភូដែលអញ្ជើញមកចូលរួមនៅ ក្នុងសន្និសីទពិភពស្តីពីទេសចរណ៍ និងវប្បធម៌ ដែលនឹងត្រូវប្រព្រឹត្តទៅនៅទីក្រុងសៀមរាបអង្គរនាថ្ងៃទី៤-៦ ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខនេះ។
ប្រសាសន៍ ណែនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដែលជាប្រធានគណកម្មការអន្តរក្រសួងរៀបចំសន្និសីទពិភពលោកស្តីពី ទេសចរណ៍ និងវប្បធម៌ផងនោះ បានធ្វើឡើងនារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសន្និសីទអន្តរជាតិ ស្តីពីទេសចរណ៍ និងវប្បធម៌ នៅទីក្រុងសៀមរាប ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការ UNESCO ។
នៅ ក្នុងកិច្ចប្រជុំដែលមានវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជុំទាវរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ លោក គង់ សូលីដា ប្រធានលេខាធិការដ្ឋាននៃគណកម្មការអន្តរក្រសួងរៀបចំសន្និសីទពិភពលោក ស្តីពីទេសចរណ៍ និងវប្បធម៌ បានរាយការណ៍ឲ្យដឹងថា សន្និសីទនឹងមានប្រតិភូសរុបប្រមាណ ៨០០នាក់ចូលរួម ក្នុងនោះមានភ្ញៀវអន្តរជាតិប្រមាណ ៤០០នាក់ មកពីជាង ១០០ប្រទេស។
សន្និសីទ ពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ នឹងត្រូវប្រារព្ធពិធីបើកជាផ្លូវការនាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសណ្ឋាគារ Le Meridien Angkor ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងពិធិបិទក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ ដោយឡែកព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងប្រទានកិត្តិយសយាងចូលរួមជាអធិបតីក្នុងពិធីជប់លៀង និងសម្តែងសិល្បៈស្វាគមន៍គណៈប្រតិភូនៅបរិវេណទីលានជល់ដំរី នារាត្រីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥។
គណកម្មការ អន្តរក្រសួងបានត្រៀមសណ្ឋាគារកម្រិតខ្ពស់ចំនួន ១៥ ក្នុងក្រុងសៀមរាប សម្រាប់ទទួលប្រតិភូបរទេស។ ក្នុងកិច្ចដំណើរការនៃសន្និសីទប្រើប្រាស់ ៥ភាសា ដែលរួមមានៈ ខ្មែរ អង់គ្លេស បារាំង រុស្ស៊ី និងអេស្បាញ។ តាមគម្រោងរបស់អង្គារ UNWTO បានត្រៀមវាគ្មិនជាតិ និងអន្តរជាតិចំនួន ២២រូប ដែលក្នុងនោះអ្នកសម្របសម្រួលកម្មវិធីចំនួន ៥រូប និងវាគ្មិនគន្លឹះ ចំនួន ៣រូបថ្លែងក្នុងកម្មវិធីនៃសន្និសីទស្តីពីបទពិសោធន៍នៃការងារទេសចរណ៍ នៅក្នុងពិភពលោក។ គណៈប្រតិភូអន្តរជាតិ នឹងត្រូវរៀបចំឲ្យមានដំណើរទស្សនាចរណ៍តាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបផងដែរ៕




No comments:
Post a Comment