ពិធីតភ្ជាប់សំណង់ស្ពានអ្នកលឿងគ្មានក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជានាពេលកន្លងមក ដែលប្រសិទ្ធនាមថា ស្ពាន “ស៊ូបាសា” និងក្រដាសប្រាក់ ៥០០រៀលគំរូថ្មី ប្រកាសឲ្យធ្វើចរាចរ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ត្រូវបានកត់សម្គាល់ថាដើម្បីអបអរសាទរខួបលើកទី ៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។
ពិធីចាក់បេតុងមុខតំណស្ពានអ្នកលឿង (ស៊ូបាសា) ដែលមានខ្សែកាបពណ៌លឿងសងខាងនៃស្លាបប្រៀបដូចជាបក្សីពណ៌លឿង ២ក្បាល ហើរត្រដាងស្លាបកាន់ដៃគ្នា សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ណាកាណេ កាហ្សូយុគិ (NAKANE Kazuyuki) សមាជិកសភា និងជាអនុរដ្ឋមន្រ្តីការបរទេសជប៉ុនដែលមានវត្តមានក្នុងពិធីនោះដែរកត់សម្គាល់ថា ស្ពាននេះមានអត្ថន័យ ដែលជាតំណាងឱ្យទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុនកាន់ដៃគ្នាហោះទៅកាន់កិច្ចសហប្រតិបត្តិការដ៏រុងរឿងនៅថ្ងៃអនាគត ។
ដោយឡែកសម្រាប់ក្រដាសប្រាស់ប្រភេទ ៥០០រៀលគំរូថ្មី ដែលម្ខាងមានព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះមហាក្សត្រ និងម្ខាងមានរូបស្ពានគីហ្សូណា (ខេត្តកំពង់ចាម) និងស្ពានស៊ូបាសា (ខេត្តកណ្តាល-ខេត្តព្រៃវែង) សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថា ដើម្បីបង្ហាញពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យចរាចរនូវក្រដាសប្រាក់ ៥០០រៀល ដែលនេះជាផ្នែកមួយនៃពិធីថ្ងៃនេះ និងជាផ្នែកដ៏សំខាន់មួយនៃពិធីពង្រឹងចំណងទាក់ទងក្នុងខួប៦០ នៃទំនាក់ទំនងព្រះរាជាណាចក្រកម្ពុជា-ជប៉ុន ដែលយើងទាំងអស់គ្នាសូមអបអរសាទរ។
សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានចាត់ទុកសំណង់ស្ពាននេះ គឺជាសមិទ្ធផលដែលជាទ្រព្យសម្បត្តិមហាសាលរបស់ប្រទេស និងប្រជាជនកម្ពុជា ដែលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជាផងដែរ។
សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថា សម្តេចបានខិតខំចរចា និងជម្នះឧបសគ្គជាច្រើនដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គមួយនេះ ព្រោះវាមានសារៈសំខាន់ ដោយមិនត្រឹមតែភ្ជាប់ត្រើយខាងលិច និងខាងកើតនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ តែវាជាការភ្ជាប់អាស៊ានហាយវេផងដែរ។
សម្តេចតេជោបានបញ្ជាក់ថា សម្តេចបានដាក់សំណើចំនួន៤ ទៅកាន់ភាគីជប៉ុន ដើម្បីទទួលបានសមិទ្ធផលស្ពានអ្នកលឿង ដែលសំណើរ ទី១-ជំនួយឥតសំណងទាំងអស់ រាជរដ្ឋាភិបាលជប៉ុន, ទី២-ជំនួយខ្លះ កម្ចីខ្លះ, ទី៣-ខ្ចីទាំងស្រុង និងទី៤-ជំនួយខ្លះ និងប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាខ្លះ។ សម្តេចតេជោក៏មានប្រសាសន៍បង្ហាញមហិច្ឆតាក្នុងការកសាងស្ពានអ្នកលឿងនេះថា ប្រសិនបើជប៉ុនមិនជួយទេ សម្តេចនឹងជម្នះសាងសង់ស្ពាន ដោយប្រើថវិកាជាតិផ្ទាល់តែម្តង ដើម្បីសាងសង់ស្ពាននេះ។
ជាមួយនឹងវត្តមានស្ពានអ្នកលឿង ដែលនឹងបញ្ចប់ការសាងសង់ជាស្ថាពរនាអំឡុងខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំណូមពរឲ្យប្រជាពលរដ្ឋចៀសវាងនូវចំណុចអវិជ្ជមានចំនួន៣ រួមមាន៖ ទី១-កុំឲ្យយកស្ពានអ្នកលឿងជាកន្លែងធ្វើអត្តឃាតបញ្ចប់វិបត្តិ, ទី២-សុំកុំដឹកលើសទម្ងន់នាំឲ្យខូចស្ពាន និងទី៣-សុំកុំឲ្យបើកលឿននាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
សម្តេចតេជោសែន បានមានប្រសាសន៍នៅក្នុងពិធីតភ្ជាប់ស្ពានអ្នកលឿង បន្តទៀតថា «នៅពេលដែលស្ពានចាប់ដំណើរការ ប្រជាពលរដ្ឋយើងលែងខ្វល់ខ្វាយ ពីការលំបាកទៀតហើយក្នុងការឆ្លងកាត់។ ពេលសាឡាងឆ្លងកាត់ទន្លេ ឪពុក-ម្តាយព្រួយបារម្ភអំពីកូន ព្រោះពេលខ្លះទឹកវាធំមានភ្លៀងមានរន្ទះទៀតផង ហើយបញ្ហានេះ រាជរដ្ឋាភិបាល បារម្ភដូចគ្នា»។
ព្រមជាមួយគ្នានេះដែរ សម្តេចក៏បានសុំអភ័យទោស ចំពោះអ្នករត់សាឡាង និងរត់ទូក ព្រោះពេលស្ពានដំណើរការហើយ ពួកគាត់នឹងផ្អាកអាជីពដែរ ប៉ុន្តែសម្តេចក៏បានឲ្យអ្នករត់សាឡាង និងទូកទាំងអស់ ទៅដាក់ទីតាំងនៅកន្លែងដែលពុំទាន់មានស្ពាន។
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវទៅដល់កូនចៅរស់នៅក្នុងខេត្តព្រៃវែង និងកណ្ដាលឲ្យនាំឪពុក-ម្ដាយ ជីដូន-ជីតា របស់ពួកគេឆ្លងកាត់ស្ពានអ្នកលឿង នៅពេលដែលស្ពាននេះ ដាក់ឲ្យដំណើរការបណ្ដោះអាសន្ននៅខែមេសាខាងមុខ។ «ឥឡូវខ្ញុំសូមអំពាវនាវធ្វើយ៉ាងណាទាំងអ្នកនៅព្រៃវែង និងកណ្ដាល ខិតខំថែរក្សាចាស់ៗដែលជាឪពុក មា្ដយ ឬ ជីដូន ជីតា ប្រឹងយ៉ាងម៉េចឲ្យគាត់រស់បានឆ្លងផុតឆ្នាំនេះដល់ពេលស្ពានរួចរាល់។ សូមខ្លួនជាកូន ជាចៅ ឬចៅទួត មេត្តាដឹកគាត់មកឆ្លងកាត់ស្ពានហ្នឹង ដែលគាត់រស់នៅមួយជីវិតរបស់គាត់មិនដែលបានឃើញស្ពាន មុនគាត់ចែកឋាន។ សូមថែទាំគាត់ ហើយសូមកុំកំណាញ់ កុំខ្ជិល ក្នុងការដឹកនាំគាត់មកមើលស្ពាន»។
ឯកឧត្តម ណាកាណេ កាហ្សូយុគិ (NAKANE Kazuyuki) ក៏បានជូនពរដល់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន កាន់ដៃគ្នាបន្តអភិវឌ្ឍន៍ដោយត្រដាងស្លាបដូចជាស្ពាននេះ ដែលប្រៀបដូចជាបក្សីដែលកំពុងតែហោះហើរយ៉ាងដូច្នេះដែរ។ ឯកឧត្តមមានប្រសាសន៍បន្តថា ស្ពាននេះជាអំណោយរបស់ប្រទេសជប៉ុនផ្តល់ជូនប្រទេស និងប្រជាជនកម្ពុជា តាមរយៈការផ្តល់នូវជំនួយឥតសំណងមានទឹកប្រាក់ ១២៧លានដុល្លារអាមេរិក។
ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីការសាងសង់រួចស្ពាននេះនឹងក្លាយជាស្ពានធំជាងគេ និងវែងជាងគេនៅប្រទេសកម្ពុជា និងធ្វើឱ្យចរាចរនៅលើផ្លូវជាតិលេខ១ ដែលជាច្រកមួយនៃរបៀងសេដ្ឋកិច្ចខាងត្បូង មានភាពល្អប្រសើរឡើងក្នុងកម្រិតខ្ពស់ និងចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញការតភ្ជាប់ ឆ្ពោះទៅសម្រេចបាននូវការបង្កើតនូវសហគមន៍អាស៊ាននៅបំណាច់ឆ្នាំ២០១៥នេះ។
ឯកឧត្តម ត្រាំ អ៊ីតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ស្ពានអ្នកលឿង និងផ្លូវតភ្ជាប់ត្រង់ចំណុចអ្នកលឿងមានប្រវែងសរុប ៥.៣១៥ម៉ែត្រ ដែលផ្គំឡើងដោយកំណាត់តួស្ពានសុទ្ធសាធប្រវែង ២.២១៥ម៉ែត្រ និងកំណាត់ផ្លូវតភ្ជាប់ស្ពានប្រវែង ៣.០១០ម៉ែត្រ។ តួស្ពានប្រវែង ២.២១៥ម៉ែត្រ ចែកចេញជា ៣ផ្នែក គឺស្ពានជាប់ផ្លូវត្រើយខាងលិច ស្ពានជាប់ផ្លូវត្រើយខាងកើត និងស្ពានមេនៅកណ្តាល។ ស្ពានតភ្ជាប់ផ្លូវត្រើយខាងលិចមានប្រវែង ៩០០ម៉ែត្រ ស្ពានភ្ជាប់ផ្លូវត្រើយខាងកើតមានប្រវែង ៦៧៥ម៉ែត្រ និងស្ពានមេមានប្រវែង ៦៤០ម៉ែត្រ មាន៣ប្រឡោះកណ្តាលសម្រាប់ឱ្យនាវាសមុទ្រឆ្លងកាត់ មានប្រវែង ៣៣០ម៉ែត្រ។ ស្ពានមេនេះត្រូវបានប្រើបង្គោលសសរ២ មានកម្ពស់ពីជើងតាងស្ពានដល់កំពូលរបស់បង្គោលសសរស្ពាន មាន កម្ពស់ ១៣០ម៉ែត្រ។
បន្ទាប់ពីសាងសង់រួច ស្ពាននេះនឹងតភ្ជាប់ចរាចរដឹកជញ្ជូនដ៏សំខាន់រវាងរាជធានីភ្នំពេញ និងផ្នែកខាងលិចទៅនឹងផ្នែកខាងកើតរបស់កម្ពុជា មានខេត្តព្រៃវែង ស្វាយរៀងជាបណ្តាខេត្តដែលមានសក្តានុពលខាងកសិកម្ម ដែលជាជង្រុកស្រូវ និងមានប្រជាជនរស់នៅច្រើនកុះករ ព្រមទាំងតភ្ជាប់បណ្តាខេត្តភាគខាងជើង ដែលមានសក្តានុពលខាងកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិ និងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា នៅពេលអនាគតខាងមុខ និងក្លាយជាផ្លូវអាស៊ានហៃវ៉េទី១ (AH1) និងផ្លូវមហាអនុតំបន់ទន្លេមេគង្គ R1 ដែលនឹងភ្ជាប់ចរាចរណ៍ដឹកជញ្ជូនដោយរលូនពីទី ក្រុងបាងកកមកភ្នំពេញ និងឆ្ពោះទៅទីក្រុងហូជីមិញ។ ស្ពាននេះនឹងជួយជំរុញការធ្វើពាណិជ្ជកម្ម ទេសចរណ៍ជាមួយទីក្រុងហូជីមិញ និងភាគខាងត្បូងរបស់វៀតណាម និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសហប្រតិបត្តិការមហាអនុតំបន់មេគង្គ និងអាស៊ាន។
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញថា ស្ពានអ្នកលឿង មិនត្រឹមតែជាស្ពានខ្សែកាបយោងទី១ ប៉ុណ្ណោះទេ តែនឹងទៅជាស្ពានវែងជាងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងចំណាយថវិកាសរុប ៩៥លានដុល្លារក្នុងនោះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ២លាន ៩សែនដុល្លារ សម្រាប់ដោះស្រាយផលប៉ះពាល់គម្រោង ប៉ុន្តែឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសជប៉ុនបញ្ជាក់ថា ស្ពានអ្នកលឿងជាជំនួយឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់រហូតដល់ទៅ ១២៧លានដុល្លារអាម៉េរិក។ ចំពោះតួលេខទឹកប្រាក់ចំណាយលើការសាងសង់ស្ពានដែលគិតខុសគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា អាចមកពីអត្រាប្ដូរប្រាក់យ៉េន ដោយសារប្រាក់យ៉េនជប៉ុនឡើងថ្លៃ។ គម្រោងសាងសង់ស្ពានអ្នកលឿង អនុវត្តដោយក្រុមហ៊ុនសំណង់ ស៊ូមីតូម៉ុ មីតស៊ុយ (Sumitomo Mitsui Construction Co., Ltd) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុន ចូដាយ សហការជាមួយ ក្រុមហ៊ុន អូរីយ៉ង់តាល់ (Chodai Co., Ltd and Oriental Consultant Co., Ltd) របស់ប្រទេសជប៉ុន។ គម្រោងសាងសង់ស្ពាននេះ គ្រោងនឹងបញ្ចប់នាខែមីនា ឆ្នាំ២០១៥៕.





No comments:
Post a Comment