សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងការសោកស្ដាយចំពោះមរណភាពរបស់លោក ហែម ថុន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយចាត់ទុកថា ជាការបាត់បង់ធនធានមនុស្សដ៏មានសមត្ថភាពនៅក្នុងវិស័យកីឡា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើលិខិតចំនួន ២ច្បាប់ ដើម្បីចូលរួមចែករំលែកទុក្ខ ជាមួយក្រុមគ្រួសារសពលោក ហែម ថុន ដែលទើបនឹងទទួលមរណភាពកាលល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥កន្លងទៅនេះ។
លិខិតសម្ដេចតេជោចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥នេះ បានបញ្ជាក់ថា សម្ដេចកើតសេចក្ដីតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា លោក ហែម ថុន ដែលជាអគ្គលេខាធិការរង NOCC និងជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកខ្មែរ ទទួលមរណភាព។ “ខ្ញុំនិងភរិយា សូមសម្ដែងនូវការស្ដាយស្រណោះអាឡោះអាឡៃក្រៃលែង និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក ហែម ថុន ប្រកបដោយសមានទុក្ខ និងក្ដីសង្វេគរកទីបំផុតគ្មាន។ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ហែម ថុន បានឆាប់ទៅចាប់កំណើតក្នុងសុគតិភព គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ”។
រីឯលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥នេះ បានចាត់ទុកការបាត់បង់ជីវិតរបស់លោក ហែម ថុន គឺពិតជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូប ដែលធ្លាប់បានលះបង់ពេលវេលា និងកម្លាំងកាយចិត្តបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីហែលទឹកជាច្រើនជំនាន់ ពោរពេញដោយស្នាដៃ កិត្តិយស កិត្តិនាម ល្បីល្បាញជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាផងដែរ។
គួរបញ្ជាក់ថា លោក ហែម ថុន បានទទួលមរណភាពកាលពីវេលាម៉ោង ៦:៤៥នាទីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤នេះ ដោយរោគាពាធ ក្នុងវ័យ ៧២ឆ្នាំ ។ ប៉ុន្ដែលោក ហែម ថុន ធ្លាប់បានកសាងស្នាដៃជាច្រើន ទាំងការស្វែងរកមេដាយជូនជាតិ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធកីឡាជាតិ ជាពិសេសគឺលោកធ្លាប់ជាអតីតកីឡាករហែលទឹកដ៏ឆ្នើមក្នុងទសវត្សរ៍ទី៦០-៧០ ទៀតផង៕


No comments:
Post a Comment