Friday, December 26, 2014

បទអត្ថាធិប្បាយ​ ដោយ​ ៖ សួន​ ចំរើន, សុន ឆ័យ​ ត្រូវ​ស្វែង​​យល់​​អំពី​ តួនាទី​ និង​​ភារៈ​កិច្ច​ខ្លួន​ បន្ថែម​ទៀត​

ជាទូទៅ​នៅក្នុង​របប​សភានិយម​ រដ្ឋសភាគឺជាអង្គការដែលមានអំណាចនីតិបញ្ញត្តិ ហើយ​បំពេញ​ភារកិច្ច​របស់ខ្លួន​ដូចបាន​កំណត់ក្នុង​រដ្ឋធម្មនុញ្ញ និងច្បាប់ជា​ធរមាន។ តំណាង​រាស្ត្រ​ក៏​​ត្រូវ​​មាន​ភារៈកិច្ច​ និង​​តួនាទី​របស់​ខ្លួន​ស្រប​នឹង​រដ្ឋធម្មនុញ្ញផង​ដែរ​។​ មានន័យ​ថា​​ភារៈកិច្ច​​ចំបង​​របស់​​តំណាង​រាស្ត្រ​ គឺ​ជាអ្នក​ស្នើ​ និង​អនុមត្តិ​​ច្បាប់​ ដែល​បាន​ធ្វើ​សេចក្តី​ព្រាង​ដោយ​រាជរដ្ឋាភិបាល​។ គណៈ​កម្មការ​​ទាំង​ឡាយ​របស់​រដ្ឋសភា​ អាច​តាម​ដាន​សកម្មភាព​ការ​ងារ​របស់​ស្ថាប័ន​ ឬក្រសួង​នានា​​ហើយ​ក៏​អាច​អញ្ជើញ​រដ្ឋមន្ត្រី​ ឬប្រធាន​ស្ថាប័ន​ណាមួយ​ មក​បំភ្លឺ​​អំពី​​បញ្ហាអ្វី​មួយ​ដែលពាក់ព័ន្ធ​នឹងវិស័យ​ទទួល​ខុសត្រូវ​​​របស់​ខ្លួន​ផង​ដែរ​។​
ក្នុង​នាម​ខ្លួន​ជាអ្នក​តំណាង​រាស្ត្រ គណៈកម្មការ​​ សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ នៃ​រដ្ឋ​សភា​បាន​ស្នើ​​​ទៅ​អាជ្ញាធរ​ជាតិ​​អប្សារា​ ដើម្បី​ចុះ​​ទៅ​​ស្វែង​យល់​​អំពី​សំណូម​ពរ​ និង​សេច​ក្តី​ត្រូវ​ការ​របស់​ប្រជារាស្ត្រ និង​ដើម្បី​ក្តាប់​របាយ​​ការណ៍ នៃ​ការ​ប្រើប្រាស់​ថវិកា​ របស់​ស្ថាប័ន​នេះ​ ​នៅ​​ថ្ងៃ​ទី​២២​ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​មក​​។ ដូច្នេះ​ សកម្មភាព​នេះ​វាជាការ​ត្រឹម​ត្រូវ​ មែន​ហើយ​ ប៉ុន្តែ​ ប្រការ​​ដែល​​គួរ​​ឲ្យ​​សោក​ស្តាយ​នោះ​ គឺ​ក្រោយ​ពី​ស្តាប់​សេចក្តី​រាយ​ការ​ណ៍​ របស់​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សារា​ នៅក្នុងកិច្ចប្រជុំ គឺ​អង្គប្រជុំ​បាន​បើក​ឲ្យ​មានការសួរនាំទាំងអស់ មិនមាន​លាក់លៀមអ្វី​ទេ ប៉ុន្តែ​លោក សុន ឆ័យ មិនបាន​សួរនាំ​រឿងរ៉ាវ​​នោះទេ ហើយ​​បែរជា​​លោក ​ដែល​ជា​អនុប្រធាន​​គណៈកម្មការ​​​​​​ បានទៅ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា​តួលេខ​​ចំណូលរបស់​អាធរ​ជាតិ​អប្សារា​ ​​មានការបាត់បង់ និង​បាន​លាក់​ទុក​ឯកសារ​ទៅវិញ​។​ ការ​ចោទ​ប្រកាន់​​​នោះ​​ត្រូវ​បាន​លោក ជាម យៀប​ ដែល​ជាប្រធាន​គណៈកម្មការ​ បដិសេធ​ថា​ ខាង​​​អាជ្ញាធរ​​ជាតិ​​អប្សារា​ មិន​បាន​លាក់​ទុក​នោះទេ​ គេ​ផ្តល់ឲ្យគ្រប់ៗ គ្នា។​ ចំណែក​​តួលេខ​ចំណូល​​ចំណាយ​ ក៏​មិនមានអ្វីបាត់បង់នោះដែរ​ គឺបញ្ជីមានភាព​ត្រឹមត្រូវ​ឥតខ្ចោះ​​។​
បើ​តាម​ប្រភព​ដែល​ស្និត​នឹង​លោក​ សុន ឆ័យ​ បាន​ឲ្យ​ដឹង​ថា​ ​អាច​មក​ពី​លោក​នៅ​មាន​​​គំនុំ​ជាមួយ​​ប្រធាន​​អាជ្ញាធរមួយ​នេះ​ ហើយ​ចង់​សង​សឹកវិញ​​ តាមរបៀបនិយាយ​បំភ្លៃ​ហេតុការណ៍​​​​ពិត​​​​​​នៃ​​របាយការណ៍​ និង​តួលេខ​ចំណូល​ចំណាយ ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​ស្ថាប័ន​នេះ​​ ដោយ​សារ​តែ​ដី​របស់​លោក​​ចំនួន​៣ហិកតា​ នៅតំបន់​អភិរក្ស​អង្គរ​ ត្រូវ​បាន​ដក​ហូត​កន្លង​មក​​​។
ចំណុច​ដែល​ខុស​ឆ្គង​ធ្ងន់​បំផុត​របស់​លោក សុន ឆ័យ​ គឺ​ការ​ផ្តល់​តួលេខ​ថា​មាន​ការ​ខាត​​បង់​ថវិកាជាតិ​​​​រហូត​ដល់​ ៤០០​លាន​ដុល្លារ​ ដោយ​សារ​តែការ​ជួល​ដី​ក្នុង​តម្លៃ​៩លាន​ដុល្លារ​​ ក្នុង​រយះ​ពេល​៧០ឆ្នាំ​។ តាមពិត​ អាជ្ញាធរ​ជាតិ​អប្សារា​ ធ្លាប់​បាន​ធ្វើ​ការ​បំភ្លឺ​រួច​មក​ហើយ​អំពី​កិច្ច​សន្យា​ជួល​សេវា​នានា​ ពី​​ក្រុម​ហ៊ុន​ សុខា​អូតែល​ គឺ​គ្រប់​កិច្ច​សន្យា​ មាន​កុងត្រា​ជួល​ត្រឹម​តែ​​រយះ​ពេល​៣០ឆ្នាំ​ ប៉ុណ្ណោះ​។ ដូច្នេះ​ ប្រហែល​ជា​លោក សុន ឆ័យ​ កើត​ជម្ងឺ​ មោបាំង​ មិន​បាន​ពិនិត្យ​របាយការណ៍​ និង​សេចក្តី​បំភ្លឺ​នានា​ ដែលអាជ្ញាធរ​ជាតិ​អប្សារា​ បាន​ផ្តល់​​ឲ្យ​ហើយ​ទើប​គាត់​មាន​ការ​ភាន់​ច្រឡំ​ធ្ងន់​ធ្ងរ​បែប​នេះ​​។
ម្យ៉ាង​ទៀត ការ​លើក​ឡើង​ជាមួយ​បណ្តាញ​សារព័ត៌មាន​ ដោយ​គ្មាន​បង្ហាញ​ភស្តុតាង​​ជាក់​ស្តែង ឬឯកសារ​ពិត​បែបនេះ​​ ហើយ​បែរ​ជាលើក​តាម​របៀប​​ស្មានៗ​​ ឬ​តាម​ការ​​គិត​លេងៗ​ ឬតាម​ការ​លើកឡើង​​​ថា​ តាម​ព័ត៌មាន​ដែល​ទទួល​បាន​ របៀប​អានាមិក​បែប​នេះ គឺ​វា​គ្រាន់​តែ​ជាការ​បំពុល​បរិយាកាស​​សង្គម​ និង​ជាការ​កេង​ចំណេញ​ខាង​នយោបាយ​ របស់​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ។​​​​​  
ក្នុង​តួនាទី​ជាអ្នក​តំណាង​រាស្ត្រ​ ការ​ទៅ​ជំរឹត​ទាម​ទារ​ឯកសារ​លំអិត​ រួម​​មាន​វិក័យបត្រ​ ប័ណ្ណចំណូល​ ចំណាយ​ ​ពី​ស្ថាប័ន​មួយ ឬពី​ក្រសួង​ណា​មួយ​​ គឺ​ជាការ​អនុវត្ត​​ខុស​​ទាំង​ស្រុង​ពី​ភារៈកិច្ច​​របស់​​​អ្នក​តំណាង​រាស្ត្រ​​​​។ តាម​ពិត​ ការតាម​ដាន​បញ្ជី​ស្នាម​លំអិត​ របស់​ស្ថាប័ន​មួយ​ គឺ​ជាតួនាទី និង​ភារៈកិច្ច​​របស់​ ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ និង​អាជ្ញាធរ​សវនៈកម្មជាតិ​ ហើយ​បើ​ស្ថាប័ន​នោះ​មាន​ជាប់​​ការ​សង្ស័យ​​ គឺ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ ជាអ្នក​ចាត់​វិធាន​ការណ៍​។ ដូច្នេះ​ ការ​ទាម​ទារ​ឯកសារ​​លំអិត​របៀប​គំរាម​ទាំង​អាជ្ញាធរ​អប្សារា និង​ទាំង​សមាជិក​គណៈកម្មការ​របស់​ខ្លួន​ទៀត​ របស់​លោក សុន ឆ័យ​ គឺ​វាខុសនីតិ​វិធី​​ទាំង​ស្រុង។​
រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាត្រា​៩៧​​​ ចែង​ថា​​​គណៈ​កម្មការ​​ទាំង​ឡាយ​របស់​រដ្ឋសភា​ អាច​តាម​ដាន​សកម្មភាព​ការ​ងារ​របស់​ស្ថាប័ន​ ឬក្រសួង​នានា​​ហើយ​ក៏​អាច​អញ្ជើញ​រដ្ឋមន្ត្រី​ ឬ​ប្រធាន​​ស្ថាប័ន​ណាមួយ​មក​បំភ្លឺ​​អំពី​​បញ្ហាអ្វី​មួយ​ដែលពាក់ព័ន្ធ​នឹងវិស័យ​ទទួល​ខុសត្រូវ​​របស់​ខ្លួន​ផង​ដែរ​។​​​
តាម​រយះ​​នេះ​ លោក​ សុន ឆ័យ​ គួរ​តែ​ប្រើ​នីតិវិធី​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ នោះ​ទើប​ប្រសើរ​ ជាង​​ការ​បំភ្លើស​ព័ត៌មាន​​តាម​បណ្តាញ​អ្នក​កាសែត​ ហើយ​ការ​ដែល​ទៅជំរឹត​ទារ​ ឬ​គំរាម​ទារ​ដោយ​ផ្ទាល់​បែប​នេះ​ គឺ​វាខុស​នឹង​តួនាទី​ និងភារៈកិច្ច​របស់​អ្នក​តំណាង​រាស្ត្រ​។​ ម្យ៉ាង​ទៀត​ ប្រសិន​បើ​ក្រសួង​ ឬ​ស្ថាប័ន​​ណាមួយ​ ដែល​បាន​ប្រព្រឹត្តិ​ខុស​ពិត​មែន​នោះ​ គឺ​​តំណាង​រាស្ត្រ​ មាន​សិទ្ធិ​ធ្វើ​ញត្តិ​ស្តី​បន្ទោស​ និង​ជម្រុញ​​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​ មិន​ចាំបាច់​ទៅ​​ចាត់​វិធានការ​ដោយ​ខ្លួន​ឯង​ របៀប​លោក សុន ឆ័យ​ នោះ​ទេ។​
ជារួម​ ការ​អនុវត្ត​ការងារ​របស់​អាជ្ញាធរជាតិ​អប្សារា​កន្លង​មក​ គឺ​មាន​ភាព​រីក​ចម្រើន​ និង​ទទួល​បាន​ជោគ​ជ័យ​ជាបន្ត​បន្ទាប់​ ក្នុង​កិច្ច​ការ​អភិរក្ស​ និង​អភិវឌ្ឍ​ តំបន់​អង្គរ​ប្រកប​ដោយ​ចីរភាព​ ព្រម​ទាំង​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​ជាតិ​ និង​អន្តរជាតិ​ តាម​រយះ​ការ​បង្កើត​ជាគណៈកម្មាធិការ​ អន្តរជាតិ​ សម្រប​សម្រួល​ តំបន់​អង្គរ​ ( ICC Angkor ) ។ ហើយ​ថ្មីៗ​កន្លង​មក​នេះ​​​ទៀត​ ក្រោម​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ ដែល​មាន​លោក​ ហ៊ុន សែន​ ជានាយករដ្ឋមន្ត្រី​ និង​មាន​កិច្ច​សហប្រតិបត្តិ​ការ​​ល្អ​ជាមួយ​អន្តរជាតិ​ផង​នោះ​​ រាជរដ្ឋាភិបាល​បាន​ឈាន​ទៅ​អនុវត្ត​​​​បង្កើត​បាននូវ​ គណៈកម្មា​​ធិការ អន្តរជាតិ ​សម្រប​សម្រួល​​​​ តំបន់​ព្រះ​វិហារ​ ​ ( ICC Preah Vihear ) មួយថែម​ទៀត។​ គណៈកម្មាធិការ​ថ្មី​មួយ​នេះ​ បាន​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ ពី​អន្តរជាតិ​ ពិសេស​ពី​មហាមិត្ត​ឥណ្ឌា​ និង​មហាមិត្ត​ចិន​ ដែល​​ជាប្រទេស​ សហប្រធាន៕​​

No comments:

Post a Comment