សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមាន ប្រសាសន៍ថា ផលិតកម្មស្បៀងនៅទូទាំងពិភពលោក ចាំបាច់ត្រូវបង្កើន ឲ្យបាន៧០% នៅឆ្នាំ២០៥០ ហើយផលិតអាហារត្រូវ ឲ្យបានជិតទ្វេដងដោយប្រទេសកំពុងអភិវឌ្ឍ ដើម្បីចិញ្ចឹមប្រជាជនចំនួន
៩ពាន់លាននាក់ ដែលនឹងរស់នៅលើផែនដី នាពេលនោះ។ ការងារនេះត្រូវអនុវត្តឲ្យបាន បើទោះបីជា ដីបង្កបង្កើនផលក្នុងពិភពលោកអាចកើនឡើងបានប្រមាណ៥% និងនៅក្នុងប្រទេសកំពុងអភិវឌ្ឍអាចកើនឡើង បាន១២%។ ប្រសិនបើនិន្នាការនេះនៅតែបន្តកើតឡើង នៅឆ្នាំ២០៥០ តំបន់អាស៊ី នឹងមានប្រជាជនប្រហែល៥០% នៃប្រជាជនពិភពលោក ដែលកំពុងជួបប្រទះនូវភាពអត់ឃ្លាន។
នេះជាការបញ្ជាក់ របស់សម្តេចតេជោ នៅក្នុងឱកាសបើកសិក្ខាសាលា «ការប្រែក្លាយតំបន់ជនបទ៖ ចក្ខុវិស័យជាយុទ្ធសាស្ត្រសំរាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី០២
ធ្នូ នៅសណ្ឋាគារបុរីអង្គរ នៃខេត្តសៀមរាប។ សិក្ខាសាលាដែលមាន អ្នកជំនាញផ្នែកអភិវឌ្ឍន៍ជនបទ មកពីមូលនិធិអន្តរជាតិសំរាប់ការអភិវឌ្ឍកសិកម្ម IFAD និងរដ្ឋមន្ត្រីដែលអញ្ជើញ មកពីតំបន់អាស៊ី ជាង២០០នាក់ បានជួបជុំគ្នាដើម្បីពិភាក្សាអំពីផែនការ
ក្នុងការប្រែក្លាយជនបទក្រីក្រ និងការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មានតែការប្រែក្លាយតំបន់ជនបទទេ គឺជាចំលើយសម្រាប់ការដោះស្រាយបញ្ហាប្រឈមជាច្រើន ក្នុងការឆ្លើយតប
ទៅនឹង កង្វះស្បៀង អាហារនាពេលអនាគត។ កសិករខ្នាតតូច គឺជាអ្នកចូលរួមចំណែក គន្លឹះក្នុងការធានា សន្តិសុខពិភពលោក និងជាអ្នកចូលរួមថែរក្សាការពារធនធានធម្មជាតិ ក៍ដូចជាជីវចម្រុះរបស់ជាតិ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ កសិករខ្នាតតូច គឺជាអ្នកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅជនបទឲ្យមានដំណើរការ
ឆ្ពោះទៅមុខ។ សម្តេចតេជោ បន្តថា ការវិនិយោគទៅលើ វិស័យកសិកម្ម
ពិសេសលើ កសិករខ្នាតតូច មិនត្រឹមថែមទាំងបានបង្កើតការងារធ្វើជូនប្រជាជន ផងដែរ។
សំរាប់កម្ពុជាវិញ
រាជរដ្ឋាភិបាលបាននឹងកំពុងបោះជំហានឆ្ពោះទៅរកការប្រែក្លាយតំបន់ជនបទឲ្យកាន់តែប្រសើរឡើងនៅគ្រាដែលកម្ពុជាធ្លាប់ជាប្រទេសមានអត្រាភាពក្រីក្រ ខ្ពស់ និងអសន្តិសុខស្បៀង ក្លាយជាប្រទេសដែលនាំចេញស្បៀង
និងសំរេចបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលមួយទសវត្សនេះ។ កម្ពុជាមានបំណងប្រាថ្នាប្រែក្លាយទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយឈានឡើង ទៅជាប្រទេសមានចំណូលខ្ពស់ក្នុង ឆ្នាំ២០៥០។ នេះជាការគូសបញ្ជាក់របស់សម្តេច តេជោ
នាយករដ្ឋមន្ត្រី។
យោងតាមការស្រាវជ្រាវរបស់ IFAD បង្ហាញថា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក
មានប្រជាជនពីរភាគបី នៃប្រជាជនក្រីក្រក្នុងពិភពលោក កំពុងរស់នៅ (ប្រមាណ៧៥០លាននាក់) និងមានប្រជាជន ពីរភាគបី នៃប្រជាជនក្នុងពិភពលោក
ប្រមាណ៥៦៨លាននាក់ ដែលខ្វះអាហារូបត្ថម្ភ
និងជួបគ្រោះទុរភិក្ស។ ប្រសិនបើនិន្នាការនេះនៅតែបន្តកើតឡើង នៅឆ្នាំ២០៥០ តំបន់អាស៊ី នឹងមានប្រជាជនប្រហែល៥០% នៃប្រជាជនពិភពលោក
ដែលកំពុងជួប ប្រទះនូវភាពអត់ឃ្លាន។
គួរបញ្ជាក់ថា មូលនិធិអន្តរជាតិសំរាប់អភិវឌ្ឍន៍កសិកម្ម បានវិនិយោគច្រើនបំផុត ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក លើការអភិវឌ្ឍកសិកម្ម ជំរុញការបង្កើនសន្តិសុខស្បៀង បើធៀបទៅនឹងតំបន់ផ្សេងទៀត។
បច្ចុប្បន្ន មូលនិធិអន្តរជាតិសំរាប់អភិវឌ្ឍន៍កសិកម្មបានវិនិយោគថវិកា ចំនួន ១,៨ពាន់ លានដុល្លារ អាមេរិក
ក្នុងប្រទេសចំនួន ១៩ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៅជនបទជិត ២០លាននាក់ ។ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៧៨ មូលនិធិអន្តរជាតិសំរាប់អភិវឌ្ឍន៍កសិកម្ម
បានវិនិយោគ ៥ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសចំនួន ២៥នៅតំបន់
អាស៊ីប៉ាស៊ីហ្វិក ដែលបានផ្តល់ផលប្រយោជន៍ដល់កសិករចំនួន ១៤៥លាននាក់៕

.jpg)
No comments:
Post a Comment