លោកជំទាវបណ្ឌិតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចង់ឲ្យអ្នជំនាន់ក្រោយៗខិតខខំបន្តថែរក្សាទំនៀមទំលាប់ប្រពៃណីប្រណាំងទូកនៅខេត្តស្វាយរៀងនេះឲ្យបានជារៀងរហូត ដើម្បីរួមគ្នាថែរក្សាការពារវប្បធម៌ប្រពៃណីជាតិឲ្យបានគង់វង្ស។
ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីក្នុងការប្រណាំងទូកខ្នាតអន្តរជាតិឆ្នាំ២០១៤ ដែលប្រារព្វធ្វើឡើងនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង ថ្ងៃទី០១ វិច្ឆិកា លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៏ថា ខេត្តស្វាយរៀងពីដើមឡើយពុំធ្លាប់មានការរៀបចំពីធី ប្រណាំងទូកយ៉ាងអធិកអធមសប្បាយរីករាយបែបនេះទេ ទើបតែក្រោយការផ្តួចផ្តើមគំនិតរៀបចំពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយហុក ឡង់ឌី ចាប់តាំងពីឆ្នាំ២០០៨ មកខេត្តស្វាយរៀង បានបង្កើតឲ្យមានព្រឹត្តការណ៏ប្រណាំងទូកខ្នាតអន្តរជាតិនេះជារៀងរាល់ឆ្នាំ គិតមកដល់ឆ្នាំនេះជាលើកទី៥ហើយ។ ហេតុដូចនេះ លោកជំទាវចង់ឲ្យមរតកដែលឯកឧត្តមហុក ឡង់ឌី បានផ្តួចផ្តើមបង្កើតឡើងនេះ ឲ្យនៅបន្តថែរក្សាជារៀងរហូត ដើម្បីយើងរួមគ្នាថែរក្សាការពារទំនៀមទំលាប់ប្រពៃណីជាតិ ឲ្យបានគង់វង្ស បង្កើតបាននូវកត្តាសាមគ្គីភាពដ៏ល្អនៃសង្គមជាតិខ្មែរទាំងមូលនិងជាការចូល រួមអបអរព្រះរាជពិធីបុណ្យអុំទូកដែលជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ ឲ្យកាន់តែមានភាពសប្បាយរីករាយអធិកអធមជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ពិធីប្រណាំងទូកខ្នាតអន្តរជាតិឆ្នាំ២០១៤នៅខេត្តស្វាយរៀងនេះ ផ្តួចផ្តើមរៀបចំឡើង ដោយឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការជួយឧបត្ថមគាំទ្រពីលោកជំទាវ ឧបនាយករដ្ឋមន្ត្រីម៉ែន សំអន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សុខ អាន ឯកឧត្តម លោកជំទាវ រួមជាមួយសប្បុរសជន នានាជាច្រើនទៀត បានធ្វើឲ្យខេត្តស្វាយរៀងជាខេត្តមានកេរ្ត៏ឈ្មោះដ៏លេចធ្លោមួយ ក្នុងការរៀបព្រឹត្តិការណ៏ប្រណាំងទូកយ៉ាងអធិកអធម ដែលមានមហាជនរាប់ម៉ឺននាក់មកចូលរួមទស្សនា។
សម្រាប់ការប្រណាំទូកប្រពៃណីខ្នាត់អន្តរជាតិនៅខេត្តស្វាយរៀង ឆ្នាំ២០១៤នេះ មានទូកមកចូលរួមសរុប ចំនួន៤០គ្រឿង ក្នុងនោះទូកខេត្តស្វាយរៀង ១៣គ្រឿង ទូកកងរាជអាវុធហត្ថមកពីបណ្តារាជធានីខេត្ត២៨គ្រឿង ។ ក្រៅពីនេះ មានទូកប្រភេទក្តាបីសន្លឹក ៩គ្រឿង ក្នុងនោះទូកខេត្តស្វាយរៀង៨គ្រឿងនិងទូកកងរាជ អាវុធហត្ថ១គ្រឿង។
ជាលទ្ធផលការប្រណាំងប្រភេទទូកប្រពៃណីខ្នាត់អន្តរជាតិផែនទី១ លេខ១បានទៅលើទូក ឆ្លាមសមុទ្រសុខាសែនជ័យ មកពីកងរាជអាវុធហត្ថខេត្តកំពត។ លេខ២ ទូកមហាគ្រុឌកំពង់សោម មកពីកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ លេខ៣ ទូកឈ្មោះឌីសែនជ័យបារមីវ៉ៃគោ មកពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។
ផែនទី២ចំណាត់ថ្នាក់ទី១ ទូកអធិរាជឥន្ត្រីសែនជ័យបារមីដូនពេញ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ,លេខ២ ទូក អធិរាជឥន្ត្រីបារមីភ្នំស្វាយមកពីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លេខ៣ទូកឈ្មោះ គ្រុឌមាសតេជោសែនជ័យ មកពីកងរាជអាវុធហត្ថខេត្តសៀមរាម។ ប្រភេទទូកក្តាបីសន្លឹក ផ្នែកនារី លេខ១ទូកនារីសែនជ័យបារមីលោកតាឌី មកពីសមាគមនារីខេត្តស្វាយរៀង លេខ២ ទូកនារីសែនជ័យបារមីស្វាយរៀង មកពីសាលាស្រុកស្វាយរៀង , លេខ៣ ទូកយុវនារីស្វាយរៀង មកពីសហភាពសហពន្ធ័យុវជនខេត្តស្វាយរៀង ។ ផ្នែកបុរសចំណាត់ថ្នាក់លេខ១ ទូកព្រះខន័រាជមានជ័យមកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខ២ ទូកសាធារណការសែនជ័យបារមីវ៉ៃគោ មកពីមន្ទីរសាធារណៈការខេត្តស្វាយរៀង និងចំណាត់ថ្នាក់លេខ៣ ទូកថាធុលសែនជ័យបារមីវត្តខ្ជាយ មកពីសាលាស្រុកស្វាយទាប៕





No comments:
Post a Comment