Wednesday, October 29, 2014

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន គាំទ្រ និង​​ជម្រុញ​​ឲ្យ​បណ្ឌិត​សភា​​​​កម្ពុជា ​វៀត​ណាម ឡាវ បន្ត​កិច្ច​សហការ​​ស្រាវជ្រាវ

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោមការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន កំពុង​យក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​កាត់​បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ទាំងឡាយ​លើ​បរិស្ថាន កសិកម្ម ផលិតកម្ម​សត្វ ព្រៃ​ឈើ និង​ជលផល ដោយ​បាន​ដាក់​ចេញ​ជាបន្ត​បន្ទាប់​នូវ​គោល​នយោបាយ​ជាតិ​និង​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ស្តីពី​ការអភិវឌ្ឍ​បៃតង​ឆ្នាំ​២០១៣-២០៣០។

នៅ​ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​បិទ​សន្និសីទ​អន្តរជាតិ​លើក​ទី៣ ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា វៀតណាម ឡាវ បញ្ហា​ថ្មីៗ និង​ដំណោះ​ស្រាយ និង​សិក្ខា​សាលា​កសាង​សមត្ត​ភាព​ស្តីពី​ចីរភាព​សន្តិសុខ​ថាមពល តាមរយៈ​កំណើន​បៃតង​ក្នុង​អនុ​តំបន់​មេគង្គ ដែល​រៀបចំ​ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា​នៅ​វិមាន​មិត្តភាព ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី នា​ល្ងាច​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០១៤ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា​ ភាព​ជាដៃគូដ៏​ពិតប្រាកដ​នៃកិច្ច​សហប្រតិបត្តិការ​ទៅវិញ​ទៅមក​ក្នុង​ចំណោម​រដ្ឋា​ភិបាលអង្គការ​សង្គមស៊ីវិល​ និង​សហគមន៍​នៃ​អ្នក​សិក្សាស្រាវ​ជ្រាវ​គឺ​ពុំមែន​ត្រឹមតែ​ជាទស្សនាទាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​អនុវត្ត​ជាក់​ស្តែង ​និង​ប្រកប​ដោយ​ផ្លែផ្កា​ក្នុង​តំបន់​របស់​យើង។ យើង​ទាំងអស់​គ្នាមាន​តួនាទី​ថែរក្សា​ និង​ពង្រឹង​សន្តិភាព​សន្តិ​សុខ ស្ថេរភាព និង​ការអភិវឌ្ឍរបស់​សង្គមជាតិ​រៀងៗ​ខ្លួន និង​របស់​តំបន់​យើង ទាំង​មូល ក្នុង​បរិបទ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក​។

ទាក់ទង​នឹង​ការផ្លាស់ប្តូរ​បទពិសោធន៍ ​នៃការ​សិក្សា​ស្រាវជ្រាវ​ដោយ​បណ្ឌិត្យ​សភា​នៃ​ប្រទេស​ទាំង​បី កម្ពុជា វៀតណាម ឡាវ ឯកឧត្តមបណ្ឌិត​សភាចារ្យ​ឧបនាយក​រដ្ឋ​មន្រ្តី​បាន​បន្តថា​ ដោយ​សារ​បច្ចុប្បន្ន​នេះ ខណៈ​ពេល​ដែលយើង​កំពុង​រស់នៅ​ក្នុង​ពិភព​លោក​មួយ​នៃ​សកល​ភាវូបនីយកម្មយើង​ជួប​ប្រទះ​នូវបញ្ហា​ស្មុគស្មាញ និង​ភាពមិន​ប្រាកដ​ប្រជា​កាន់តែ​ច្រើន​ឡើងៗ ​ដែល​តម្រូវ​ឱ្យប្រទេស ​និង​រដ្ឋាភិបាល​ទាំងអស់ ជាពិសេស​ប្រទេស​ជិតខាង​ជាមិត្តត្រូវ​ធ្វើការ​រួមគ្នា​។

នៅ​ក្នុង​តំបន់ ក៏ដូចជា​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​មាន​ការ​ប្រឈម​ថ្មីៗ​ជាច្រើន​ដែល​កើត​ចេញ​ពី​កត្តា​មនុស្ស និង​ធ​ម្មជាតិ។ ភាព​ក្រីក្រ​គម្លាត​នៃ​ការអភិវឌ្ឍ​យ៉ាងធំ និកម្ម​ភាព ការ​ប្រែប្រួល​អាកាស​ធាតុ និងគ្រោះ​ធម្មជាតិនៅ​តែ​ជាបញ្ហា​ប្រឈម​ជាចម្បង​យ៉ាង​សំខាន់​ដែល​ត្រូវ​ដោះ​ស្រាយ ដើម្បី​សម្រេច​បាន​នូវ​សង្គម​មួយ​ដែល​មាន​សន្តិសុខស្បៀង​ សន្តិ​សុខ​ថាមពល សន្តិ​សុខ​ធនធាន​ទឹក ការងារ​សមរម្យ យុត្តិធម៌​សង្គម ការការ​ពារ​បរិស្ថាន និង​អភិបាល​កិច្ច​ល្អ។

ទាក់ទង​នឹង​កាវិវឌ្ឍន៍​រីកចំរើន​នៅ​ក្នុង​ប្រទេស​កម្ពុជា វៀតណាម និង​ប្រទេស​ឡាវ ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ផ្តល់​ជាអនុសាសន៍​ថា​ កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​ប្រទេស​ទាំង​៣ បាន​នាំ​ឱ្យ​មានការ​កើន​ឡើង​យ៉ាងខ្លាំង​នូវ​តម្រូវ​ការប្រើ​ប្រាស់​ថាម​ពល។ ដើម្បី​ធានា​បាន​និរន្តរភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​បញ្ហា​សន្តិ សុខ​ថាមពល និង​កិច្ច​ការពារ​បរិស្ថាន ​ត្រូវ​តែមាន​ដំណោះស្រាយ​សមស្រប ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ជាតិ និង​អន្តរជាតិ​ទាំង​អស់​។

លោក​ជំទាវ ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា​ សន្និ​សីទ​អន្តរជាតិ លើកទី៣​ស្តីពី​កិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ ៖ បញ្ហា​ថ្មីៗ និង​ដំណោះ​ស្រាយ ត្រូវ​បាន​រៀបចំ​ឡើង ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា​កាល​ព្រឹក​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ​ភ្នំពេញ​ដោយ​មាន​ការចូលរួម​ពី​ប្រធាន​សភា​រាជបណ្ឌិត្យសភា​កម្ពុជា ប្រធាន​បណ្ឌិត្យ​សភា​វៀតណាម និង​ប្រធាន​រាជបណ្ឌិត​សភា​ឡាវ។

លោក​ជំទាវ ខ្លូត ធីតា មាន​ប្រសាសន៍​បន្ត​ថា​ វេទិកានេះ​ជាវេទិកា​វិទ្យាសាស្ត្រ​មួយ​មាន​បំណង​បើក​ឱកាស​ឱ្យអ្នក​ស្រាវជ្រាវ​អ្នក​វិទ្យាសាស្ត្រ​ បាន​បង្ហាញ​អំពី​លទ្ធផល​ស្រាវ​ជ្រាវ​ជជែក​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញ​ទៅមក ដើម្បី​រក​ឱ្យ​ឃើញ​នូវ​គំនិត​ថ្មីៗ សម្រាប់​ជា​ប្រយោជន៍​ដល់​រដ្ឋាភិបាល និង​ប្រជាជន​នៃប្រទេស​ទាំងបី និយាយ​ដោយ​ឡែក និង​តំបន់ម​និយាយ​ជារួម។

លោកជំទាវ ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​ឲ្យដឹង​ថា អង្គសិក្ខា​សាលា​ដ៏​មាន​សារៈ​សំខាន់​នេះ បាន​ផ្តោត​លើ​ចំណុច​សំខាន់ លើ​គោល​នយោបាយ​បច្ចុប្បន្ន​នៃ​ប្រ​ទេស​នីមួយៗ​ក្នុង​ការជម្រុញ​ឲ្យ​មាននិរន្តរភាព​ថាមពល​ក្នុង​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ។

ផល​ប៉ះ​ពាល់​ដល់​វិស័យ​បរិស្ថាន បណ្តាល​មក​ពី​ការធ្លាក់ចុះ​ការ​ប្រើប្រាស់​ថាមពល​ធម្ម​ជាតិ ការ​លូត​លាស់​នៃ​សំណង់​អគារ និង​យាន​យន្ត។ ប្រធាន​បទ​ចំនួន​៤ ផ្សេង​ទៀត ត្រូវ​បាន​លើក​ឡើង​ជុំវិញ​បច្ចេកវិទ្យា​បៃតង​នៃ​ថាមពល​ករកើត​ឡើង​វិញ ជា​ពិសេស​លើ​ថាម​ពល​វារីអគ្គិសនី នៅ​អាងទន្លេ​មេគង្គ ព្រម​ទាំងមាន​ការលើក​ឡើង​ពីហានិភ័យ​មួយ​ចំនួន មាន​ការប៉ះ​ពាល់​ដល់​ការអភិវឌ្ឍ​តាម​តំបន់​មេគង្គ ដែល​អាច​កើតឡើង​ដោយ​សារ​តែ​ការវិវត្ត​នៃ​បច្ចេក​វិទ្យា៕








No comments:

Post a Comment