ថ្លែងនៅទីស្តីការគណ:រដ្ឋមន្ត្រី កាលពីនារសៀលថ្ងៃទី២៨ តុលា ក្នុងពិធីបិទសន្និសីទប្រចាំឆ្នាំលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ឡាវ បញ្ហាថ្មីៗ និងដំ ណោះស្រាយ និងពិធីបិទសិក្ខាសាលា កសាងសមត្ថភាព ស្តីពីចីរភាពសន្តិសុខថាមពលតាមរយៈកំណើនបៃតងក្នុងអនុតំបន់ទន្លេមេគង្គ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញពីការចាប់អារម្មណ៏ថា អង្គសន្និសីទទាំងមូលបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមដៃគ្នា ដោះស្រាយបញ្ហាប្រឈមរួម ដែលប្រជាជននៃប្រទេសទាំងបីកំពុងជួបប្រទះ។ ឯកឧត្តមបានបន្តថា នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកបច្ចុប្បន្ន មានការប្រឈមថ្មីៗជាច្រើន ដែលកើតចេញពីកត្តាមនុស្ស និងធម្មជាតិ។ ភាពក្រីក្រ គម្លាតនៃការអភិវឌ្ឍយ៉ាងធំ និកម្មភាព ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ នៅតែជាបញ្ហាប្រឈមជាចម្បងយ៉ាងសំខាន់ដែលតម្រូវឲ្យមានការរួមដៃគ្នាក្នុងការដោះស្រាយ នោះទើបយើងអាចធានាបាននូវសន្តិសុខស្បៀង សន្តិសុខថាមពល សន្តិសុខធនធានទឹក ការងារសមរម្យ យុត្តិធម៌សង្គម ការការពារបរិស្ថាន និងអភិបាលកិច្ចល្អសម្រាប់សង្គមជាតិនីមួយៗក៏ដូចជាសម្រាប់តំបន់និងពិភពលោកទាំងមូល។
ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា ប្រជាជនកម្ពុជា ឡាវ វៀតណាម មានសំណាងដោយបានឃើញការអភិវឌ្ឍជាវិជ្ជមានដ៏ខ្លាំងក្លានៃប្រទេសទាំង៣ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងនិម្មាបនកម្មក្នុងតំបន់អាស៊ីទាំងមូល។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់នេះ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ធំៗបីគឺ សន្តិភាព ស្ថេរភាព និងទំនាក់ទំនងសេដ្ឋកិច្ច។ ឯកឧត្តម ក៏បានសំណូមពរឲ្យមានការកែលម្អ និងថែរក្សាវប្បធម៌នៃភាពជាដៃគូ និងទំនាក់ទំនងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងបី ដើម្បីរួមគ្នាបន្តអភិវឌ្ឍតំបន់នេះប្រកបដោយជោគជ័យ ហើយត្រូវខិតខំឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមដែលនៅសល់។
រីឯសិក្ខាសាលាកសាងសមត្ថភាពស្តីពីចីរភាពសន្តិសុខថាមពលតាមរយៈកំណើនបៃតងក្នុងអនុតំបន់ទន្លេមេគង្គ ដែលបានបិទបញ្ចប់ព្រមគ្នានេះ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ អាន ចាត់ទុកថាគឺជាវេទិកាវិទ្យាសាស្រ្តដ៏សំខាន់មួយទៀត ដែលបានផ្តល់ឱកាសឱ្យអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ បានពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ និងបង្ហាញនូវរបកគំហើញថ្មីៗនានា ពាក់ព័ន្ធនឹងសន្តិសុខថាមពល និងកំណើនបៃតងក្នុងអនុតំបន់ទន្លេមេគង្គ។ សិក្ខាសាលានេះបានផ្តោតការយកចិត្តទុកដាក់លើប្រធានបទដ៏មានសារៈសំខាន់ ដូចជា សន្តិសុខថាមពលប្រកបដោយចីរភាពដែលនាំឱ្យមានការអភិវឌ្ឍជានិរន្តរ៍ យុទ្ធសាស្ត្រថាមពលប្រកបដោយចីរភាពដើម្បីទ្រទ្រង់កំណើនបៃតង បច្ចេកវិទ្យាបៃតងនៃថាមពលកកើតឡើងវិញ និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។សិក្ខាសាលានេះ បានផ្តល់នូវគំនិតថ្មីៗ និងអនុសាសន៍ល្អៗ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងអស់ក្នុងអនុតំបន់ទន្លេមេគង្គ ដែលអាចបម្រើដល់ការកសាងយន្តការ ឬវិធានការចាំបាច់នានា សំដៅធានាសន្តិសុខថាមពលប្រកបដោយចីរភាព ដែលជាសមាសភាគដ៏ចាំបាច់មួយនៃការអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងឡាយលើបរិស្ថាន កសិកម្ម ផលិតកម្មសត្វ ព្រៃឈើ និងជលផល ដោយបានដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០៕





No comments:
Post a Comment