ឯកឧត្តម ដាវីត ពុធណាំ (David Puttnam) បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានថ្លែងជំរាបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងជំនួបសម្តែងការគួរសមនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ នៅវិមានសន្តិភាព អំពីចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍រីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា ពិសេសអំពីតួនាទីនៃការប្រើប្រាស់ស្លាកសញ្ញាដែលកម្ពុជាបានដាក់ចេញ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងជំនួបនោះឯកឧត្តមបេសកជនពិសេសនាយករដ្ឋមន្រ្តីអង់គ្លេសក៏បានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបាន ដឹកនាំធ្វើជាម្ចាស់ផ្ទះបើកសន្និសីទស្តីពីម៉ាកសញ្ញានៅកម្ពុជា កាលពីពេល កន្លងមកនោះ។ ឯកឧត្តមដាវីត ពុធណាំ (David Puttnam) មានប្រសាសន៍បន្តថា ម៉ាកសញ្ញាគឺជារូបភាពដ៏ មានសារៈសំខាន់សម្រាប់កម្ពុជា ដែលអាចជួយនាំមកនូវតម្លៃបន្ថែម និងជួយដោយផ្ទាល់ចំពោះវិស័យទេសចរណ៍ និងវិស័យដទៃទៀត។
ឯកឧត្តមបេសកជននាយករដ្ឋមន្ត្រីអង់គ្លេសមានប្រសាសន៍បញ្ជាក់ថា ម៉ាកសញ្ញានឹងឆ្លុះបញ្ចាំងនូវស្មារតី នៃការកែច្នៃ ក៏ដូចជាការជំរុញនូវកំណើន ដែលជាអត្តសញ្ញាណរបស់កម្ពុជា ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ពន្យល់លើបញ្ហានេះថា បញ្ហាម៉ាកនេះគឺជារឿង ល្អសម្រាប់កម្ពុជា ពោលគឺប្រសិនបើកម្ពុជាអាចធ្វើទៅបាន ដោយបច្ចុប្បន្ននេះ កម្ពុជាមានម្រេចកំពត ម្រេចមេមត់កម្ពុជាមានអង្គរវត្ត។ តាមរយៈការបង្កើតឡើងនូវម៉ាកសញ្ញានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យឯកឧត្តម បេសកជនពិសេសរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីអង់គ្លេស ជួយដល់កម្ពុជា ដោយធ្វើយ៉ាងណាឲ្យចក្រពអង់គ្លេសទទួលយកនូវផលិតផល ដែលជាម៉ាក របស់កម្ពុជានៅក្នុងទីផ្សាររបស់អង់គ្លេស ព្រោះថានៅពេលណា ដែលចក្រភព អង់គ្លេសទទួលស្គាល់ពីម៉ាករបស់កម្ពុជាហើយនោះ ប្រទេសដទៃទៀតក៏នឹង ទទួលស្គាល់ផងដែរ តួយ៉ាងដូចជាអង្ករកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ពីរឆ្នាំជាប់ៗគ្នាជាសក្ខីភាពស្រាប់។
ក្នុងកិច្ចសន្ទនាគ្នានោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ឯក ឧត្តមបេសកជនពិសេសជួយជំរុញឲ្យមានការកើនឡើង នូវការបញ្ជាទិញទំនិញពីកម្ពុជា ដើម្បីជំរុញកំណើននៃទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ និង ស្នើសុំឲ្យឯកឧត្តមបេសកជនពិសេស ពិនិត្យមើលអ្វីខ្លះ ដែលអាចផលិតបាននៅកម្ពុជា ដើម្បីផលិតជាផលិតផលសម្រេចសម្រាប់នាំចេញពីកម្ពុជាទៅកាន់ទីផ្សារខាងក្រៅនោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ឲ្យដឹងផងដែរអំពីកម្មវិធីកំណែទម្រង់របស់កម្ពុជា ពិសេសកម្មវិធីកំណែទម្រងលើវិស័យអប់រំ ដែលក្នុងនោះម្ខាងគឺ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង ម្ខាងទៀតគឺ ដើម្បីត្រៀម ខ្លួនប្រកួតប្រជែងនៅក្នុងក្របខណ្ឌតំបន់។ សម្តេចតេជោក៏បានជម្រាបជូន អំពីអាទិភាពរបស់កម្ពុជាកាលពីឆ្នាំ១៩៨៧ ដែលបានដាក់ចុះនោះគឺមានទឹក ផ្លូវ ភ្លើង និង មនុស្ស ប៉ុន្តែនៅពេលនេះអាទិភាពរបស់កម្ពុជាគឺបានកែប្រែមកមនុស្ស ទឹក ផ្លូវ ភ្លើងវិញ ពោលគឺក្នុងន័យជំរុញល្បឿន នៃការអភិវឌ្ឍន៍ប្រទេស កម្ពុជាឲ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត៕
No comments:
Post a Comment