
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិលើកទី២ គឺបានធ្វើឡើងដោយតឹងរ៉ឹងដូចលើកទី១ ដូច្នោះដែរ នេះបើតាមចំណាប់អារម្មណ៍របស់ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលបានអញ្ជើញចូលរួមបើកវិញ្ញាសារ ព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៤ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្តាលបានឲ្យដឹងថា ជាលទ្ធផលការប្រឡងសញ្ញាប័ត្រទុតិយភូមិលើកទី១ ខេត្តកណ្តាល មានបេក្ខជនប្រឡងជាប់ចំនួន ១៨៤៨នាក់ ក្នុងនោះមានស្រី ៩៩៧នាក់ គិតជាភាគរយបានតែ ១៩,៣៧% ប៉ុណ្ណោះ ក្នុងចំណោមបេក្ខជនសរុបចំនួន ១០១១៩ នាក់។

សំរាប់ការប្រឡងលើកទី២នេះ មានតែ១៣មណ្ឌលប៉ុណ្ណោះ ក្នុងនោះមានក្រុងតាខ្មៅ១១មណ្ឌល វិទ្យាល័យ ហ៊ុន សែន ស្អាង១មណ្ឌលក្នុងស្រុកស្អាង និងវិទ្យាល័យកំពងកន្ទួតស្រុកកណ្តាលស្ទឹងមាន ១មណ្ឌល ត្រូវជា៣២៤បន្ទប់ ដែលមានសិស្សប្រឡងចំនួន ៨០៨០នាក់ ក្នុងនោះសិស្សស្រីចំនួន ៣០៧៣នាក់ ។
ការប្រឡងលើកទី២នេះខេត្តកណ្តាល យកថ្នាក់វិទ្យាសាស្រ្ត ហើយការប្រឡងមានតែ ៧វិញ្ញាសារគឺ មុខវិទ្យាគីមីវិទ្យា ជីវវិទ្យា រូបវិទ្យា អក្សរសាស្ត្រ គណិតវិទ្យា ប្រវត្តវិទ្យា និងភាសារបរទេស (មានបារាំង និងអង់គ្លេស) ការប្រឡងមានរយៈពេលតែ២ ថ្ងៃប៉ុណ្ណោះ។
ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិលើកទី២ នេះនឹងតឹងរ៉ឹងដូចលើកទី១ដែរ។ នេះជាវិធានការរឹតបន្តឹងនៅពេលប្រឡងដើម្បីពង្រឹងចំណេះដឹងរបស់សិស្សដ៍ពិតប្រាកដ។ មួយវិញទៀតក៍ជាការលើកទឹកចិត្តគ្រូបង្រៀនឲ្យយកចិត្តទុកដាក់បង្រៀនសិស្សក្នុងបំណងឲ្យសិស្សខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានអនាគតល្អ។

ឯកឧត្តមបានបន្តទៀតថា ក្នុងករណីបេក្ខជនណាដែលធ្វើឲ្យខូចរបៀបរៀបរយក្នុងពេលប្រឡង ដូចជានាំសំណៅ ប្រធានវិញ្ញាសារចេញ នាំសំណៅចំលើយចូលគ្រប់រូបភាព ទូរសព្ទ័ឬលួចចំលងគ្នាត្រូវបណ្តេញចេញពីការប្រឡងដោយសំរេចឲ្យធ្លាក់ជាស្វ័យប្រវត្តិ ។ ឯកឧត្តម ក៏បានផ្តាំផ្ញើរដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ត្រូវប្រឹងឲ្យអស់សមត្ថភាព និងចំណេះដឹងរបស់ខ្លួន ក្នុងការប្រឡងលើកទី២នេះ នឹងរួមគ្នាលុបបំបាត់អំពើពុករលួយ និងបង្កើតបានទម្លាប់ថ្មី នាពេលខាងមុខសំរាប់បេក្ខជនក្រោយៗទៀត។
គួររំលឹកផងដែរថានៅសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិលើកទី១ ខេត្តកណ្តាល មានសិស្សប្រឡងជាប់ និទ្ទេស A ចំនួន២នាក់ នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ និងវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល៕
អត្ថបទដោយ៖ ក្រុមការងាររបស់សាលាខេត្តកណ្តាល
No comments:
Post a Comment