សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរ តាមយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ទៅដល់ចំណតអាកាសយានដ្ឋានអន្តរជាតិWuxu នៃទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព កាលពីវេលា ម៉ោង១១ ម៉ោងនៅសាធារណរដ្ឋប្រជាមានិតចិន ត្រូវនិងម៉ោង១០ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមពិព័រណ៌ចិន-អាស៊ាន លើកទី១១ ដែលនឹង ប្រារព្ធពិធីបើក ជាផ្លូវការនៅ ព្រឹកថ្ងៃទី១៦កញ្ញាស្អែកនេះ។
នៅចំណតអាកាសយានដ្ឋានអន្តរជាតិ Wuxu វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល រាក់ទាក់ពីឯកឧត្តម Chen Wu អភិបាលតំបន់ស្វយ័តក្វាងស៊ី លោកជំទាវ ប៊ូ ជាំងគូ ឯកអគ្គរដ្ឋទូតវិសាមញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោកជំទាវ ខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសចិន ឯកឧត្តម អ៊ឹម សុភី អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងណាននីង និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃតំបន់ស្វយ័តក្វាងស៊ី និងឥស្សរជនកាទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។
តាមកម្មវិធីដែលបានគ្រោងទុក នៅរសៀលថ្ងៃទី១៥កញ្ញានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងទទួលជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម ឯកឧត្តម ឧត្តមសេនីយ៍ Tanasak Patimapragom ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសថៃ និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម Zhang Gaoli ឧបនាយករដ្ឋមន្រ្តីទី១នៃរដ្ឋាភិបាលចិន។
No comments:
Post a Comment